សំរាម​កកកុញ បង្ក​ភាពកខ្វក់​ដល់​អនុ​ស្ថានីយ​ទាញយក​ទឹកស្អាត​មណ្ឌលគិរី​

525
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ទីតាំង​ទុក​សម្រាប់​ទាញយក​ទឹកស្អាត​មួយកន្លែង​នៅក្នុង​ខេត្តមណ្ឌលគិរី កកកុញ​ដោយ​សំរាម​អណ្តែត​ពាសពេញ​ផ្ទៃ​ទឹក បង្ករ​ភាព​កង្វក់ អត់​អនាម័យ កើតឡើង​ដោយសារ​ការ​គ្មាន​ភាព​ទទួលខុសត្រូវ​និង​ការ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​។​

​ក្រោយ​សង្កេតឃើញ​ស្ថានភាព​បែបនេះ មន្ត្រី​នៃ​រដ្ឋាករ​ទឹកស្អាត​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ធ្វើការ​ប្រមូល​សំរាម​នៅ​ទីតាំង​អនុ​ស្ថានីយ​បំរុង​មួយកន្លែង​ត្រង់ចំណុច​អូ​ររ​គូស ក្នុងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ក្នុង​ថ្ងៃ​ចិ​ង​សប្តាហ៍​នៃ​ខែសីហា​នេះ​។​

​ទីតាំង​ខាងលើ ត្រូវបាន​គេ​បញ្ជាក់ថា​ជា​កន្លែង​ទាញយក​ទឹកស្អាត ក្នុង​រដូវប្រាំង រៀងរាល់ឆ្នាំ​។​លោក ទេស ផា​នេ​ត ប្រធាន​ផ្នែក​ផលិតកម្ម រដ្ឋាករ​ទឹកស្អាត​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា នេះ​ជា​លើក​ទី​៤​ហើយ​តាំងពី​បាន​បង្កើត​អនុ​ស្ថានីយ៍​ទឹកស្អាត ដោយ​សំរាម​ទាំងនេះ​ត្រូវបាន​ក្រុមការងារ​ធ្វើការ​ប្រមូលបាន​ចំនួន​៤​ឡាន​មកហើយ ដែល​ភាគច្រើន​ប្រភេទ​កាក់សំណល​ផ្សេង និង​សំបក​ដប​រួមទាំង​ថង់​ផ្លា​ស្ទីក ។

​លោក​បន្ថែមថា ការប្រមូល​សំរាម​នេះ គឺ​ក្នុង​គោលបំណង​សំអាត​ផ្ទៃ​អូរ ដើម្បី​យក​ទឹក​ប្រើប្រាស់​ធ្វើជា​ទឹកស្អាត សម្រាប់​ផ្គត់ផ្គង់​ពលរដ្ឋ​នា​រដូវប្រាំង លោក​ថា អូរ​រ​គូស ជា​ប្រភពទឹក​មួយកន្លែង​ដែល​មិនអាច​ខ្វះ​បាន ហើយ​អូរ​នេះ​ជាទី​កន្លែង​អនុ​ស្ថា​នី​ណ៍​បំ​រ៉ុង ដ៏​សំខាន់​សម្រាប់​កែច្នៃ​ទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​រាប់ពាន់​គ្រួសារ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។​

​ពលរដ្ឋ​ក្រុង​សែន​មនោ​រម្យ ត្រូវបាន​អជ្ញាធរ​បញ្ជាក់ថា បាន​ប្រើប្រាស់​ប្រព័ន្ធ​ទឹកស្អាត ដែល​ទាញយក​មកពី​បឹង​ទំនប់​លើ​,​បឹង​ទំនប់​ក្រោម​,​ត្រ​ពាំងមុខ​សណ្ឋាគារ​សឡា ជាដើម​។​ក្រៅពីនេះ ពលរដ្ឋ​ខ្លះ ប្រើ​ទឹក​អណ្តូង​តាម​ផ្ទះ​ដោយ​ខ្លួនឯង និង​ខ្លះទៀត​ប្រើ​ទឹកអូរ​ធម្មជាតិ​ដែលមាន​ប្រភព​ក្បែរ​ផ្ទះ​។​

​សូមជម្រាបថា មណ្ឌលគិរី​កាលពី​កំឡុង​រដូវប្រាំង ដើមឆ្នាំ​២០១៩ ប្រភពទឹក​មួយចំនួន​ដែល​ពលរដ្ឋ​អាស្រ័យ​ការបរិភោគ​នោះ​ត្រូវ​រីងស្ងួត តម្រូវអោយ​អជ្ញាធរ​ជួសជុល​អណ្តូងទឹក​ដែល​ខូចខាត ព្រមទាំង​ជីក​អណ្តូង​បន្ថែមទៀត​ផ្តល់អោយ​ពលរដ្ឋ​ផង​នោះដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម