ក្រោយ​បញ្ជូន​ទ័ព​ថ្មី​ចូល យោធា​ចិន​ប្តេជ្ញា​ចូល​រួមចំណែក​ដល់​ស្ថិរភាព​នៅ​ហុងកុង​

545
ចែករម្លែក

​អង្គភាព​ទ័ព​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ប្រចាំ​ហុងកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​សីហា បាន​និយាយថា​យោធា​ចិន​នឹង​ចូលរួម​ចំណែក​ថ្មីៗ​ដើម្បី​រក្សា​វិបុលភាព​និង​ស្ថិរភាព​នៃ​​ទឹកដី​ហុងកុង នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​និយាយតាម​សារព័ត៌មាន​ចិន ស៊ីន​ហួរ​។​

​យោងតាម​របាយការណ៍​សារព័ត៌មាន យោធា​ចិន​ឥឡូវ​បានបញ្ចប់​ការដូរ​វេន​តាម​ទម្លាប់​មួយ​នៅ​ហុងកុង ក្រោយ​ពី​ទ័ពជើងគោក អា​កាស​និង​ម៉ា​រី​ន​បាន​ចូល​ក្នុង​ទឹកដី​ពាក់​​កណ្តាល​ស្វយ័ត​នេះ​។​

​ការតវ៉ា​ប្រឆាំង​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​បានចាប់ផ្តើម​៣​ខែ​មក​នេះ​ក្រោយ​ពី​សភា​ហុងកុង​គ្រោង​ពិភាក្សា​អនុម័ត​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ ដែល​នឹង​អនុ​​ញ្ញាត​អោយ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​តុលាការ​ចិនដីគោក​។​ទោះជា​វា​ត្រូវ​បាន​ព្យួរ​ចោល និង​មេដឹកនាំ​ហុងកុង​ចេញ​មក​សុំ​ទោស ក៏​ពួក​អ្នក​ប្រឆាំង​តវ៉ា​​មិន​បាន​បញ្ឈប់​ការជួបជុំ​តវ៉ា​របស់​គេ និង​បាន​ទាមទារ​កាន់តែច្រើន​ដែល​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡា​ម ថា​មិន​អាច​ធ្វើ​តាម​បាន​។​

​កាលពី​សប្តាហ៍​មុន ការប្រឆាំង​តវ៉ា បាន​ប្រែក្លាយ​ជា​ហិង្សា ដោយ​ប៉ូលិស​បាញ់​ព្រមាន​និង​ប្រើ​រថយន្ត​បាញ់​ទឹកជា​លើកដំបូង​។​

​អាម៉េរិក​និង​អង់គ្លេស​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ហិង្សា​ក្នុង​អំឡុង​បាតុកម្ម​និង​បាន​អំពាវនាវ​អោយ​ចិន​គោរព​សិទ្ធិ​របស់​ប្រជាជន​ហុងកុង តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្រមាន​​កុំអោយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​ហៅ​សភាពការណ៍​នៅ​ហុងកុង​ថា​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​ពេល​វា​ត្រូវបាន​ប្រគល់​មក​នៅ​ក្រោម​ការគ្រប់គ្រង​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ