ចាប់ខ្លួន​មេដឹកនាំ​និង​ហាម​ធ្វើបាតុកម្ម ក្រោយ​ចិន​បញ្ជូនទាហាន​៦​ពាន់​នាក់​ចូល​ហុងកុង​

6802
ចែករម្លែក

​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង ​លោក ចូ​សួ វ៉ុង ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​សីហា នៅមុន​ការជួបជុំ​តវ៉ា​ប្រឆាំង​ធំ​ជា​ថ្មី​នៅ​ចុង​សប្តាហ៍​នេះ​នៅក្នុង​ទី​​ក្រុង​ហុងកុង ​ដែល​បាននិងកំពុង​ជួប​វិបត្តិ​នយោបាយ​ធំ​បំផុត​អស់​ពេល​៣​ខែ​មក​ហើយ​ចាប់តាំងពី​ទឹកដី​នេះ​ត្រូវបាន​ប្រគល់​មក​ឲ្យចិន​គ្រប់គ្រង​វិញ​កាលពី​ជាង​២​ទសវត្សរ៍​​មុន​។​

​វ៉ុង តារា​ក្នុង​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ក្នុង​ការតវ៉ា​ប្រឆាំង​អស់​៧៩​ថ្ងៃ​នៅ​ឆ្នាំ​២០១៤ ត្រូវបាន​ដោះលែង​ចេញពី​គុក​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៩ ក្រោយ​ពី​បំពេញ​​ទោស​ជាប់គុក​៥​សប្តាហ៍​ចំពោះ​ការប្រមាថ​តុលាការ​។​

​គណបក្ស​Demosisto​របស់​វ៉ុង បាន​និយាយថា​« លោក​ត្រូវបាន​ចាប់​រុញ​ចូល​រថយន្ត​ឯកជន​មួយ​នៅតាម​ផ្លូវ​។​ឥឡូវ​លោក​ត្រូវបាន​នាំ​ទៅកាន់​ស្នាក់ការ​ប៉ូលិស​នៅ​សង្កាត់​វ៉ាន ឆាយ​»​។​

ចូ​សួ វ៉ុង ត្រូវបាន​ដោះលែង​ពី​គុក​កាលពី​ខែ​មិថុនា​ក្រោយ​បំពេញ​ទោស​ជាប់គុក​៥​សប្តាហ៍ ចំពោះ​ការប្រមាថ​តុលាការ​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ចិន​បាន​នាំ​ទាហាន​ថ្មី​ចូល​ហុងកុង ​នៅក្នុង​អ្វីដែល​ខ្លួន​អះអាងថា​ជា​ការដូរ​វេន​ទាហាន​នៅ​បន្ទាយ​ហុងកុង​ទៅតាម​ទម្លាប់​ធម្មតា​។​តែ​កាសែត​រដ្ឋ​ចិន​China Daily បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទាហាន​ចិន​នៅ​ហុងកុង​មិនមែន​សម្រាប់តែ​ជា​និមិត្តរូប​ទេ ហើយ​ពួកគេ​«​គ្មាន​ហេតុផល​អ្វី​ត្រូវ​ឈរ​ឱបដៃ​មើល​» បើ​ស្ថានការណ៍​នៅ​​ក្នុង​ទីក្រុង​នេះ​កាន់តែ​អាក្រក់​ឡើង​។​

​សភាពការណ៍​នៅ​ចុង​សប្តាហ៍​នេះ​ទំនងជា​អាច​ប្រែប្រួល​ជា​ផ្ទុះ​រឿង​ធំ ក្រោយ​ប៉ូលិស​មិន​អនុញ្ញាត​ឲ្យមាន​ការជួប​ជុំ​ដើរ​ដង្ហែ​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ ​តែ​ពួក​អ្នក​រៀបចំ​បាតុកម្ម​ទំនង​​ជា​ប្រឆាំងនឹង​បម្រាម​ ​ហើយ​បើ​មិន​មាន​ការជួបជុំ​តវ៉ា​ទេ ក៏​ម្ខាងៗ​ស្ថិតក្នុង​ស្ថានភាព​តានតឹង​អារម្មណ៍​បំផុត​។​

​តាមពិត​ការ​ចល័ត​ទ័ព​រាប់ពាន់នាក់​កាលពី​ថ្ងៃ​២៩​សីហា​ចូល​ហុងកុង​ បាន​បង្ក​ការព្រួយបារម្ភ​រួចជាស្រេច​អំពី​អន្តរាគមន៍​យោធា បើ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ហុងកុង​នៅតែ​ជួបជុំ​បង្ក​​ភាពវឹកវរ​ដល់​សង្គម សេដ្ឋកិច្ច​និង​នយោបាយ​។​

​អ្នក​ហុងកុង​បាន​បើក​ភ្នែក​ធំៗ​កាលពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ នៅពេល​ទាហាន​ចិន​៦.០០០​នាក់​បាន​ចូលមក​ដល់​ទីក្រុង​ពាក់កណ្តាល​ស្វ័យភាព​នេះ ​តែ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​​របស់​ចិន​បាន​ប្រញាប់ប្រញាល់​ជូន​ដំណឹង​ថា​«​ការ​ចល័ត​ទ័ព​នេះ​ជា​ការដោះដូរ​ទាហាន​ថ្មី​ជាមួយ​ទាហាន​ចាស់​នៅ​បន្ទាយ​ហុងកុង​»​តែ​ប៉ុណ្ណោះ​គឺ​ការដូរ​វេន​លើក​ទី​២២ ​ចាប់តាំងពី​ការ​​បង្កើត​បន្ទាយ​នេះ​មក​នៅ​ឆ្នាំ​១៩៩៧​។​

​ទោះជា​វា​ជាការ​ដោះដូរ​តាម​ទម្លាប់​ធម្មតា ក៏​នាយទាហាន​ចិន​ លោក​វរ​សេនីយ៍ យ៉ាង ហ្សេ​ង បាន​និយាយថា ​ពួកគេ​«​បាន​រៀន​យល់ដឹង​អំពី​សភាពការណ៍​នៅ​ហុងកុង​» មុន​ពួកគេ​​មក​ដល់​និង​«​បង្កើន​ការហ្វឹកហាត់​ដើម្បី​ធានា​ថា​យើង​អាច​បំពេញ​ភារកិច្ច​ការ​ពារ​របស់​យើង​បាន​ពេញលេញ​»​។​

​ការមកដល់​នៃ​ទាហាន​ចិន​ថ្មី​នេះ​កើត​ឡើង​មិន​ដល់​២៤​ម៉ោង​ទេ​បន្ទាប់​ពី​ប៉ូលិស​ហុងកុង​បដិសេធ​មិន​អនុញ្ញាត​ឲ្យមាន​ការជួបជុំ​តវ៉ា​ដើរ​ដង្ហែ​នៅ​ថ្ងៃ​សៅរ៍​។​

​សូម​រំលឹក​ថា កាលពី​ចុង​សប្តាហ៍​កន្លងទៅ បាតុកម្ម​នៅ​ហុងកុង​បាន​ប្រែជា​ហិង្សា​ខ្លាំង​ ដោយ​បាតុករ​ប្រើ​គ្រាប់បែក​សាំង ដំបង ដុំឥដ្ឋ ព្រមទាំង​ដេញ​វាយ​ប៉ូលិស​ជាហេតុ​នាំ​ឲ្យប៉ូលិស​ប្រើ​រថយន្ត​បាញ់​ទឹក​និង​បាញ់​ព្រមាន​ជា​លើកដំបូង​។​មនុស្ស​៣៦​នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ថ្ងៃអាទិត្យ​តែមួយ រួម​មាន​កូន​ក្មេង​អាយុ​១២​ឆ្នាំ​ផង​៕​ដោយ​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម