​ជំរុញ​សេវា​ព្យាបាល​លើ​សំណុំ​ឯកសារ​អ្នកជំងឺ​ជៀសវាង​ការព្យាបាល​ដោយ​ប្រថុយប្រថាន​

507
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​ធា​គ្រុយ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណ​:​គ្រូពេទ្យ​ជាតិ​បាន​ជំរុញ​ឱ្យ​គ្រូពេទ្យ​ដែល​បាន​ចុះបញ្ជី​ការ​ទាំងអស់​ចាំបាច់​ត្រូវ​ពង្រឹង​បន្ថែម​លើ​សំណុំ​ឯកសារ​ការងារ​ព្យាបាល​អ្នកជំងឺ​។​បើ​មិន​ដូច្នេះ​ទេ​យើង​នឹង​ប្រថុយប្រថាន​លើ​ការព្យាបាល​អ្នកជំងឺ​អាច​បង្ក​មាន​ផល​លំបាក​ធ្ងន់ធ្ងរ អូសបន្លាយ និង​ក៏​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង​។​

ក្នុង​ទិវា​វេជ្ជសាស្ត្រ​ស​ល្យ​សាស្ត្រ​លើក​ទី​៥​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ដែលមាន​ការចូលរួម​ពី​គ្រូពេទ្យ​មកពី​ខេត្ត​ចំនួន​ប្រាំបី ប្រមាណ​ជាង​២០០ នាក់​កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៩ លោក​ធា គ្រុយ បាន​ថ្លែងថា​សូម​ចូល​អបអរ​សារ​ទរ​និង​កោតសរសើរ​ដោយស្មោះ​។​នៃ​ការទទួលបាន​ជោគជ័យ​របស់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​គឺ​ជ័យលាភី​ជា​អង្គភាព​ផ្តល់​សេវាសាធារណ​:​គំរូ​ប្រចាំឆ្នាំ​២០១៩​។​នេះ​ជា​លទ្ធផល​ដ៏​ត្រចះត្រចង់​កើតឡើង​មន្ត្រី​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​និង​ថ្នាក់ដឹកនាំ​ទាំងអស់​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍​លើកឡើងថា​។​ប៉ុន្តែ​ទន្ទឹមនឹង​ជ័យ​ជ​ន្នះ​នេះ​និង​ដើម្បី​ពង្រឹង​បន្ថែម​លើ​សេវា​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​នោះ​គ្រូពេទ្យ​ដែល​បាន​ចុះបញ្ជី​ការ​ទាំងអស់​មិនថាតែ​គ្រូពេទ្យ​ខេត្តកំពង់ចាម​ទេ​ត្រូវតែមាន​ការងារ​មួយចំនួន​ត្រូវ​កែលម្អ​គឺ​លើ​ការងារ​សំណុំ​ឯកសារ​របស់​អ្នកជំងឺ​។​ជាការ​កែលម្អ​ជា​ចាំបាច់​បើ​មិន​ដូច្នេះ​ទេ​យើង​ជា​គ្រូពេទ្យ​នឹង​ប្រថុយប្រថាន​ក្នុងការ​ព្យាបាល​អ្នកជំងឺ​នឹង​បង្ក​ឱ្យ​អ្នកជំងឺ​លំបាក​ធ្ងន់ធ្ងរ​ជួនកាល​អាច​អូសបន្លាយ​ពេលវេលា​និង​ជួនកាល​ក៏​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​ស្លាប់​បាត់បង់​ជីវិត​ទៀត​នោះ​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​គណ​:​គ្រូពេទ្យ​ជាតិ​បានលើកឡើង​បន្ថែមថា​សំខាន់​យើង​ជា​គ្រូពេទ្យ​និង​ជា​បុគ្គលិក​ត្រូវ ត្រួតពិនិត្យ​ឡើងវិញ​នូវ​ឯកសារ​ជា​ព័ត៌មាន​អំពី​ជំងឺ ចូរ​កុំ​សរសេរ​វែង​អន្លាយ​ដូច​តែងសេចក្តី គឺ​ត្រូវ​សរសេរ​កត់ត្រា​ឱ្យបាន​ខ្លី​ចំ​បញ្ហា​និង​ងាយ​យល់​។​មួយវិញទៀត​ចាំបាច់​ត្រូវ​សរសេរ​ផងដែរ​ពី​កាលបរិច្ឆេទ​ពេលវេលា​លើ​ដប​ឬ​កំប្លោក​សេរ៉ូម​ដាក់​ព្យាបាល​អ្នកជំងឺ​ម្នាក់​និង​សរសេរ​ឱ្យបាន​ច្បាស់លាស់​ព័ត៌មាន​សម្រាប់​ផ្តល់​ថ្នាំ​ឱ្យ​អ្នកជំងឺ​ទទួលទាន​ជៀសវាង​ព័ត៌មាន​អ្នកជំងឺ​មើល​មិន​យល់ ឬ​ច្រឡំ​។​

​លោក​បាន​បន្តថា ហាម​ដាច់ខាត​មិន​អនុ​ញ្ញា​ឱ្យ​ឯកសារ​របស់​អ្នកជំងឺ​ណា​ម្នាក់ ទៅ​អ្នកផ្សេង​មើល​ឡើយ ។​បើ​លោកអ្នក​ចង់ឱ្យ​គេ​មើល​ក៏​កុំឱ្យ​និង​បើ​អ្នក​ចង់​មើល​ក៏​កុំឱ្យ​មើល ដោយ​យើង​ត្រូវ​ចេះ​ប្រើ​វិធី​ឆ្លាត​វៃ បញ្ចៀស​បញ្ហា​និង​ប្រមូល​ព័ត៌មាន​ពី​អ្នកជំងឺ​ម្នាក់ៗ​ឱ្យបាន​ច្បាស់លាស់​។​ដើម្បី​បំពេញ​ឯកសារ​ឱ្យបាន​គ្រប់គ្រាន់ ហើយ​តាមដាន​ព័ត៌មាន​បន្ថែម គឺ​មិនត្រូវ​ធ្វេសប្រហែស ឬ​ទុក​អ្នកជំងឺ​ចោល​ឡើយ​។​

​លោក​វេជ្ជបណ្ឌិត​យិន​ស៊ី​ណាត​ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បានឱ្យដឹង​ដែរ​ថា​គោលបំណង​នៃ​ការបង្កើត​វេជ្ជសាស្ត្រ​ស​ល្យ​សាស្ត្រ​ជា​រៀងរាល់​ឆ្នាំនេះ​ឡើង​គឺ​ដើម្បី​អភិវឌ្ឍន៍​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន​របស់លោក​គ្រូពេទ្យ​ម្នាក់ៗ ដើរ​ឱ្យទាន់​ការវិវត្ត​ថ្មីៗ នៃ​បច្ចេកវិទ្យា​ទំនើបៗ លើ​ពិភពលោក​។ ដើម្បី​ផ្តល់​សេវា​ពិនិត្យ ព្យាបាល ថែទាំ​ជំងឺ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ទាន់ពេលវេលា​ជូន​អតិថិជន​ជា​ប្រជាពលរដ្ឋ​។​

​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បន្តថា ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៩ នេះ​ជា​លើក​ទី​៥ នៃ​ទិវា​វេជ្ជសាស្ត្រ ស​ល្យ​សាស្ត្រ ដែល​យើង​បាន​ចាប់​បង្កើត​កាលពី​ឆ្នាំ​២០១៧​។ ដោយ​លើក​នេះ​មាន​គ្រូពេទ្យ​ចំនួន ២៤០ នាក់​បាន​អញ្ជើញ​ពី​ខេត្តកំពង់ចាម​,​ក្រចេះ​,​ត្បូងឃ្មុំ​,​ព្រៃវែង​,​ស្វាយរៀង​,​តាកែវ​,​កណ្តាល​,​និង​ខេត្តកំពង់ធំ​,៕S/​