អ្នកបញ្ជា​ទោចក្រយានយន្ត​ក្នុង​ក្រុង​កំពត​គោរព​ច្បាប់​បាន​៨៥​ភាគរយ​

413
ចែករម្លែក

ដោយ​: បូកគោ / កំពត​: មន្ត្រី​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​ក្រុង​កំពត បញ្ជាក់ថា អ្នកបញ្ជា​ទោចក្រយានយន្ត​ក្នុង​ក្រុង​កំពត​ប្រមាណ​៨៥​ភាគរយ បាន​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​។​

​ក្នុងឱកាស​ចុះ​បន្ត​ពង្រឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ លោក​វរសេនីយ៍ត្រី ឆែម ហាក់ អធិការរង​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​បាន​បញ្ជាក់ថា បន្ទាប់ពី​ការ ពង្រឹង និង​រឹតបន្តឹង​យ៉ាង​ហ្មឺ​ង​ម៉ាត់​ឃើញថា រហូតមកដល់​បច្ចុប្បន្ន​អ្នកបញ្ជា​ទោចក្រយានយន្ត ក្នុង​ក្រុង​កំពត​ប្រមាណ​៨៥​ភាគរយ បាន​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ ករណី​សំខាន់ៗ​ដែល​ពួកគាត់​អនុវត្តបាន ដូចជា អ្នកបើកបរ ព្រមទាំង​អ្នករួមដំណើរ​ជាមួយ​បាន​ពាក់មួក​សុវត្ថិភាព ម៉ូតូ​របស់​ពួកគាត់​មាន​ស្លាក​លេខ​សម្គាល់ និង​កញ្ចក់​ឆ្លុះ​មើល​ក្រោយ​ជាដើម​។​

​លោក​អធិការរង​បាន​រំលឹកថា កន្លងមក ដោយសារតែ អ្នកដំណើរ​តាម​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព និង​គ្មាន​កញ្ចក់​សម្រាប់​ឆ្លុះ​មើល​ខាងក្រោយ​បាន​បង្កឱ្យមាន ហេតុការណ៍​គ្រោះថ្នាក់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ជា​ញឹកញយ​។ ផ្តើមចេញពី​កត្តា​ទាំងនេះ​ទើប​សមត្ថកិច្ច និង​ផ្នែក​ពាក់ព័ន្ធ​នានា​តែង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ទាំង​នៅលើ​ដងផ្លូវ ក៏ដូចជា​ការបើក​វគ្គ​បណ្តុះបណ្តាល​ដើម្បីឱ្យ ប្រជាពលរដ្ឋ​បាន​ជ្រាប ហើយ​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់គ្នា​។

​លោក​វរសេនីយ៍​បាន​បញ្ជាក់ថា នៅមុននេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៨ ខែកក្កដា រហូតដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម សមត្ថកិច្ច​បាន​ចុះ​ធ្វើ​បទពិសោធន៍ គឺ​ឃាត់​ម៉ូតូ​រក្សាទុក​នា​គោលដៅ​ត្រួតពិនិត្យ រួច​តម្រូវឱ្យ​អ្នកដំណើរ​ដែល​មិនមាន​មួកសុវត្ថិភាព​ត្រឡប់​ទៅយក​មក​ពាក់​ទើប​អនុញ្ញាត​បន្តទៅ​មុខ ដោយ​មិន​ផាកពិន័យ​អ្វី​ឡើយ​។ ប៉ុន្តែ​ពេលនេះ ផ្អែក​តាម​ការណែនាំ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ សមត្ថកិច្ច​ត្រូវ​រឹតបន្តឹង​បន្ថែមទៀត គឺ​ឃាត់​អ្នកបើកបរ និង​អ្នករួមដំណើរ​ឱ្យ​រក​មួកសុវត្ថិភាព​ម​កពាក់ ហើយ​ពិន័យ​ក្នុង​ម្នាក់ៗ​១៥,០០០​រៀល ដោយ​តម្រូវ​ឱ្យទៅ​បង់​នៅ​ប៉ុស្តិ៍ ឬ​អធិការដ្ឋាន​តាម​ការកំណត់​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ