ខ្មាន់កាំភ្លើង​នៅ​តិច​សាស​សម្លាប់​មនុស្ស​៧​នាក់​និង​បង្ក​របួស​២២​នាក់​

515
ចែករម្លែក

​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១​កញ្ញា​ថា ខ្មាន់កាំភ្លើង​ម្នាក់ ដែល​បាន​ប្រើ​កាំភ្លើង​វែង​ប្រភេទ AR នៅ​ភាគ​ខាងលិច​នៃ​រដ្ឋ​តិច​សាស​បាន​បាញ់សម្លាប់​មនុស្ស ៧ នាក់​និង​បង្ក​របួស ២២ នាក់​ផ្សេងទៀត​រួមទាំង​ក្មេង​តូច​ម្នាក់ មុនពេល​គាត់​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​។​

​ប៉ូលិស​បាន​និយាយថា ការបាញ់ប្រហារ​ដ៏​ធំ​លើក​ទី ២ នៅ​រដ្ឋ​តិច​សាស​ក្នុង​រយៈពេល ៤ សប្តាហ៍​មកនេះ បានចាប់ផ្តើម​នៅ​រសៀល​ថ្ងៃ​សៅរ៍ នៅ​ចំណុច​ភ្លើងស្តុប​ចរាចរណ៍​មួយ ហើយ​បានបញ្ចប់ នៅពេល​ជនសង្ស័យ​ជា​បុរស​ស្បែក​ស​អាយុ​ខ្ទង់ ៣០ ឆ្នាំ ត្រូវបាន​បាញ់​ស្លាប់​នៅក្នុង​ចំណតរថយន្ត​នៃ​រោងភាពយន្ត​មួយកន្លែង​។​

​ប៉ូលិស អ្នកបើកបរ​យានយន្ត និង​អ្នកដើរ​ទិញ​អីវ៉ាន់​ទាំងអស់ បាន​ជាប់​នៅក្នុង​ភាពវឹកវរ​នេះ ដែល​បាន​កើតឡើង​នៅ​ចន្លោះ​ទីក្រុង Odessa និង​ទីក្រុង Midland ក្នុងអំឡុង​ទិវា​ពលកម្ម​ដ៏​មមាញឹក​កាលពី​ចុង​សប្តាហ៍​។​

​អាជ្ញាធរ​បាន​និយាយថា ខ្មាន់កាំភ្លើង​ជា​អ្នក​ដែល​ប៉ូលិស​ស្គាល់មុខ​ច្បាស់ និង​ជា​អ្នករស់នៅ​ក្នុងស្រុក​។ អាជ្ញាធរ​បាន​និយាយថា​ការស៊ើបអង្កេត​នៅតែ​បន្ត ប៉ុន្តែ​មិនមាន​ទំនាក់ទំនង​ជាក់ស្តែង​ណាមួយ​ចំពោះ​អំពើ​ភេរវកម្ម​ក្នុងស្រុក​ឬ​អន្តរជាតិ​ទេ​។​

​លោក​ម៉ៃ​ឃើ​ល ហ្គឺ​ក ស្នងការ​ប៉ូលិស​ក្រុង Odessa បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា “​មិនមាន​ចម្លើយ​ច្បាស់លាស់​ណាមួយ​ទាក់ទង​នឹង​ហេតុផល​ឬ​បំណង​នៅពេលនេះ​នៅឡើយ​ទេ ប៉ុន្តែ​យើង​ច្បាស់​ណាស់​ថាជ​នង​សង្ស័យ​ប្រព្រឹត្ត​តែម្នាក់ឯង​”​។​

​លោក​ហ្គឺ​កបាន​និយាយថា​ជនរងគ្រោះ ៧ នាក់​ត្រូវបាន​សម្លាប់​និង ២២ នាក់​រងរបួស​ហើយ​គាត់​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​។ ប៉ូលិស​៣​នាក់​ក៏បាន​រងរបួស​ផងដែរ ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម