ចាប់ពី​ថ្ងៃទី​០១​មេសា សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ ឃុំ​សង្កាត់ មន្ត្រី​ភូមិ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ឡើង​ប្រាក់ខែ​

2596
ចែករម្លែក

(ភ្នំពេញ)៖ មិន​ខុសពី​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​នោះទេ គឺ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៨ តទៅ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ ឃុំ​សង្កាត់ មន្ត្រី​ភូមិ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ត្រូវ​ឡើង​ប្រាក់ខែ​១​កម្រិត​ទៀត​។

អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ បង្ហាញថា ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំពោះ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​មន្ត្រី​ភូមិ ត្រូវបាន​ដំឡើង និង​កំណត់ ដូចខាងក្រោម​៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ច្រើនឡើង​ជាង និង​ត្រូវ​ដំឡើង​ដល់ ១៣៦០០០០ រៀល​។ សមាជិក​ក្រុមប្រឹក្សា​រាជធានី និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ចំនួន ១០៨៥០០០ រៀល​។ ប្រធាន​ក្រុមប្រឹក្សា​ក្រុង ប្រធាន​ក្រុមប្រឹក្សា​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ចំនួន ១០៧៥០០០ រៀល​។ សមាជិក​ក្រុមប្រឹក្សា​ក្រុង សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ ចំនួន ៨៦០០០០ រៀល​។ មេឃុំ​ចៅសង្កាត់ ចំនួន ១០៣០០០០ រៀល​។ ជំទប់​ទី​១ ចៅសង្កាត់រង​ទី​១ ជំទប់​ទី​២ និង​ចៅសង្កាត់រង​ទី​២ ចំនួន ៨០០០០០ រៀល​។ សមាជិក​ក្រុមប្រឹក្សាឃុំ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ចំនួន ៧០០០០០ រៀល​។ មេភូមិ ចំនួន ២៥០០០០ រៀល​។ អនុប្រធាន​ភូមិ ចំនួន ២០០០០០ រៀល និង​សមាជិក​ភូមិ ចំនួន ១៨០០០០ រៀល​។​

​ក្នុង​អនុក្រឹត្យ​ដដែល ក៏បាន​កំណត់​ដំឡើង និង​កំណត់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំពោះ​ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត ប្រធាន​ផ្នែក អនុប្រធាន​ផ្នែក​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ខេត្ត និង​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង ស្រុក ខណ្ឌ ដែល​រួមមាន​៖ ប្រធាន​ការិយាល័យ​​ប្រជាពលរដ្ឋ​រាជធានី ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ចំនួន ១៣៦០០០០ រៀល​។ អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ចំនួន ១០៨៥០០០ រៀល​។ ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក និង​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខណ្ឌ ចំនួន ១០៧៥០០០ រៀល​។ ប្រធាន​ផ្នែក​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ខេត្ត ចំនួន ៥៤០០០០ រៀល និង​អនុប្រធាន​ផ្នែក​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ខេត្ត ចំនួន ៥២០០០០ រៀល​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ចំនួន ៥ ដើម្បី​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ សមាជិក​ក្រុ​ប្រឹក្សា ព្រមទាំង​លុយ​ឧបត្ថម្ភ​ពេល​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូន​មន្ត្រីរាជការ​ទូទៅ​។​

​អនុក្រឹត្យ​ទាំង ៥​នោះ រួមមាន​៖ ១-​ដំឡើង​ប្រាក់បៀវត្សរ៍​កងទ័ព ២-​ដំឡើង​បៀវត្សរ៍​នគរបាលជាតិ ៣-​ដំឡើង​បៀវត្សរ៍​មន្ត្រីរាជការ​ទូ​ទៅ ៤-​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ ក្នុងឱកាស​ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ និង​៥-​ការកែប្រែ និង​ការដំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំពោះ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ឃុំ​សង្កាត់ មន្ត្រី​ភូមិ និង​ការិយាល័យ​ប្រជាពលរដ្ឋ រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​សូម​រម្លឹកថា រាជរដ្ឋាភិបាល បានសម្រេច​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ក្នុង ១​ឆ្នាំ ត្រូវ​ឡើង ២​ដង គឺ​នៅ​ខែមករា និង​នៅ​ខែមេសា​។ ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល ដែល​ត្រូវ​តម្លើង​នោះ គឺ​ទាប​បំផុត ចំនួន ១​លាន​រៀល​។ ប្រាក់ខែ​មន្ត្រីរាជការ សព្វថ្ងៃនេះ ក៏ត្រូវ​បើក​នៅ​ចន្លោះ​ថ្ងៃទី​២៣-២៨ រៀងរាល់ខែ ហើយ​បើក​តាម​ធនាគារ​។ រីឯ​ប្រាក់ខែ​នៅ​ខែមេសា គឺ​បើក​មុន​ចូលឆ្នាំថ្មី ប្រពៃណីជាតិ រួមទាំង​ប្រាក់ឧបត្ថម្ភ ម្នាក់ ៥​ម៉ឺន​រៀល ហើយ​ប្រាក់ខែ​មន្ត្រីរាជការ នៅ​ខែឧសភា នឹងត្រូវ​បើក​នៅ​ចុងខែ​មេសា បន្ទាប់ពី​ចូលឆ្នាំ​រួច​៕ ដោយ៖ ម៉េងឆៃ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ