មក​មើល​ទីក្រុង​សម្បូរ​មហាសេដ្ឋី​ពាន់​លាន​រស់នៅ និង​សម្បូរ​ផ្ទះ​ប្រណីតៗ​តម្លៃ​កប់​ពពក

933
ចែករម្លែក

​ទីក្រុង​ញូវយ៉ក​កាន់តំណែង​លេខ​១​ជាទី​ក្រុង​សម្បូរ​មហាសេដ្ឋី​លុយ​ពាន់​លាន​រស់នៅ​ច្រើនជាងគេ​បំផុត ជាហេតុ​នាំឱ្យ​ផ្ទះ​ប្រណីត​នៅក្នុង​ទីក្រុង​នេះ​ឡើងថ្លៃ​កប់​ពពក​។ នេះ​យោងតាម​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៧​សីហា​ពី​ក្រុមហ៊ុន​អចលនទ្រព្យ Savills Research​។

​មហាសេដ្ឋី ៨៥ នាក់ ដែល​យក​សង្កាត់ Big Apple ធ្វើជា​លំនៅដ្ឋាន​របស់​ពួកគេ រាប់​ចាប់ពី​អតីត​អភិបាលក្រុង​ញូវយ៉ក លោក ម៉ៃ​ឃើ​ល ប្ល៊ូ​ម​បឺ​ក រហូតដល់​មហាសេដ្ឋី​ថាមពល​លោក​ដេវីត កុ​ច បាន​ជួយ​រុញ​ថ្លៃ​អចលនទ្រព្យ​ឱ្យ​ឡើង​ខ្ពស់កប់ពពក​ថែមទៀត គឺ ឡើង ១៥ ភាគរយ​ក្នុងអំឡុង​រយៈពេល​៥​ឆ្នាំ​មកនេះ គឺ​ស្មើនឹង ៣.២២០ ដុល្លារ​ក្នុង​មួយ​ហ្វ៊ូ​ត​ការ៉េ ឬ ៣៤.៦៦០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ នេះ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន Savills Research​។

​ទោះ​យ៉ាងនេះ​ក្តី ក៏​តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ញូវយ៉ក​នៅតែ​ថោក​ជាង​ដី​នៅ​ទីក្រុង​ហុងកុង និង តូ​ក្យូ កន្លែង​ដែល​អចលនទ្រព្យ​លំដាប់​កំពូលៗ​មានតម្លៃ​ថ្លៃ​ជាង​ដល់​ទៅ​ពាក់កណ្តាល​ឬ​ថ្លៃ​លើស​នេះ​ទៀត​។

​អចលនទ្រព្យ​លំដាប់​កំពូល​នៅ​ទីក្រុង​ហុងកុង (​ប្រជាជន​រស់នៅ​៩​លាន​នាក់​) មានតម្លៃ ៨.៣៧០ ដុល្លារ​ក្នុង​មួយ​ហ្វ៊ូ​ត​ការ៉េ ឬ ៩០.០៩៤ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ជា​អចលនទ្រព្យ​ថ្លៃ​បំផុត​លើ​ពិភពលោក​។ តម្លៃ​ផ្ទះ​ប្រណីត​នៅ​ហុងកុង​បាន​កើនឡើង ៥១ ភាគរយ​អំឡុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​។

​តោះ​មក​មើល​តារាង​តម្លៃ​ដី​ក្នុង​មួយ​ហ្វ៊ូ​ត​ការ៉េ​នៅក្នុង​ទីក្រុង​ល្បីៗ​លើ​ពិភពលោក និង​ចំនួន​មហាសេដ្ឋី​រស់នៅក្នុង​បណ្តា​ទីក្រុង​ទាំងនោះ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម