​ប៉េតង់ កាន់តែ​បង្កើន​ការហ្វឹកហាត់ ខណៈ​ការប្រកួត​ជើងឯក​ពិភពលោក រំកិល​កាន់តែ​កៀក​

423
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
សន្លឹក​ប្រក្រតិទិន របើក​ម្ដង​មួយ​សន្លឹកៗ ជាហេតុ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍ នៃ​ការប្រកួត​ជើងឯក​ពិភពលោក ប្រភេទ​កីឡា​ប៉េតង់ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ កាន់តែ​រំកិល​មក​កៀក ។​

​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​ពិភពលោក យុវជន និង​នារី នៅ​កម្ពុជា នា​ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃទី​១៨ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ រៀបចំឡើង​ដោយ សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការគាំទ្រ​ពី​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​ពិភពលោក​។​

ការហ្វឹកហាត់​របស់​ក្រុម​កម្ពុជា​

​ក្រុម​កីឡាករ កីឡាការិនី​ប៉េតង់ ១៦ នាក់ របស់​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា បាន​បង្កើន​ការហ្វឹកហាត់ ជា​រៀងរាល់ថ្ងៃ ដើម្បី​ត្រៀមខ្លួន​ចូលរួម ព្រឹត្តិការណ៍​ការប្រកួត​ប៉េតង់ ជ្រើសរើស​ជើងឯក​ពិភពលោក យុវជន និង​នារី ដែល​ប្រទេស​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត នា​ខែវិច្ឆិកា ខាងមុខនេះ​។​

​លោក សុខ ម៉ុង ជា​គ្រូបង្វឹក​ក្រុម​នារី បាន​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​ប្រទេស​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត តាម​គោលការណ៍ សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​ពិភពលោក ម្ចាស់ផ្ទះ អនុញ្ញាត​ឲ្យ ២ ក្រុម ចំពោះ​ក្រុម​ភ្ញៀវ​ឲ្យ​តែមួយ​ក្រុម​ប៉ុណ្ណោះ​។ ទោះបី​គេ​ធ្វើជា​ម្ចាស់ផ្ទះ ក៏​គេ​អនុញ្ញាត​ឲ្យ​ក្រុម​ភ្ញៀវ មានតែ​មួយក្រុម​ដែរ ។ ក្រុមទី​១ របស់​កម្ពុជា រួមមាន កីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រី​យ៉ា និង​កីឡាការិនី កែវ សុ​វណ្ណា ។ ចំណែក​ក្រុមទី​២ មាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម កីឡាការិនី វង ចន្ថា កីឡាការិនី ឃួន យ៉ា​រី និង​កីឡាការិនី ដួង ឌី​ណា ហើយ​គ្រូ​ប​ង្វឹ​មាន ៣ នាក់ លោកគ្រូ សុខ ម៉ុង លោកគ្រូ អ៊ឹម ផាត និង​អ្នកគ្រូ អ៊ុក លក្ខិណា​។​

ការហ្វឹកហាត់​របស់​ក្រុម​កម្ពុជា​

​លោក អ៊ុក យ៉ា​រី ជា​គ្រូបង្វឹក​ក្រុមយុវជន បាន​ប្រាប់​ឲ្យ​ដឹងថា យុវជន ក៏មាន ២ ក្រុម​ដែរ គឺ​កី​ឡករ ឃួន លី​ហ៊ កី​ឡករ កុយ សុភ​ក្ត្រា កី​ឡករ ភាព វ៉ា​ឃីម និង​កី​ឡករ គង់ កែវ​សុខា​ន់ ។ ដោយឡែក ក្រុមទី​២ មាន​កី​ឡករ ទីវ រដ្ឋា កី​ឡករ ពុធ យ៉ុ​ន​ច័ន្ទដារ៉ា កី​ឡករ វ៉ាន់ ភា​រុណ និង​កី​ឡករ ហេង ស៊ីណា ហើយ​គ្រូបង្វឹក មាន ៣ នាក់ លោក អ៊ុក យ៉ា​រី លោកគ្រូ ជ័រ គីម​ឈុន និង​អ្នកគ្រូ អ៊ុក ច័ន្ទ​ថុល ។​

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​មានប្រសាសន៍ថា កម្ពុជា​យើង មាន​វាសនា​ណាស់ ដែល​បាន​លោក ក្លូដ អា​ហ្ស៊ី​ម៉ា (Clade Azema) ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ បាន​ចូលខ្លួន មក​ពាក់ព័ន្ធ​ដោយផ្ទាល់​តែម្ដង​។​

ការហ្វឹកហាត់​របស់​ក្រុម​កម្ពុជា​

​លោក ក្លូដ អា​ហ្ស៊ី​ម៉ា បានមក​កម្ពុជា ដល់​ទៅ ៣ លើក ដើម្បី​ពង្រឹងសមត្ថភាព មន្ត្រី​បច្ចេកទេស​របស់​កម្ពុជា និង​គ្រូបង្វឹក​របស់​កម្ពុជា ឲ្យ​ចូលរួម ក្នុង​ព្រឹត្តិការណ៍​នេះ ឲ្យ​បាន​ច្រើន ។ លោក ប៊ូ ជុំ​សេរី មាន​ជំនឿ​ចិត្ត​ថា កម្ពុជា នឹង​បំពេញ​តួនាទី ជា​ម្ចាស់ផ្ទះ​បានល្អ ជាមិនខាន​ឡើយ ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ