មី​យ៉ាន់​ម៉ា ចូលរួម​សមយុទ្ធ​ជើង​ទឹក​រវាង​អាម៉េរិក​-​អាស៊ាន ទោះជា​រង​ទណ្ឌកម្ម​

717
ចែករម្លែក

​កងទ័ពជើងទឹក​មី​យ៉ាន់​ម៉ា​នឹងចូលរួម​លំ​ហាត់​ទ័ពជើងទឹក​រួមគ្នា​ជាមួយ​អាម៉េរិក​និង​សមាគម​អាស៊ាន​នៅ​សប្តាហ៍​ក្រោយ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ម្នាក់​កាលពី​ថ្ងៃ​ពុធ​​ទី​២៨​សីហា នៅក្នុង​ការបង្ហាញ​កិច្ចសហការ​យោធា​ដ៏​កម្រ​មួយ ទោះ​ជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​លើ​មេៗ​ទ័ព​របស់​ប្រទេស​នេះ​ដោយសារ​តែ​វិបត្តិ​ជន​រ៉ូ​ហ៊ីង​យ៉ា​ក្តី​។​

​ការបញ្ចូល​មី​យ៉ាន់​ម៉ា​នៅក្នុង​លំ​ហាត់​យោធា​នេះ​មិន​រំលោភ​បំរាម​របស់​អាម៉េរិក​លើ​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​និង​នាយទាហានជាន់ខ្ពស់​៣​រូប​ទៀត ចំពោះ​ការ​ទទួលខុស​​ត្រូវ​នៃ​យុទ្ធនាការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​និង​ប្រកបដោយ​ការរំលោភ​សិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ដោយ​យោធា​មី​យ៉ាន់​ម៉ា​ដែល​បាន​នាំអោយ​មាន​ការហូរ​ចេញ​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧៤០.០០០​នាក់​ទៅ​កាន់​ប្រទេស​ក្បែរ​ខាង​បង់​ក្លា​ដែស​។​

​លំ​ហាត់​យោធា​រួម​នេះ​កើតឡើង​ចំ​ពេល​អាម៉េរិក​បង្កើន​ការ​ចូល​ពាក់ព័ន្ធ​នៅក្នុង​តំបន់ និង​ភាព​តានតឹង​រវាង​ចិន​និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​អះអាង​អធិបតេយ្យភាព​​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាន់​ជាមួយ​ចិន​។​

​ហ្សរ មីន ទុន អ្នកនាំពាក្យ​ការិយាល័យ​អគ្គបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា បាន​និយាយថា​«​យើង​ត្រូវ​បាន​អញ្ជើញ​ជា​ផ្នែក​នៃ​អាស៊ាន​សំរាប់​សមយុទ្ធ​នេះ​»​។​

​សមយុទ្ធ ដែល​នឹង​ចាប់ផ្តើម​នៅក្នុង​ឈូង​សមុទ្រ​ថៃ នៅ​ថ្ងៃ​០២​កញ្ញា នឹង​ផ្តោត​លើ​បទឧក្រិដ្ឋ​និង​សន្តិសុខ ។​ចំណែក​ក្រសួងការបរទេស​អាម៉េរិក​បាន​និយាយថា លំ​ហាត់​យោធា​ជា​​មួយ​ប្រទេស​អាស៊ាន​ទាំង​១០​នេះ​ផ្តល់​ឱកាស​ធ្វើការ​រួមគ្នា​ស្តីពី​សន្តិសុខ​សមុទ្រ​នៅ​ក្នុង​តំបន់​៕​ដោយ​៖​វាសនា​

សមយុទ្ធ ដែល​នឹង​ចាប់ផ្តើម​នៅក្នុង​ឈូង​សមុទ្រ​ថៃ នៅ​ថ្ងៃ​០២​កញ្ញា នឹង​ផ្តោត​លើ​បទឧក្រិដ្ឋ​និង​សន្តិសុខ​

ទីតាំងផ្សាយពាណិជ្ជកម្ម