​តុលាការ​ផ្ដន្ទាទោស​អតីត​អភិបាល​ខេត្តតាកែវ​ដាក់ ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​

762
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ហម ​ម៉េង​សែ ​នៅ​ព្រឹក​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​ឡាយ ​វណ្ណៈ​​ អតីត​អភិបាល​ខេត្តតាកែវ​ ​ដោយ​ដាក់ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​​ ពីបទ​ឃាតកម្ម​ តាម​មាត្រា​១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ ​ពាក់ព័ន្ធ​ការសម្លាប់​ស្រី​កំណាន់​ ចេ​វ​ សុ​វ​ឌ្ឍ​នា ។

​ជាមួយគ្នានេះ​តុលាការ​ក៏បាន​សម្រេច​ផ្ដន្ទាទោស​លោក​ឡាយ ​ណា​រិ​ទ្ធ​ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ​ ជា​បង​បង្កើត​របស់លោក​ឡាយ វណ្ណៈ ដាក់ពន្ធនាគារ​១០​ឆ្នាំ​ផងដែរ ។ ចំណែក​ឈ្មោះ ជឹម វុ​ធ និង​ឈ្មោះ​ម៉ែន​សា​ម៉ៃ​ត្រូវដាក់​ពន្ធនាគារ​កំណត់​ម្នាក់ៗ​២​ឆ្នាំ​ ក្រោម​ការចោទប្រកាន់​ពីបទ​លាក់កំបាំង​តម្រុយ​ តាម​មាត្រា​៥៣២​​ ​នៃ​ក្រមព្រហ្មទណ្ឌ​។​តុលាការ​មិនបាន​បង្គា​ប់​ឱ្យ​ជនជាប់ចោទ​សង​សំណង​រដ្ឋប្បវេណី​ទៅ​គ្រួសារ​ជនរងគ្រោះ​ទេ​ ដោយសារ​គ្រួសារ​ជនរងគ្រោះ​មិន​ដាក់ពាក្យ​ប្ដឹង​ក្នុង​សំណុំ​រឿងនេះ ។​

​ក្នុងពេល​សវនាការកន្លងទៅ ជនជាប់ចោទ​ឡាយ​វណ្ណៈ​ បាន​បដិសេធថា​ពុំបាន​សម្លាប់​ស្រី​កំណាន់​នាង ចេ​វ សុ​វ​ឌ្ឍ​នា ទេ ដោយ​សុំឱ្យ​តុលា​ការរក​យុត្តិធម៌ ។ ជាការ​កត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ ហ៊ាន​ស្បថ​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​”​បើ​ខ្ញុំ​បានសម្លាប់​សង្សារ​មែន ​សូមឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​បរាមុខ​ខ្ញុំ​។​ឱ្យ​ខ្ញុំ និង​ប្រពន្ធ​កូន​ស្លាប់​តៃហោង និង​ធ្លាក់​នរក​៩​ជាន់​អត់​ចាប់ជាតិ​ទៅ​ចុះ​”​។ ប៉ុន្តែ​មន្ត្រី​ជំនាញ រកឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម មុន​ឃាតក​រយក​សព​ទៅ​ព្យួរ​ក ជាប់​បង្អួច ។​

ករណី​ឃាត​កម្មនេះ​ដំបូង ​ឡើយ​ត្រូវបាន​សមត្ថកិច្ច​ខេត្តតាកែវ​សន្និដ្ឋានថា​ជា​រឿង​អត្តឃាត ​ព្រោះតែ​វិបត្តិ​ស្នេហា​។​ប៉ុន្ដែ​ក្រោយពី​បើក​ការស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​រកឃើញថា ​ករណីនេះ​មិនមែនជា​រឿង​អត្តឃាត​ឡើយ ​គឺជា​រឿង​ឃាតកម្ម​ដោយមាន​អ្នកបញ្ជា​និង​រៀបចំ​ទុក​សម្លាប់​ជនរងគ្រោះ​។​

​លោក​ឡាយ​វណ្ណៈ​,​លោក​ឡាយ​ណា​រិ​ទ្ធ ​អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ​ត្រូវជា​បងប្រុស​បង្កើត​លោក​ឡាយ​វណ្ណៈ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៨ ​តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​។​

​ដោយឡែក​ឈ្មោះ​ម៉េ​ន​សា​ម៉ៃ​ អាយុ​៣៦​ឆ្នាំ​និង​ឈ្មោះ​ជឹម​វុ​ធ​ អាយុ​៤១​ឆ្នាំ ​ជាប់ចោទ​ពីបទ​លាក់​បំបាំង​តម្រុយ តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម