អន្តរាគមន៍​របស់​ក្រុម​សកម្មជន​អូស្ត្រាលី​បាន​ជួយ​បញ្ឈប់​ការ​និរទេស​ខ្លួន​ជនជាតិ​តា​ម៉ិ​ល​មួយ​គ្រួសារ​ទាំង​ពាក់កណ្តាល​អា​ធ្រា​ត្រ​នៅលើ​មេឃ​

438
ចែករម្លែក

​ក្រុម​សកម្មជន​អូស្ត្រាលី​បាន​ជួយ​ធ្វើ​អន្តរាគមន៍​បញ្ឈប់​ការ​និរទេស​ក្រុម​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ជនជាតិ​តា​ម៉ិ​ល​នៅ​ពាក់​កណ្តាលយប់ ខណៈ​ពួកគេ​កំពុង​ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​អូស្ត្រាលី​។ នេះ​យោងតាម​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ផ្សាយ​ថ្ងៃ​សុក្រ​ទី​៣០​សីហា​នេះ​។​

​សេចក្តី​បង្គាប់ ដែល​បាន​ប្រកាសឡើង​នៅ​ពាក់កណ្តាល​អាកាស បាន​ផ្អាក​ការ​និរទេស​ខ្លួន​លោក​ណា​ដេ​សា​លីន​ហ្កា​ម លោកស្រី​ព្រី​យ៉ា និង​កូនស្រី​ទាំងពីរ​របស់​ពួកគាត់ ទៅកាន់​ប្រទេស​ស្រីលង្កា​។​

​ករណី​របស់​ក្រុមគ្រួសារ​នេះ​បាន​បង្កឱ្យមាន​ការខឹង​សម្បារ​យ៉ាងខ្លាំង​ទូទាំងប្រទេស​អូស្ត្រាលី ចាប់តាំងពី​ខែមីនា​ឆ្នាំមុន នៅពេលដែល​អាជ្ញាធរ​បាន​ទាញ​ពួកគេ​ចេញពីផ្ទះ​របស់​ពួកគេ​នៅ​រដ្ឋ​ឃ្វី​នស៍​លែ​ន​ដោយ​បង្ខំ​។​

​អូស្ត្រាលី​បានចេញ​មុខការ​ពារ​កា​រ​បណ្តេញ​ពួកគេ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​និយាយថា ពួកគេ​មិនមែនជា​ជនភៀសខ្លួន​ទេ​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ភី​ត​ធឺ ដា​ត់​តុ​ន បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា “​ពួកគេ​ពុំមាន​សិទ្ធិ​ទទួលបាន​ការការពារ​ពី​ប្រទេស​របស់​យើង​ទេ​”​។​

​លោក​បាន​និយាយថា​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​របស់​គ្រួសារ​នេះ​ត្រូវបាន​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​និង​ច្រានចោល​ដោយ​អាជ្ញាធរ​អន្តោប្រវេសន៍​។ ការប្តឹង​ឧទ្ធរណ៍​តាមច្បាប់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ថ្មីៗ​នេះ​សម្រាប់​ឪពុកម្តាយ​និង​កូនៗ​ពួកគេ​ក៏ត្រូវ​បាន​បរាជ័យ​ដែរ​។​

​ឪពុកម្តាយ​របស់​ក្រុមគ្រួសារ​គឺ លោក​ណា​ដេ​សា​លីន​ហ្កា​ម និង លោកស្រី​ព្រី​យ៉ា បាន​ជួបគ្នា​និង​រៀបការ​នៅ​ប្រទេស​អូស្ត្រាលី​បន្ទាប់ពី​បាន​ភៀសខ្លួន​ចេញពី​សង្គ្រាមស៊ីវិល​នៅ​ស្រីលង្កា​។ កូនស្រី​ឈ្មោះ ថា​រូ​នី​កា អាយុ​២​ឆ្នាំ និង បងស្រី​អាយុ ៤ ឆ្នាំឈ្មោះ កូ​ពី​កា អ្នក​ទាំងពីរ​កើត​នៅ​អូស្ត្រាលី​។​

​សកម្មជន​ដែល​គាំទ្រ​ពួកគេ​និយាយថា ពួកគេ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ប្រសិនបើ​ពួកគេ​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​ស្រីលង្កា​វិញ ដោយសារតែ​ការជាប់​ទាក់ទង​ខាង​នយោបាយ​កន្លងមក​រប​ស់​ពួកគេ​។​

​គ្រួសារ​នេះ​បានធ្វើការ​និង​រស់នៅក្នុង​ទីក្រុង​តូច​មួយ​ឈ្មោះថា ប៊ី​ឡូឡា រយៈពេល ៣ ឆ្នាំ​មុនពេល​ពួកគេ​ត្រូវបាន​បង្ខំ​ឱ្យទៅ​មណ្ឌល​ឃុំឃាំង​កាលពី​ខែមីនា​ឆ្នាំមុន​។ ការ​ឆ្មក់​ចាប់​ពួកគេ​ទាំង​ព្រឹក​ព្រលឹម ដែល​ធ្វើឡើង​ដោយ​មន្ត្រីប៉ូលិស​ជាច្រើន​នាក់ បាន​ញ៉ាំងឱ្យមាន​ការឆ្លើយតប​យ៉ាងខ្លាំង​ក្លា​ពី​សហគមន៍​។ ញត្តិ​មួយ​សម្រាប់​ការបញ្ជូន​ពួកគេ​មក​អូស្ត្រាលី​វិញ​បាន​ទាក់ទាញ​ហត្ថលេខា​ជាង ១២ ម៉ឺន​។

  • តើ​គេ​បញ្ឈប់​ការ​និរទេស​ខ្លួន​ពួកគេ​នៅ​ពាក់កណ្តាល​អាកាស​ដោយ​របៀប​ណា​?

​ក្រុមអ្នកតវ៉ា​បាន​ទៅ​អាកាសយានដ្ឋាន​ក្រុង​មែ​ល​ប៊​ន​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ឮដំណឹង​ថា គ្រួសារ​នេះ​នឹងត្រូវ​និរទេស​ចេញពី​អូស្ត្រាលី​ក្នុង​ប៉ុន្មាន​ម៉ោង​ទៀត​។

​យន្តហោះ​ពួកគេ​ចេញដំណើរ​នៅ​ម៉ោង ២៣:០០ ប៉ុន្តែ​ពួក​មេធាវី​ទទួលបាន​ជោគជ័យ​ក្នុង​ការធានា​ទទួលបាន​បទបញ្ជា​វិនាទី​ចុងក្រោយ​ដើម្បី​ទប់ស្កាត់​ការបណ្តេញ​គ្រួសារ​លោក​ណា​ដេ​សា​លីន​ហ្កា​ម​។​

​សេចក្តី​បង្គាប់ ដែល​បញ្ជា​តាម​ទូរស័ព្ទ​ដោយ​ចៅក្រម​ម្នាក់ បាន​បង្ខំ​យន្តហោះ​ចុះចត​នៅ​ចម្ងាយ​ប្រមាណ ៣០០០ គីឡូម៉ែត្រ​ក្នុង​ទីក្រុង​ដាវី​ន នៅ​ចុង​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី នៅ​ម៉ោង ៣:០០ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សុក្រ​។ វីដេអូ​បង្ហោះ​លើ​អន​ឡាញ​បានបង្ហាញ​គ្រួសារ​នេះ​កំពុង​ត្រូវបាន​អមដំណើរ​ពី​យន្តហោះ​ដោយ​ឆ្មាំ​ការពារ​៕ ដោយ៖ កញ្ញាដាលីស

គ្រួសារ​លោក​ណា​ដេ​សា​លីន​ហ្កា​ម​ត្រូវបាន​អមដំណើរ​ត្រឡប់មក​អូស្ត្រាលី​វិញ បន្ទាប់ពី​មាន​អន្តរាគមន៍​ដើម្បី​ឃាត់​ការបណ្តេញ​ពួកគេ​ទៅ​ស្រីលង្កា

ទីតាំងផ្សាយពាណិជ្ជកម្ម