​មាន​គេ​ប្រាប់ថា​អភិបាលរងក្រុង​ម្នាក់​បោះបង្គោល​ព័ទ្ធ​យក​ដី​អតីត​ព្រះ​បរម​រតន​កោដ្ឋ​

996
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ដីចម្ការ​ស្រល់​និង​វាលស្មៅ​ដែលមាន​ទំហំ​ជាង​១​ហិកតា​ត្រូវ​ជន​ឈ្លៀត​ឱកាស ប្រើ​កម្មករ​បួនដប់​នាក់​បោះបង្គោល​ថ្ម​ជាង​១០០​ដើម​ព័ទ្ធ​យក​យ៉ាង​រំភើយ​។​អ្វីដែល​កាន់តែ​ហួសចិត្ត​ទៀត​នោះ​ដី​ខាងលើ​ជា​ចម្ការ​ស្រល់​ដែល​ដាំ​ដោយ​ស្នា​ព្រះ​ហ​ស្ថ​អតីត​ព្រះ​បរម​រតន​កោដ្ឋ​ថែម​ទៀតផង​។​

​ករណី​បោះបង្គោល​នេះ​ត្រូវបាន​ប្រភព​មួយ​បានឱ្យដឹងថា​បុគ្គល​ឈ្មោះ​ជ្រង​ធី​ល​មាន​តួនាទី​ជា​អភិបាលរងក្រុង​សែន​មនោ​រម្យ​រួមទាំង​ប្អូនប្រុស​ឈ្មោះ​ជ្រី​ល​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ក្នុងការ​ប​ញ្ជួ​ន​កម្មករ​ទៅ​បោះបង្គោល​ថ្ម វាទទី​យក​ដី​ចំណុច​ខាងលើ​និង​ត្រូវគេ​ប្រទះឃើញ​តាំងពី​ថ្ងៃទី​១៨​ខែសីហា​កន្លងទៅ​។​

​ក្រោយ​បែកធ្លាយ​អំពី​ការ​ហុំ​ព័ទ្ធ​ដី​ដោយ​ខុសច្បាប់​នេះ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែសីហា​២០១៩​អាជ្ញាធ​ក្រុង​សែន​មនោ​រម្យ​បានរៀបចំ​កម្លាំងចម្រុះ​ចុះ​ដក​បង្គោល​មាន​ទីតាំងនៅ​ភូមិ​អូរ​ស្ពាន​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ដក​ប្រមូលបាន​បង្គោល​ថ្ម​ជិត​១០០​ដើម​យកមក​រក្សាទុក​។​

​អភិបាលក្រុង​សែន​មនោ​រម្យ​លោក​ឡុង​វិបុល​បានឱ្យដឹងថា​ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ជ​ន​ដែល​បោះបង្គោល​លើដី​នេះ​ដើម្បី​សួរនាំ​តែ​រក​មិនទាន់​ឃើញ​ជា​របស់​នរណា​នោះទេ​។​តែ​អាជ្ញាធរ​បាន​ដក​ប្រមូល​មក​រក្សាទុក​សិន​រង់​ចាំ​ការពិនិត្យ​ឯកសារ​កាន់កាប់​របស់​ម្ចាស់​ដី​ថា​គាត់​កាន់កាប់​ដី​ចំណុច​នេះ​ពី​ពេលណា​មក​។

​បើ​គាត់​មាន​ឯកសារ​គតិ​យុទ្ធណា​ទទួលស្គាល់​ផ្លូវច្បាប់​យើង​និង​ប្រគល់ឱ្យ​គាត់​វិញ​។​ប៉ុន្តែ​ប្រសិន​យើង​គិត​ជា​ចំហ​បើ​ទីតាំង​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អះអាងថា​ជា​ដី​របស់​រដ្ឋ គឺ​យើង​សុំ​មោឃភាព​ចោល​នូវ​ឯកសារ​កាន់កាប់​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នៅ​ទីតាំង​នោះ​។​

​អភិបាលរងក្រុង​លោក​ជ្រង​ធី​ល​ដែល​រង​ការសង្ស័យ​នា​ព្រឹក​ថ្ងៃទី​២៩​សីហា​ឆ្នាំ​២០១៩​នេះ​បាន​ច្រានចោល​ការចោទប្រកាន់​និង​បដិសេធថា​លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​ឡើយ​។​ចំណែក​ឈ្មោះ​ជ្រី​ល​ដែលជា​ប្អូនប្រុស​លោក​នោះ​លោក​ពុំ​ដឹង​ទេ​។​តែ​នេះ​ជា​រឿង​បុគ្គល បើ​ប្អូន​ជាប់​ពាក់ព័ន្ធ ត្រូវតែ​ចាត់វិធានការ​។​

​សូមជម្រាបថា​សំរាប់​ដីចម្ការ​ស្រល់​មិនមាន​តែមួយ​កន្លែង​នេះនោះ​ទេ​ដែល​ត្រូវបាន​គេ​បំពាន​។​ផ្ទៃដី​ស្រល់​ច្រើន​រយ​ហិកតា​ផ្សេងទៀត ក៏ត្រូវ​បាន​គេ​ព័ទ្ធ​បង្គោល​យក​ដូចគ្នា តែ​អជ្ញាធរ​បាន​ត្រឹម​ចុះ​ដក រុះរើ មិនឃើញ​មាន​ចាប់ខ្លួន​ជន​នៅ​ពីក្រោយ​រឿងនេះ​ទាល់តែសោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម