ក្រសួង​ប្រើ​វិធានការ​មិន​ឲ្យមាន​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ច្នៃ​ពី​ភ្លុក​ឬ​ស្នែង​សត្វព្រៃ​ចាប់​ពេលនេះ​តទៅ​

699
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-ភ្នំពេញ​ ៖ ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី៣០ ​ខែសីហា​នេះ​បានចេញ​លិខិត​ជូនដំណឹង​ទៅ​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ ដែល​សង្ស័យថា​អាចមាន​ការលក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ព្រោះ​ខុស​នឹង​ច្បាប់​ព្រៃឈើ​ត្រង់​មាត្រា ៩៧ (​ចំណុច​ទី​១០) និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា ៥៩ (​ចំណុច​ទី​៥)​។ ប្រសិនបើ​ម្ចាស់​អាជីវ​កម្មដ្ឋាន មាន​លាក់ទុក​ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស​នេះ​សូម​ប្រគល់ជូន​ដល់​សមត្ថកិច្ច ហើយ ប្រសិនបើ​សមត្ថកិច្ច​រកឃើញ​និង​ចាប់បាន​នឹង​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាមច្បាប់​ជា​ចាំបាច់​»​។ នេះ​គឺជា​ការ​ថ្លែង​គូសបញ្ជាក់​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។

នេះ​ចំពោះ​វិធានការ​អនុវត្ត​ច្បាប់​ប្រឆាំងនឹង​ការជួញដូរ​វត្ថុ​អនុស្សាវរីយ៍​ជា​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​ដែល​កំពុង​កើតមាន​នៅលើ​ទឹកដី​កម្ពុជា​។ វិធានការ​ណែនាំ​នេះ​ត្រូវបាន​លោក​នេត្រ ភក្ត្រា ឱ្យដឹងថា ជា​ជំហាន​ដំបូង ក្រសួងបរិស្ថាន​បាន​ជូនដំណឹង​រួចហើយ​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន ៣២ កន្លែង​នៅក្នុង​ខេត្តសៀមរាប​និង​ខេត្ត​ព្រះសីហនុ​ថា​ការធ្វើ​ពាណិជ្ជកម្ម​គ្រប់រូប​ភាព​លើ​ភ្លុក​ដំរី និង​កុយរមាស​គឺជា​អំពើ​ខុសច្បាប់​។ ជំហាន​បន្ទាប់ ក្រសួងបរិស្ថាន​នឹង​ជូនដំណឹង​ដល់​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​មួយចំនួនទៀត​។​

​ការជូនដំណឹង​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ទាំងអស់នេះ​ត្រូវបាន​លោក​រដ្ឋលេខាធិការ គូសបញ្ជាក់​ឱ្យដឹងថា​ធ្វើឡើង​បន្ទាប់ពី​តាម​របាយការណ៍​អង្កេត​ស្រាវជ្រាវ​យ៉ាង​ដិត​សល់​របស់​កម្លាំង​មាន​សមត្ថកិច្ច​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញថា ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​មាន​លក់​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស​ដែល​ច្បាប់​ហាមឃាត់​។ ការធ្វើ​ពាណិជ្ជកម្ម​ដូចជា​ការលក់ នាំចូល​និង​នាំចេញ​នូវ​ទំនិញ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដោយ​អ្នកប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ និង​ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មានចែង​នៅក្នុង ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ជាងនេះទៀត ការកើត​មាននូវ​សកម្មភាព​ទាំង នេះ​នៅលើ​ទឹកដី​កម្ពុជា នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងនាម​ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ លើ​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​កំពុង​រងគ្រោះថ្នាក់ ក៏ដូចជា​ធ្វើឱ្យ​ខូច​កិត្តិ​ស័ព្ទ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ សកម្មភាព​ទាំងនេះ​ត្រូវ​ប្រឈម​នឹង​ការអនុវត្ត​ច្បាប់​ដ៏​តឹងរឹង​បំផុត​»​។

​ក្រសួងបរិស្ថាន​ថា ការចេញលិខិត​ជូនដំណឹង​នេះ​ដើម្បី​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​អោយ​បញ្ឈប់​ជាបន្ទាន់​នូវ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ និង​ការពង្រឹង​បន្ថែម​នូវ​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​បទល្មើស​ដើម្បី​លុបបំបាត់​ការជួញដូរ​សត្វព្រៃ​គ្រប់​រូបភាព​ទាំង​អស់ទាំង​កន្លែង​កែច្នៃ និង​កន្លែង​លក់​។ «​កម្ពុជា​ក្នុងនាម​ជា​សមាជិក អង្គការសហប្រជាជាតិ​គឺ​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​សហការ​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​ប្រទេស​ទាំងអស់ ក្នុងការ​អភិរក្ស​ន៍​ធនធានធម្មជាតិ និង​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

កម្ពុជា​បាន នឹង​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយ​កម្ពុជា​ក៏បាន​សហការ​ក្នុងនាម ជា​ដៃគូ​អន្តរជាតិ​នានា​ក្នុងការ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ដែរ​នៅលើ​ពិភពលោក​។ រាជរដ្ឋាភិបាល​កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​លើកឡើងថា គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវធ្វើ​ការងារ​រួមគ្នា​ដើម្បី​លុបបំបាត់​ការជួញដូរ​ខុសច្បាប់​នេះ​។

កម្ពុជា​បានរៀបចំ​យន្តការ ក៏ដូចជា​មានច្បាប់ និង​អនុវត្ត​ជាប្រចាំ​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​ការជួញដូ​ច​សត្វព្រៃ ខុសច្បាប់​នេះ ហើយ​បាន​បង្ក្រាប​លើ​បទល្មើស​ជាច្រើន ហើយ​រំដោះ​សត្វព្រៃ​ជាច្រើន​ពី​ក្រញាំដៃ​នៃ​ក្រុម​ជនល្មើស ព្រមទាំង​បាន​ចាប់ខ្លួន បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ក៏ដូចជា​ការផាកពិន័យ​ជា​ប្រាក់​ជាដើម​។​

​សូមបញ្ជាក់ថា​កន្លងមក អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ឃាត់​ភ្លុក​ដំរី កុយរមាស និង​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី កុយរមាស​ដែល​លួច​នាំចូល​ក្នុងប្រទេស​ក​ម្ពុ​ជា និង​លួច​នាំ​ចេញទៅ​ក្រៅប្រទេស​ជាច្រើន​ករណី​។ យោងតាម​តួលេខ​ដែល​ទទួលបាន ចាប់ពី​ឆ្នាំ​២០១៦ រហូតមក​ទល់នឹង​ចុងឆ្នាំ ២០១៨ ភ្លុក​ដំរី និង​កុយរមាស​ជាច្រើន​ពាន់​ដុំ​មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ៥ តោន ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​។

ក្រៅពីនោះ​ក៏មាន​ស្រកាពង្រូល និង​ឆ្អឹង​សត្វព្រៃ​ផ្សេងទៀត​ដែល​ត្រូវបាន​អាជ្ញាធរ​បង្ក្រាបបាន​ផងដែរ​។ បរទេស មួយចំនួន​បានស្នើ​សុំឱ្យ​មានការ​ដុត​បំផ្លាញចោល​នូវ​វត្ថុ​ដ៏​មានតម្លៃ​ទាំងនេះ ​ប៉ុន្តែកាលពី​ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ណែ​នាំឱ្យ​សមត្ថកិច្ច​ត្រូវ​រក្សាទុក​នូវ​ភ្លុក​ដំរី កុយរមាស និង​សំណាក​សត្វ​កម្រ​ដទៃទៀត​ដែល​កម្លាំង​សមត្ថកិច្ច​ក​ម្ពុ​ជា​​​បង្ក្រាបបាន​រក្សាទុក​ដើម្បី​ដាក់តាំង​ពិ​ព័រ​ណ៌​សម្រាប់​សាធារណជន​ទស្សនា និង​សម្រាប់​បម្រើឱ្យ​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផងដែរ ព្រោះនេះ​គឺជា​របស់​កម្រ​ហើយ​វា​ជា​របស់​ដែល​វា​ជិត​ដាច់​ពូជ​ទៀតផង​។ បច្ចុប្បន្ន ភ្លុក​ដំរី និង​កុយរមាស រួម​នឹង​សំណាក​សត្វ​កម្រ​ផ្សេងទៀត​ត្រូវបាន​រក្សាទុក​នៅ​កន្លែង​ដ៏​មាន​សុវត្ថិភាព​បំផុត​។

​កម្ពុជា​ក៏បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយ​នាពេល​ថ្មីៗ​នេះ តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដោយ​បានចេញ​វិធានការ​រឹតបន្តឹង​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ការនាំ​ចូល ការនាំចេញ និង​ការឆ្លងកាត់​នូវ​ភ្លុក​ដំរី កុយរមាស គ្រឿង​ចម្លាក់​កែច្នៃ​ពី​ភ្លុក​ដំរី​និង​កុយរមាស​ខុសច្បាប់ សត្វ​និង​រុក្ខជាតិ​ងាយ​រងគ្រោះ និង​បំបែក​របស់​វា​ដទៃទៀត​ដែល​ច្បាប់​ហាមឃាត់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ដោយ​ដាក់ចុះ​នូវ​វិធានការ​ចំនួន​៦​ចំណុច រួមមាន​ដូចជា ការពង្រឹង​ការសិក្សា វិភាគ វាយតម្លៃ​ព័ត៌មាន​ដែលមាន​នៅលើ​និវេទន៍​បណ្ណ អ​ញ្ញត្តិ​បណ្ណ វិក្កយបត្រ និង​ឬ​បញ្ជី​វេច​ខ្ចប់​ដើម្បី​កំណត់​មុខសញ្ញា​នៃ​ការ​នាំចូល ការនាំចេញ និង​ការឆ្លងកាត់​ខុសច្បាប់​នូវ​ទំនិញ​ហាមឃាត់​ដូចជា​ភ្លុក​ដំរី កុយរមាស គ្រឿង​ចម្លាក់​កែច្នៃ​ពី​ភ្លុក​ដំរី​និង​កុយរមាស​ខុសច្បាប់​។ នេះ​ជា​បទល្មើស​ដែល​ត្រូវជា​កម្មវត្ថុ​នៃ​ចំណាត់ការ​ផ្លូវ​តុលាការ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម