តុលា​ការកោះហៅ​រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម​ បំភ្លឺ​រឿង​ផ្តល់​ដី​ជិត​មួយ​ម៉ឺន​ហិកតា​ ឲ្យ​ក្រុម ហ៊ុន​ផេ​ស៊ី​ហ្វ្រិ​ក ​ហ្គ្រេ​ន យ៉​ញ​-​ស្ដុក​

845
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​កាន់តែ​រាលដាល​ហើយ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច លោក​ចាន់ សា​វុ​ឌ្ឍ ត្រូវបាន​សាលាដំបូង​ខេត្តមណ្ឌលគិរី អញ្ជើញ​ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​ការផ្តល់​ដី​ជិត​មួយ​ម៉ឺន​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ​។

លោក ចាន់ សាវុឌ្ឍ(រូបឯកសារ)


​ការអញ្ជើញ​លោក​ចាន់ សា​វុ​ឌ្ឍ ចូល​ឆ្លើយបំភ្លឺ​នេះ គឺ​បន្ទាប់ពី​តុលាការ​បាន​អញ្ជើញលោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចូល​បំភ្លឺ​ពាក់ព័ន្ធ​ករណី​ដូចគ្នានេះដែរ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​។​
​ ​

យោងតាម​លិខិតអញ្ជើញ​ដែល​ចេញ​ដោយ​លោក ហៀ​ង សុភ​ក្ដ្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ បាន​អញ្ជើញលោក ចាន់ សា​វុ​ឌ្ឍ ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក ពាក់ព័ន្ធ​ករណី​ផ្តល់​ការអនុញ្ញាត​ជំហាន​ទី​១ ចំនួន​១.០០០​ហិកតា​ ក្នុង​អនុតំបន់​I , អនុតំបន់​II ចំនួន​២.០០០​ហិកតា , អនុតំបន់​III ចំនួន​២.០០០​ហិកតា , អនុតំបន់​IV ចំនួន​២.០០០​ហិកតា , អនុតំបន់​V ចំនួន​២.៧៤១​ហិកតា របស់​ក្រុមហ៊ុន ផេ​ស៊ី​ហ្វ្រិ​ក​ហ្គ្រេ​ន យ៉​ញ​-​ស្ដុក ខម​ភេ​នី​ លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី​។​
​ ​

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ គឺ​តាំងពី​ជំនាន់​លោក​ច័ន្ទ សារុន នៅ​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​ឆ្នាំ​២០១១ រហូតមកដល់​ជំនាន់​លោក​អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​។ ចំណែក​មន្ត្រី​ដែល​កោះ​ឲ្យ​ចូល​បំភ្លឺ​លើ​បញ្ហា​នេះ គឺ​បាន​អនុវត្តន៍​ទៅតាម​ចំណារ​របស់​រដ្ឋមន្ត្រី​តែប៉ុណ្ណោះ​។

​មជ្ឈដ្ឋាន​ទូទៅ​កំពុងតែ​រង់ចាំ​មើល​ថា បន្ទាប់ពី​កោះហៅ​អនុ​រដ្ឋលេខា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បំភ្លឺ​រឿង​ផ្តល់​ដី​សម្បទាន​ជិត​មួយ​ម៉ឺន​ហិកតា​​ ​តើ​នឹង​រាល​ដល់​អ្នកណា​ទៀត​?៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម