មនុស្ស​ជាង​១០០​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​លើ​ពន្ធនាគារ​យេ​ម៉ែន​

404
ចែករម្លែក

​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១​កញ្ញា​ថា មនុស្ស​ជាង ១០០ នាក់​ត្រូវគេ​ជឿថា​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​ដោយ​ក្រុមចម្រុះ​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅឯ​មជ្ឈមណ្ឌល​ឃុំឃាំង​មួយ​នៅ​យេ​ម៉ែន​។​

​ក្រុមចម្រុះ​បាន​និយាយថា ខ្លួន​បាន​ផ្តោតលើ​ទីតាំង​មួយ​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ដែល “​ស្តុក​ទុក​ដ្រូ​ន​និង​មី​ស៊ី​ល​” ប៉ុន្តែ​ក្រុម​ឧទ្ទាម​និយាយថា ការវាយប្រហារ​បាន​រំលំ​អគារ ដែល​ពួកគេ​ប្រើ​ជា​ពន្ធនាគារ​។​

ICRC របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា អ្នក​ជាប់ឃុំ​ចំនួន ៥២ នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់ ខណៈ ៦៨ នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​

ICRC បាន​និយាយទៀតថា “​ការស្លាប់​និង​របួស​ភាគច្រើន​ទំនងជា​កើនឡើង ខណៈ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នៅតែ​បន្ត​”​។​

ICRC បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែងកើតហេតុ​ក្នុង​ទីក្រុង​ដា​ម៉ា​ជាមួយ​ក្រុមគ្រូពេទ្យ​និង​ថង់​ច្រក​សាកសព​រាប់រយ​។​

​លោក ហ្វ្រ​ង់ រ៉ូ​ឆិ​ន​ស្តា​ញ ប្រធាន​គណៈប្រតិភូ​រប​ស់ ICRC ប្រចាំ​ប្រទេស​យេ​ម៉ែន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ពី​ទីក្រុង​ដា​កា​ថា “​ទីតាំង ដែល​ត្រូវបាន​វាយប្រហារ ធ្លាប់​ត្រូវបាន ICRC ចុះទៅ​មើល​ពីមុន​។ វា​ជា​អគារ​សាកលវិទ្យាល័យ​ទំនេរ និង​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​ឃុំឃាំង​មួយរយៈ​មកហើយ​។ អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត​នោះ​គឺថា (​ការវាយប្រហារ​គឺ​) ទៅលើ​ពន្ធនាគារ​។ ការវាយប្រហារ​អគារ​បែបនេះ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​និង​សោកសៅ ព្រោះ​អ្នកទោស​ត្រូវបាន​ការពា​រ​ដោយ​ច្បាប់​អន្តរជាតិ​”​។​

​លោក​រ៉ូ​ឆិ​ន​ស្តា​ញ​និយាយថា មនុស្ស​ជាង​១០០​នាក់​ប្រហែលជា​ស្លាប់ ហើយ​អ្នក​នៅរស់​យ៉ាងតិច ៤០ នាក់​កំពុង​ទទួល​ការ​ព្យ​បាលរ​បួស​នៅ​មន្ទីរពេទ្យក្រុង​ដា​ម៉ា ស្ថិតនៅ​ភាគខាងត្បូង​រដ្ឋធានី​សា​ណា​។

​លោក​និយាយថា ក្រុមការងារ​របស់ ICRC ដែល​កំពុង​ប្រមូល​សាកសព ក៏​កំពុងធ្វើការ​ឥត​សម្រាក​ផងដែរ​ដើម្បី​ស្វែងរក​អ្នក​នៅរស់​ពី​គំនរ​បាក់បែក ប៉ុន្តែ​រំលឹកថា ឱកាស​ក្នុង​ការរកឃើញ​អ្នក​នៅរស់​គឺមាន​តិចតួច​ណាស់​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​ជាង​១០០​នាក់​ស្លាប់​នៅ​ពន្ធនាគារ​ក្រុង​ដា​ម៉ា​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ក្រុមចម្រុះ​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​វាយប្រហារ​តាម​ជើង​អាកាស

ទីតាំងផ្សាយពាណិជ្ជកម្ម