លើក​តម្លើង​ខ្វះ​ការប្រុងប្រយ័ត្ន ដួលរលំ​ផ្ទះ​ឈើ​សង្កត់ ជាងឈើ ២​នាក់ ស្លាប់ របួស ២ នាក់​

1247
ចែករម្លែក

បន្ទាយមានជ័យ : ក្រុម​ជាងឈើ ធ្វើ​ផ្ទះ​មួយក្រុម មាន​គ្នា ៨​នាក់ នាំគ្នា​ដូ​យ​តម្លើង​ផ្ទះ​ឈើ ប៉ុន្តែ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ផ្ទះ​ឈើ​នោះ បាន​ដួលរលំ​សង្កត់​ស្លាប់​ជាង ២ នាក់ និង​របួស ២ នាក់ ក្នុងនោះ​ម្នាក់​ធ្ងន់ ។ ឧបទ្ទវ​ហេតុនេះ បានកើត​ឡើង កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ នៅមុខ​ស្នាក់ការ សាខា​ពន្ធដារ ខេត្តបន្ទាយមានជ័យ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​ទីង សំបូរ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់​ព្រះ​ពន្លា បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​: ជនរងគ្រោះ​ដល់​ស្លាប់ ១.​ឈ្មោះ ខ្លូត សា​រួន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​មេជាង រស់នៅ​ភូមិ​ស្វាយ​ដង្គត់ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ​, ២.​ឈ្មោះ ធុច ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អង្គា​បុស្ស សង្កាត់​កោះ​ពង​សត្វ ដែរ​។ ចំណែក​ជន​រងរបួស​ធ្ងន់ ឈ្មោះ ឆាវ បួ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អង្គា​បុស្ស ដែរ​។ និង​អ្នករងរបួស​ស្រាល​ម្នាក់ទៀត សមត្ថកិច្ច​មិនទាន់​ស្គាល់ឈ្មោះ​ទេ ព្រោះ​ជា​កូនជាង ចូលធ្វើការ​ថ្មី ។​

​មេ​ប៉ុស្តិ៍​ព្រះ​ពន្លា បាន​បន្តថា មុនពេល​កើតហេតុ​នោះ គឺមាន​ក្រុម​ជាងឈើ ធ្វើ​ផ្ទះ​មួយក្រុម មាន​គ្នា ៨​នាក់ នាំគ្នា​ដូ​យ​តម្លើង​ផ្ទះ​ឈើ នៅ​ចំណុច​ខាងលើ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ទី ប្រកប​មុខ​លក់​ម៉ូតូ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។ ក្រុម​ជាង បាន​រំកិល និង​ដូ​យ​ផ្ទះ​ឈើ ដើម្បី​រៀបចំ​អិដ្ឋការ៉ូឡា ផ្នែក​ខាងក្រោម ។ ប៉ុន្តែ​ទំនងជា​ការដូ​យ ដាក់​កំណល់​ឈើ​នោះ ខុស​បច្ចេកទេស ឬ​ភ្លាត់ស្នៀត បណ្តាលឱ្យ​ផ្ទះ​ឈើ​បាន​ដួលរលំ​សង្កត់ លើ​ក្រុម​ជាង​៤​នាក់ លើ​៨​នាក់​បណ្តាលឱ្យ​រងគ្រោះ ស្លាប់​២​នាក់ របួស​២​នាក់ ដូចខាងលើ​។​

​នា​ព្រលប់​ថ្ងៃទី​១២ មីនា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បានផ្តល់​មឈូស និង​ទេយ្យទាន ដល់​កម្មវិធី​បុណ្យសព ពលរដ្ឋ​រងគ្រោះ​នេះ ហើយ​លោក ស្រេង សុផល អនុប្រធាន ស​.​ស​.​យ​.​ក​. ខេត្តបន្ទាយមានជ័យ និង​ក្រុមការងារ បាន​ដឹកជញ្ជូន​ទៅដល់​លំនៅឋាន​នៃ​សព​។​

​រីឯ​លោក ហ៊ីល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​មន្ត្រី​ក្រុង សង្កាត់ ភូមិ សមត្ថកិច្ច នា​យប់នោះ ក៏បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ ចូលរួម​រៀបចំ​បុណ្យសព ពលរដ្ឋ​ជា ជាងឈើ​ទាំងនោះ និង​ក៏​ទៅសួរសុខទុក្ខ​ជនរងគ្រោះ របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គល​បូរី​ផងដែរ ៕ដោយ:ប​.​ជ័យ​/V