បុរស​វៀតណាម​ប្រែក្លាយ​បុណ្យសព​មិត្តស្រី​ទៅ​ជា​ពិធីមង្គលការ​(វីដេអូ)

1103
ចែករម្លែក

​ពួកគេ​មាន​គំរោង​រៀបការ​ជាមួយគ្នា តែ​ហេតុការណ៍​អាក្រក់​បាន​ផ្លាស់ប្តូរ​ជោគវាសនា​របស់គេ គឺ​កូន​កម្លោះ​បែរ​ជា​ទៅ​ចូលរួម​ពី​ធី​បុណ្យសព​របស់​មិត្តស្រី​ខ្លួនឯង​ទៅ​វិញ​។​

​ដាង ធៀន អាន​(Dang Thien An)​និង​សង្សារ នៅ​សល់​ពេល​តែ​១​ខែ​ទៀត​នឹង​ចូល​រោងការ នៅពេល​នាង​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីក្រុង​ហូជីមិញ​កាលពី​​ថ្ងៃអាទិត្យ​ទី​២៥​សីហា​។​

​តែ​ដាង មិន​ទុក​អោយ​ការស្លាប់​នេះ​នាំ​យក​អ្វី​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​នាង​ទៅ​ជាមួយ​ទេ ដោយ​គាត់​បានប្រែក្លាយ​ពិធីបុណ្យ​នេះ​ទៅ​ជា​ពិធី​រៀបការ​មិនបាន​ព្រៀងទុក​មួយ​​ដោយ​មាន​តែ​ផ្កា ចិញ្ចៀន​មួយ​វង់​និង​ចម្រៀង​ស្នេហា​ឧទ្ទិស​ដល់​នាង រីឯ​ភ្ញៀវ​សុទ្ធតែ​អ្នកចូលរួម​បុណ្យសព​។​

​គូស្នេហ៍ វ័យ​២៥​ឆ្នាំ​ដូចគ្នា​នេះ បាន​ជួប​និង​ស្រឡាញ់​គ្នា​កាល​ពី​ពួកគេ​សិក្សា​នៅ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ហូជីមិញ​។​ពួកគេ​បាន​ទៅ​ធ្វើការ​នៅ​ជប៉ុន​អស់​២​ឆ្នាំ តែ​នាង​ជា​សង្សារ​​បាន​វិល​មក​វៀតណាម​កាលពី​មួយ​ខែ​មុន​ដើម្បី​ត្រៀម​ខ្លួន​ចូល​រោងការ​។​

​មិនដឹង​ចៃដន្យ​អី ដាង​ដែល​កំពុង​ធ្វើការ​នៅ​ជប៉ុន​នៅ​ឡើយ​បាន​បើក​មើល​ហ្វេ​សប៊ុក​អំពី​ហេតុការណ៍​នៅ​វៀតណាម និង​បាន​ភ្ញាក់ខ្លួន​ព្រឺ​ត​ដោយ​ឃើញ​គ្រួសារ​របស់​មិត្តស្រី​ខ្លួន​​កាន់ទុក្ខ​។​ក្រោយ​ដឹង​ដំណឹង​ភ្លាម ដាង​បាន​កក់​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​មក​វៀតណាម​ភ្លាម​និង​បាន​មក​ដល់​វៀតណាម​ចំពេល​គ្រួសារ​ខាង​ស្រី​ធ្វើ​ពិធី​បុណ្យ​សព​កាលពី​យប់​ថ្ងៃ​​អាទិត្យ​។​

​នៅក្នុង​រោងបុណ្យ ដាង​បាន​ទាញ​ចេញ​ចិញ្ចៀន​រៀបការ​និង​ដាក់​វា​មុខ​រូបថត​នាង ឌី និង​ពាក់​វា​។​ជាមួយនឹង​បាច់ផ្កា ដាង​បាន​ច្រៀង​យ៉ាង​រំជួលចិត្ត​។​តាមពិត​ដាង បាន​ត្រៀម​បទ​នេះ​សំរាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់ខ្លួន​៕​ដោយៈ​វាសនា​

កូន​កម្លោះ​បាន​ត្រឹម​បង្ហាញ​ចិញ្ចៀន​នៅមុខ​រូបថត​សព​កូនក្រមុំ​