រុស្ស៊ី​និង​តួ​ក​គី​ពិភាក្សា​អំពី​ការផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​រុស្ស៊ី​

804
ចែករម្លែក

​ទីភ្នាក់ងារសារព័ត៌មាន RIA បាន​ដកស្រង់​សម្តី​មន្ត្រី​រុស្ស៊ី​ម្នាក់​ដោយនិយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៨​សីហា​ថា រុស្ស៊ី​និង​តួ​ក​គី​កំពុង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការដឹកជញ្ជូន​យន្តហោះ​ចម្បាំង​បំបាំងកាយ Sukhoi Su-57 និង​យន្តហោះ Su-35 ទៅ​ប្រទេស​តួ​ក​គី​។​

​រុស្ស៊ី​បានចាប់ផ្តើម​ដឹកជញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល S-400 ឱ្យទៅ​ប្រទេស​តួ​ក​គី​នៅ​ឆ្នាំនេះ ក្នុង​ចំណាត់ការ​មួយ​ដែល​ធ្វើ​ល្អក់កករ​ដល់​ចំណងមិត្តភាព​របស់​តួ​ក​គី​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​ដទៃទៀត ហើយ​បាន​ជំ​រុញឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ចាប់ផ្តើម​ដក​តួ​ក​គី​ចេញពី​កម្មវិធី​ផលិត​យន្តហោះ F-35 របស់​អាម៉េរិក ដែល​តួ​ក​គី​ក៏​គ្រោង​នឹង​ទិញ​ផងដែរ​។​

​លោក​ឌី​មេ​ទ្រី ស៊ូ​ហ្គេ​វ ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្ដិការ​ប​ច្ចេកទេស​យោធា​នៃ​សហព័ន្ធរុស្ស៊ី​បាន​និយាយថា គាត់​គ្រោង​នឹង​ពិភាក្សា​អំពី​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ជាមួយ​សហការី​តួ​ក​គី​នៅ​ថ្ងៃ​ពុធ​នេះ​ក៏ដូចជា​ការបញ្ជូន​យន្តហោះ​ចម្បាំង​ប្រភេទ Su-35 ឬ Su-57 ទៅ​តួ​ក​គី​។​

​លោក​ស៊ូ​ហ្គេ​វ​និយាយថា “​ចំណាប់អារម្មណ៍​ជាច្រើន​ត្រូវបាន​បង្ហាញ ហើយ​វា​រាង​ឆាប់​បន្តិច​ហើយ​ក្នុង​និយាយ​ពី​ការចរចា​កិច្ចសន្យាលក់​។ មិនទាន់មាន​ពាក្យសុំ​ទិញ​ណាមួយ​នៅឡើយ​ទេ ការពិគ្រោះ​យោបល់​គ្នា​ត្រូវតែ​ធ្វើឡើង​ជាមុនសិន​”​។​

​ប្រធានាធិបតី​ថា​យ​យី​ប អឺ​ដូ​ហ្គា​ន បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​តួ​ក​គី​ចង់​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​ឧស្សាហកម្ម​ការពារជាតិ​ជាមួយ​រុស្ស៊ី​រួមទាំង​ការសហការ​លើ​យន្តហោះ​ចម្បាំង​ផងដែរ បន្ទាប់ពី​បាន​ពិភាក្សា​នៅ​ទីក្រុង​មូ​ស្គូ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​៕ ដោយ៖ កញ្ញាដាលីស

តួ​ក​គី​និង​រុស្ស៊ី​កំពុង​ពិភាក្សា​អំពី​ការទិញ​លក់​យន្តហោះ Su-35 របស់​រុស្ស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម