កូរ៉េខាងជើង បន្ត​វាយប្រហារ​រិះគន់ អាម៉េរិក​និង​ថា​ក្តី​សង្ឃឹម​អំពី​ការពិភាក្សា​កាន់តែ​ថយចុះ​

423
ចែករម្លែក

​អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​សៅរ៍​ទី​៣១​សីហា​បាន​វាយប្រហារ​រិះគន់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ អំពី​ការពណ៌នា​របស់​លោក​ថា​ចរិត​​របស់​កូរ៉េ​ខាងជើង​ដូច​«​ជន​អាក្រក់​» និង​បាន​ព្រមាន​ថា ក្តីសង្ឃឹម​របស់​រដ្ឋាភិបាល​ក្រុង​ព្យុ​យ៉ាងសំរាប់​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​ធ្លាក់ចុះ​ទៅ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​តាម​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ​(KCNA) អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ចូ សុន ហ៊ូ​យ បាន​និយាយថា សម្តី​គ្មាន​ការគិត​​របស់​ផ​មផេវ​បង្កើន​កំហឹង​របស់​ប្រជាជន​កូរ៉េ​ខាងជើង​ចំពោះ​អាម៉េរិក ធ្វើអោយ​វា​កាន់តែ​ពិបាក​ក្នុង​ការបន្ត​ការចរចា​កំរិត​ការងារ​អំពី​បញ្ហា​នុយគ្លេអ៊ែរ​រវាង​ប្រទេស​ទាំង​ពីរ​។​

អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ចូ សុន ហ៊ូ​យ

​មុននេះ កូរ៉េខាងជើង ក៏​បាន​ព្រមាន​ពិភពលោក​ថា ខ្លួន​នឹង​មិន​ចុះ​ញ៉ម​បន្ទាបខ្លួន​ទេ ទោះបីជា​មាន​កិច្ច​ជំនួប​ចរចា​ជាច្រើនលើក​កាលពី​ពេលមុនៗ​ជាមួយ​ប្រធានាធិបតី​​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​ក៏ដោយ ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​សារព័ត៌មាន​KCNA​របស់​កូរ៉េ​ខាងជើង​នោះ​លោក​គីម សុន ក្យុង មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​បាន​រិះគន់​ក្រុម​ប្រទេស​លោក​​ខាងលិច​ជុំវិញ​ការ​ថ្លែង​កត់សម្គាល់​ថ្មីៗ​ដែល​ធ្វើឡើង​ដោយ​ក្រុម​បេសកជន​ការទូត​នៅ​អង្គការ​សហប្រជាជាតិ​។

​កាលពី​ថ្ងៃ​អង្គារ​បេសកជន​ច្រើន​នាក់​នៃ​មកពី​ប្រទេស​ជាច្រើន បាន​ថ្កោលទោស​កូរ៉េខាងជើង​ចំពោះ​”​ការបាញ់​សាកល្បង​អាវុធ​បង្ក​បន្តបន្ទាប់​” របស់​ខ្លួន​ក្នុង​រយៈពេល​មួយ​​ខែ​កន្លងមកនេះ​។​

​ទោះបីជា​ការបាញ់​សាកល្បង​នេះ​ត្រូវបាន​ចាត់ទុក​ថា​ជា​ការរំលោភ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏ដោយ ក៏ លោក Kim Son Gyong ​ទីប្រឹក្សា​សមាគម​កូរ៉េ​-​អឺរ៉ុប​នេះ​បាន​ធ្វើការ​ព្រមាន​ដោយ​និយាយថា ប្រទេស​របស់​លោក​នឹង​មិន​ចុះចាញ់​ឡើយ​។​

​លោក​បាន​និយាយថា “​នឹង​មិន​មាន​កំហុស​ធំ​ទេ ប្រសិន​បើ​ពួកគេ​គិត​ថា​យើង​(​កូរ៉េខាងជើង​) នឹង​ត្រូវ​បង្ខំ​អោយ​បោះបង់ចោល​សិទ្ធិ​ការពារ​ខ្លួន​របស់​យើង​ក្នុង​ការធានា​សន្តិភាព​​ដោយ​ត្រូវ​សម្រប​នឹង​ការលើកឡើង​របស់​ពួគគេ​ដែល​មិន​សម​ហេតុផល​ទាំងអស់នោះ ” ។

​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ គួរតែ​បោះបង់​ចោល​របៀប​នៃ​ការគិត​និង​ការនិយាយ​គ្មាន​ហេតុផល​របស់​ពួកគេ ហើយ​ងាក​មក​ជួយ​បន្ធូរ​ភាព​តានតឹង​និង​ធានា​សន្តិភាព​​នៅ​ឧបទ្វីប​កូរ៉េ​វិញ​។​

​លោក​បាន​បន្តថា ” ប្រសិន​បើ​ពួកគេ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ វា​ជា​ការប្រសើរ​ជាង​នោះ​គឺ​នៅ​ឱ្យ​ស្ងៀម​ទៅ ហើយ​គិត​លើ​បញ្ហា​ច្របូកច្របល់​របស់​ពួកគេ ជំនួស​ទៅវិញ​ទៅ “៕​ដោយ​៖​សុខា​/​វាសនា​

ទោះបីជា លោក ដូ​ណា​ល់ ត្រា និង លោក គីម ជុង អ៊ុន បាន​ជួបគ្នា​៣​លើក​រួចមកហើយ​ក៏ដោយ ក៏​មិន​ទាន់​មាន​ដំណោះស្រាយ​សំខាន់​និង​ល្អប្រសើរ​ណាមួយ​ដែល​បាន​លេច​​ចេញ​មក​នោះ​ទេ

ទីតាំងផ្សាយពាណិជ្ជកម្ម