យន្តហោះ​បំបាំងកាយ​អាម៉េរិក​មួយៗ​តំលៃ​ជាង​២​ពាន់​លាន​ដុល្លារ ហោះ​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​អឺរ៉ុប​យ៉ាង​អាថ៌កំបាំង​

4309
ចែករម្លែក

​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​របស់​អាម៉េរិក​ចំនួន​៣​គ្រឿង ដែល​មួយ​គ្រឿងៗ​ថ្លៃ​២,១​ពាន់​លាន​ដុល្លារ និង​ហោះ​មួយ​ម៉ោង​ត្រូវ​ចំណាយ​អស់​១៣៥.០០០​ដុល្លារ​ត្រូវ​គេ​ថត​​បាន​ក្នុងពេល​ចូលរួម​បេសកកម្ម​ហ្វឹកហាត់​នៅ​អឺរ៉ុប ពេល​ពួក​វា​ហោះ​លើ​ដៃសមុទ្រ​អង់គ្លេស​ជិត​ក្រុង​ដូ​វើ​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​B2 Spirit​នៃ​កងទ័ពអាកាស​អាម៉េរិក ដែល​អាច​ចុះ​ឡើង​ត្រង់​និង​រ៉ា​ដា​ចាប់​មិន​បាន អាច​ផ្ទុក​គ្រាប់​២០​តោន​។​វា​បាន​ទៅ​ដល់​ក្នុង​ពេលយប់​កាល​​ពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា នៅ​បន្ទាយ​កងទ័ពអាកាស​អង់គ្លេស​។​

​ពួក​វា​ស្ថិត​នៅ​អឺរ៉ុប​ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​ហ្វឹកហាត់​មួយ​របស់​អង្គការ​ណា​តូ ដែល​គ្រោង​ទុកជា​យូរ​មក​ហើយ​ជាមួយ​សម្ពន្ធមិត្ត​អឺរ៉ុប​។​

​រូបភាព​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់​២​ហោះ​ជាមួយនឹង​យន្តហោះ​ធុន​ស្រាល​F-35B ពីរ​គ្រឿង​របស់​កងទ័ព​អាកាស​អង់គ្លេស​នៅ​ជិត​ទីក្រុង​ដូ​វើ ។​វា​ជា​លើកដំបូង​ដែល​យន្តហោះ​​ទម្លាក់​គ្រាប់​អាម៉េរិក​ហ្វឹក​ហាត​ជាមួយ​យន្តហោះ​F-35 ដែល​មិន​ជា​របស់​អាម៉េរិក​។​

​យន្តហោះ​ទម្លាក់​គ្រាប់​អាម៉េរិក​ត្រូវបាន​ថត​ជាប់​ក្នុងពេល​ចូលរួម​ហោះ​ហ្វឹកហាត់​នៅ​ជិត​យន្តហោះ​ប្រយុទ្ធ​អង់គ្លេស​F-35 នៅ​ជិត​ទីក្រុង​ដូ​វើ​

​ជាមួយនឹង​ស្លាប​ប្រវែង​៥២,៥​ម៉ែត្រ និង​អាច​ធ្វើ​ដំណើរ​១៦.០០០​គីឡូម៉ែត្រ​ទើប​សាក់​សាំង​កណ្តាល​អាកាស​ម្តង ពួក​វា​ជា​យន្តហោះ​ប្រយុទ្ធ​មហា​ពិឃាត​នៃ​យុគសម័យ​នេះ​។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​អាម៉េរិក​បាន​និយាយថា «​កងទ័ពអាកាស​អាម៉េរិក​បញ្ជូន​យន្តហោះ​ផ្សេងៗ និង​បុគ្គលិក​គាំទ្រ​ទៅកាន់​អង់គ្លេស ក្នុង​អំឡុង​ខែ​សីហា​និង​កញ្ញា ឆ្នាំ​២០១៩ ហើយ​ពេល​នៅ​អង់គ្លេស​យន្តហោះ​ទាំងនេះ​នឹង​ធ្វើ​ការហ្វឹកហាត់​ជា​បន្តបន្ទាប់​នៅ​អឺរ៉ុប ។​សកម្មភាព​ហ្វឹកហាត់​ទាំងនេះ​ត្រូវបាន​គ្រោងទុក​យូរ​មក​ហើយ​»៕​ដោយ​៖​វាសនា​