ដំឡូង​មី នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្នាំនេះ មានតម្លៃ​ខ្ពស់ ជាង​ឆ្នាំកន្លងមក​

1920
ចែករម្លែក

​ឧ​ត្ត​រ​មានជ័យ​៖​ដំឡូង​មី​ដែល​ប្រជាពលរដ្ឋ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដាំ​បាន​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​លក់​ចេញ​បាន​តម្លៃ​ខ្ពស់ ជាង​បណ្តា​ឆ្នាំកន្លងមក​។ ប្រការនេះ បានធ្វើ​ឲ្យ​ប្រជាកសិករ ជា​អ្នក​ដាំដំឡូង​មី មានការ​សប្បាយចិត្ត យ៉ាងខ្លាំង​។​
​ ​
​លោក​មឿ​ន សំណាង អ្នក​ដាំដំឡូង​មី នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា ឆ្នាំនេះ លោក​ដាំដំឡូង​មី បាន​ចំនួន ៤ ហិកតា​។ ដំឡូង​ទាំងនោះ លក់​ស្រស់ ក្នុង​១​គីឡូក្រាម ពី​២០០​ទៅ​២៥០​រៀល​, ដំឡូង​ក្រៀម លក់បាន​ក្នុង​១​គីឡូក្រាម ៦៥០​រៀល​។ រីឯ​កាលពី​ឆ្នាំ​កន្លងទៅ ដំឡូង​ក្រៀម ក្នុង​១​គីឡូក្រាម គឺ​លក់បាន​ត្រឹមតែ ៤៥០ ទៅ ៥០០ រៀល​ប៉ុណ្ណោះ​។ តម្លៃ​ដំឡូង​ឡើង​ខ្ពស់​នេះ បានធ្វើ​ឲ្យ​រូបគាត់ និង​កសិករ ជា​អ្នក​ដាំដំឡូង​ផ្សេងទៀត មានការ​រីករាយ​យ៉ាងខ្លាំង​។​
​ ​
​លោក​បន្តថា ឆ្នាំនេះ ដំឡូង ដែល​កសិករ​ជាច្រើន​គ្រួសារ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ផលិត​បាន​នោះ គឺ​មិន​ពិបាក​ក្នុងការ​ចំណាយលុយ ដឹកជញ្ជូន​យកទៅលក់ ដោយ​ខ្លួនឯង ដូច​ឆ្នាំមុនៗ​នោះទេ គឺមាន​ឈ្មួញ​បានដាក់​ពង្រាយ ស្នាក់ការ​ជាច្រើន​កន្លែង នៅក្នុង​ខេត្ត រង់ចាំ​ទទួល​ទិញ​ដំឡូង ពី​កសិករ​។​
​ ​
​តំណាង​ប្រជាកសិករ បាន​និយាយ​ឲ្យ​ដឹងថា បើទោះបី តម្លៃ​ដំឡូង​ឆ្នាំនេះ ហក់​ឡើង​ខ្ពស់​បន្តិច ជាង​បណ្តា​ឆ្នាំកន្លងមក យ៉ាងណា​ក៍ដោយ​ចុះ ក៍​ពួកគាត់​ដែលជា​អ្នក​ដាំដំឡូង បាន​សំណូមពរ​ឲ្យ​ឈ្មួញ​ធំៗ ទិញ​ដំឡូង​មី នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គួរ​ទិញ​ដំឡូង ក្នុងតម្លៃ​ឲ្យ​បាន​ខ្ពស់ ជាង​សព្វថ្ងៃនេះ​ទៀត​។​
​ ​
​លោក​សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ផ្ទៃដី សម្រាប់​ដាំដំឡូង​មី ចំនួន ៥៨.២៨០ ហិកតា​។ ចំពោះ​ទិន្នផល គិត​ជា​មធ្យម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅក្នុង​ផ្ទៃដី ១ ហិកតា អាច​ទទួលបាន​ទិន្នផល ចំនួន ២០,៧៨​តោន​។ ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០១៧ កន្លងមកនេះ កសិករ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដាំដំឡូង​មី បាន​ចំនួន ១.២១១.០៣០ តោន ជា​ដំឡូង​ស្រស់​។​
​ ​
​លោក​បន្តថា នៅ​ឆ្នាំ​២០១៨​នេះ ទិន្នផល​ដំឡូង​មី តាម​ការប៉ាន់ស្មាន មិនអាច​នឹង​ទទួលបាន​ទិន្នផល ដូច​ឆ្នាំ​២០១៧​នោះទេ​។ លោក​អះអាងថា ដោយសារ​ប្រជាពលរដ្ឋ មួយចំនួន បាន​យក​ដី ដែល​ធ្លាប់តែ​ដាំដំឡូង ទៅ​ដាំ​ស្វាយចន្ទី និង​ស្វាយកែវ​ល្មៀត វិញ ព្រោះ​តម្លៃ​ដំឡូង​មី នៅ​បណ្តា​ឆ្នាំកន្លងមក មិន​ឡើង​ខ្ពស់​។​
​ ​
​លោក​ប្រធាន​កសិកម្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨​នេះ ឈ្មួញ​ធំៗ ដែលជា​អ្នកទិញ​ដំឡូង បានមក​បោះ​ស្នាក់ការ ចាំ​ទិញ​ដំឡូង នៅ​ទូទាំង​ខេត្ត មាន​ចំនួន ៧០ កន្លែង​។ ប្រជាពលរដ្ឋ មាន​ភាពងាយស្រួល​ជាង​ឆ្នាំមុន​ច្រើន ដោយ​មិនបាច់​ដឹក ទៅ​លក់​នៅ​អូរ​ស្មាច់ ព្រំដែន​កម្ពុជា ថៃ ដូចពេលមុន​នោះទេ​៕​ដោយ​៖ អូរ​ស្មាច់​/V