​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

577
ចែករម្លែក

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ នៅក្នុង​សប្តាហ៍​ចុងខែ​សីហា​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង ក្នុងនោះ ព្រឹត្តិការណ៍​សំខាន់ៗ មានដូចជា ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន សម្ដេច​តេ​ជោ​ហ៊ុនសែន ប្រកាស​វិធានការ​ម៉ឺងម៉ាត់ កម្ចាត់​មន្ត្រី​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ និង​ពុករលួយ រួមទាំង​ការប្រកាស​ភ្នាល់​តាម​ហ្វេ​ស​ប៊ុ​ក រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​សមរង្ស៊ី ជាដើម​។

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែសីហា ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​យាង​ចាក​ចេញពី​ភ្នំពេញ ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ ថ្នាក់ដឹកនាំ​ជាតិ​កំពូលៗ បាន​យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី រួមទាំង​មន្ត្រីរាជការ​ជាច្រើន​ផ្សេងទៀត​។

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួល​ជួប​នាយក​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ក្នុងឱកាស​កិច្ចប្រជុំ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា បានដាក់​ចេញ​នូវ​ផែនការ​ជាក់លាក់ ក្នុង​ឆ្នាំ​២០២៥​ខាងមុខ នឹង​លប់បំបាត់​ទាំងស្រុង​នូវ​ជំងឺគ្រុនចាញ់ ស្របពេល​បច្ចុប្បន្ន​កម្ពុ​ជា អនុវត្តន៍​ការងារ​នេះ បាន​ជោគជ័យ តាមរយៈ​កា​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារតែ​ជំងឺគ្រុនចាញ់ បាន​រហូតដល់​ទៅ ៩៩​ភាគរយ ឯណោះ​។​

​កាលពី​ថ្ងៃទី​២៧ ខែសីហា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឈួន លី​ផៃ ប្រធានរដ្ឋសភា​ថៃ និង​ជា​ប្រធានសភា​អាយ​ប៉ា (AIPA)​លើក​ទី​៤០ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ សម្ដេច​ប្រធានរដ្ឋសភា​កម្ពុជា ហេង សំរិន បានស្នើ​ឲ្យ​រដ្ឋសភា​ថៃ ជួយ​ជំរុញ​ការ​គាំពារ​ពលករ​កម្ពុជា ចំណាកស្រុក ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ​។ ការលើកឡើង​នេះ ត្រូវបាន​សម​ភាគី​ថៃ ឯកភាព និង​គាំទ្រ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែសីហា បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆមាស លើក​ទី​២ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​។ សម្តេច បានប្រកាស​ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​មួយចំនួន ដើម្បី​កម្ចាត់​មន្ត្រី​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ និង​ពុករលួយ​។ វិធានការ​ចំពោះមុខ គឺ​ការអនុវត្ត​ច្បាប់ ដែលមាន​ស្រាប់​ឲ្យ​មាន​ប្រសិទ្ធភាព គួបផ្សំ​នឹង​ការអនុវត្ត​នីតិវិធី​ប​ង្ក​ក និង​រឹបអូស​ទ្រព្យសម្បត្តិ​ពី​មន្ត្រី ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ និង​ពុករលួយ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ នៅ​កម្ពុជា មាន​ភាព​ស្អាតស្អំ​។ សម្តេច​តេ​ជោ ក៏បាន​ដាក់បទបញ្ជា​ដោយផ្ទាល់​ឲ្យ​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បើក​ការស៊ើបអង្កេត និង​ដាក់ចេញ​វិធានការ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​អំពើពុករលួយ ក្នុង​ប្រព័ន្ធយុត្តិធម៌ ដែល​ត្រូវបាន​គេ​ដឹងថា ផ្ដើម​រូបភាព​ថ្មី កើតចេញពី​មេធាវី ដែលជា​អ្នកការពារ​ក្តី​ឲ្យ​ជនសង្ស័យ ឬ​ជនរងគ្រោះ​ផងដែរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ប៉ូលិសអន្តោប្រវេសន៍​ក​ម្ពុ​ជា បាន​អនុវត្ត​នីតិវិធី​បណ្ដេញ​ជនជាតិ​ចិន​ចំនួន ១៥០​នាក់ ទៅ​ប្រទេស​កំណើត​វិញ បន្ទាប់ពី​ត្រូវបាន​អាជ្ញាធរ​រកឃើញថា ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណែ​ត​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ បានកំណត់​ជា​យុទ្ធសាស្ត្រ សម្រាប់​ឆ្នាំ​២០១៩​។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​ហ៊ុន សែន កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្តសៀមរាប​

​កាលពី​ថ្ងៃទី​២៩ ខែសីហា កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្តសៀមរាប​។ ក្នុងឱកាស​នោះ កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​បណ្តា​អាស៊ាន​ទាំង​១០ រួមគ្នា​ប្រយុទ្ធប្រឆាំង​ទៅនឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា អាស៊ាន​ត្រូវតែ​ប្រើប្រាស់​យន្តការ​កិច្ចសហប្រតិបត្តិការ​អន្តរ​វិស័យ ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ និង​ពង្រឹង​អភិបាលកិច្ច​ល្អ ដើម្បី​សម្រេច​ការងារ​រួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ​។​

​កាលពី​ថ្ងៃទី​២៩ ខែសីហា ក្រសួងមហាផ្ទៃ បានរៀបចំ​វេទិកា ស្តីពី ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើក​ទី​៣​។ ក្នុង​វេទិកា​រៀងរាល់ ៦​ខែ​ម្តងនេះ សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅ​កម្ពុជា ចូលរួម​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​ជាតិ ដើម្បី​សេចក្ដីសុខ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​របស់​ប្រទេស​។​សម្ដេច​ក្រឡាហោម​ក៏បាន​ផ្ញើ​សារ​ទៅកាន់​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ថា ការជួបជុំ​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ពិសេស​ការគាំទ្រ និង​ទៅ​ទទួល​លោក សម រង្ស៊ី គឺជា​រឿង ដែល​ច្បាប់​មិន​អនុញ្ញាត​ឡើយ​។

​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៣០ ខែសីហា បានអនុម័ត​ទាំងស្រុង​ហើយ លើ​សេចក្តីព្រាងច្បាប់​ចំនួន​បី ក្នុងនោះ រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ សេចក្តីព្រាងច្បាប់​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ និង​សេចក្តីព្រាង​របាយការណ៍​ស្វ័យ​វាយតម្លៃ ស្តីពី​ការត្រួត​ពិនិត្យឡើងវិញ នៃ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​អំពើពុករលួយ ជុំ​ទី​២ នៅ​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣០ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ប្រសិនបើ​ចាប់ខ្លួន​លោក សម រង្ស៊ី មិនបាន​ក្នុង​រយៈពេល ២៤​ម៉ោង ពេលដែល​លោក សម រង្ស៊ី ហ៊ាន​ឈាន​ជើង ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ដូច​ការប្រកាស​មែន​នោះ​។ ប៉ុន្តែ​ភ្លាមៗ លោក​សមរង្ស៊ី ដែលជា​អ្នក​បបួល​សម្តេច​តេ​ជោ ភ្នាល់​គ្នា បែរជា​លោក​សមរង្ស៊ី ប្រែ​ក្រឡាស់ និង​ដាក់​លក្ខ​ខ័​ណ្ឌ​បន្ថែម ដោយ​យក​អ្នកគាំទ្រ​លោក មក​ធ្វើជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់​គ្នា​ទៅវិញ​។​

​កាលពី​ថ្ងៃទី​៣០ ខែសីហា ក្រសួងការបរទេស បានប្រកាសថា នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ អាយុ ៩៤​ឆ្នាំ និង​ភរិយា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែកញ្ញា​។ តាម​សេចក្ដីប្រកាស​ព័ត៌មាន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹងចូលរួម​កិច្ចប្រជុំ​ទ្វេភាគី និង​ការចុះហត្ថលេខា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី នៅក្នុង​ដំណើរ​ទស្សនកិច្ច រួម​ជាមួយនឹង​ការធ្វើ​ប​ឋ​កថា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម