អ្នក​ប្រឆាំង​តវ៉ា​ផ្តោត​លើ​រថភ្លើង​និង​អំពាវនាវ​ធ្វើ​កូដកម្ម​ទូទៅ​

944
ចែករម្លែក

​ពួក​អ្នក​តវ៉ា​នៅ​ហុងកុង​បានធ្វើអោយ​ការធ្វើដំណើរ​តាម​រថភ្លើង​នៅ​ពេល​ព្រឹក​ដែល​មាន​អ្នកដំណើរ​ណែនណាន់​ក្លាយជា​ចលាចល​កាលពី​ថ្ងៃ​ចន្ទ​ទី​០២​កញ្ញា​ដោយ​ទំនង​ជា​បង្ក​​បង្កើតបាន​ជា​ការប្រឈមមុខ​នៅ​ថ្ងៃ​ថ្មី​ទៀត បន្ទាប់​ពី​ភាពវឹកវរ​កាលពី​ចុង​សប្តាហ៍​។​

​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​បាន​ស្ថិត​ក្នុង​វិបត្តិ​តវ៉ា​ទាមទារ​អស់​ពេល​៣​ខែ​មក​ហើយ ដោយ​ភាគច្រើន​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នេះ​បង្ក​ភាព​ហិង្សា​នៅ​តាម​ដង​វិថី​និង​ទី​​តាំង​គមនាគមន៍​សាធារណៈ​នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ​។​

​ក្នុង​កម្ម​ភាព​របស់​គេ​កាលពី​ថ្ងៃ​ចន្ទ ពួក​អ្នក​ប្រឆាំង​តវ៉ា​ដែល​ពាក់​ខ្មៅ បាន​ឈរ​ពាំង​ផ្លូវចេញចូល​ទូរ​រថភ្លើង នៅ​ស្ថានីយ​រថភ្លើង​ជាច្រើន​ក្នុង​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅពេល​​ព្រឹក ជាហេតុ​នាំ​អោយ​មាន​ការ​ពន្យារ​ពេល​ចេញ​ដំណើរ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ក៏​អំពាវនាវ​អោយ​មាន​កូដកម្ម​ទូទៅ​នៅ​ថ្ងៃ​ចន្ទ នៅ​ពេល​ពួក​និស្សិត​សកល​វិទ្យាល័យ​ក៏​គ្រោង​ជួបជុំ​ទាមទារ​នៅ​ពេល​រសៀល​។​

​ការតវ៉ា​ប្រឆាំង​ជាប់ៗ​គ្នា​អស់​៣​ខែ​មក​នេះ​ដំបូង​បង្ក​ឡើង​ពី​ការប្រឆាំង​នឹង​ការជំរុញ​អនុម័ត​ច្បាប់​បត្យាប័ន​មួយ ដែល​នឹង​អនុញ្ញាត​អោយ​មាន​ការចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក​។​

​សូមបញ្ជាក់​ថា ហុងកុង​ជា​ទីក្រុង​ពាក់កណ្តាល​ស្វ័យភាព​ក្រោម​ក្របខណ្ឌ​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ដែល​ផ្តល់អោយ​ពលរដ្ឋ​នូវ​សិទ្ធិ​ដែល​មិន​មាន​នៅ​ចិនដីគោក​។​ចិន​បាន​សន្យា​ផ្តល់​​អោយ​ពលរដ្ឋ​ហុងកុង​នូវ​សិទ្ធិ​នេះ​ក្រោយ​ខ្លួន​បាន​ទទួលយក​វា​មក​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​។​តែ​ការ​សឹក​រិល​សិទ្ធិ​ទាំងនេះ ជា​កម្លាំង​ជំរុញ​មួយ​នៅ​ពីក្រោយ​ការប្រឆាំង​តវ៉ា​នាពេល​​បច្ចុប្បន្ន​។​

​ឥឡូវ ទោះ​ជា​ច្បាប់​បត្យាប័ន​នេះ​ត្រូវ​ប្រកាស​ផ្អាក​ចោល តែ​ពួក​បាតុករ​ទាមទារ​អោយ​លុប​វា​ចោល​ទាំងស្រុង​ហើយ​បន្ថែម​ទាមទារ​អោយមាន​ការបោះឆ្នោត​តាម​បែប​ប្រជា​ធិប​​តេ​យ្យ​សំ​រាប់ក្រុម​មេដឹកនាំ​និង​សភា​ហុងកុង​និង​ធ្វើ​ការស៊ើបអង្កេត​ចំពោះ​ការប្រព្រឹត្ត​របស់​ប៉ូលិស​លើ​អ្នក​ប្រឆាំង​តវ៉ា តែ​ការទាមទារ​ទាំងនេះ​មិន​ត្រូវបាន​អាជ្ញាធរ​ហុងកុង​ឆ្លើយ​​តប​ទេ​។​

​កាលពី​ថ្ងៃអាទិត្យ ជើងហោះហើរ​រាប់សិប​ត្រូវ​បាន​លុបចោល ក្រោយ​ពួក​បាតុករ​រាំងខ្ទប់​ផ្លូវ​ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន ហើយ​កាលពី​ថ្ងៃ​សៅរ៍ ពួក​បាតុករ​ក្បាលរឹង​បាន​ប្រព្រឹត្ត​​ដូច​កម្រោលចូល​ដោយ ដុត​អោយ​ឆេះ​នៅ​តាម​ដង​វិថី និង​ចោល​គ្រាប់បែក​សាំង​ដាក់​ប៉ូលិស​។​ប៉ូលិស​បាន​ឆ្លើយតប​ដោយ​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក ដំបង​និង​ការបាញ់ទឹក​គីមី​៕​ដោយ​៖​វាសនា​

ប៉ូលិស​ចូល​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី ក្រោយ​ពួក​បាតុករ​បិទផ្លូវ​ទៅកាន់​អាកាសយានដ្ឋាន​ហុងកុង​

ទីតាំងផ្សាយពាណិជ្ជកម្ម