ស្លាប់​៨​នាក់ បាត់​ខ្លួន​២៦​នាក់​ក្នុង​ហេតុការណ៍​ឆេះ​កប៉ាល់​កម្សាន្ត​នៅ​កាលីហ្វ័រ​ញ៉ា​

323
ចែករម្លែក

​ប៉ូលិស​ក្នុង​តំបន់​ម្នា​ក់បាន​និយាយថា មនុស្ស ៨ នាក់​ត្រូវ​បានប្រកាស​ស្លាប់​ដោយសារ​អគ្គីភ័យ​នា​ព្រឹក​ទៀបភ្លឺ ដែល​បាន​ពន្លិច​កប៉ាល់​មួយ​នៅក្បែរ​កោះ​មួយ​នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា និង ២៦ នាក់​ផ្សេងទៀត​នៅលើ​កប៉ាល់​ដឹក​ភ្ញៀវ​មុជទឹក បាន​បាត់​ខ្លួន​។

​ឆ្មាំ​សមុទ្រ​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អគ្គីភ័យ​បាន​ឆាបឆេះ​នៅលើ​កប៉ាល់ Conception ប្រវែង ២៣ ម៉ែត្រ នៅ​ម៉ោង​ប្រហែល ៣ និង ១៥ នាទី​ទៀបភ្លឺ​ថ្ងៃអាទិត្យ​ទី​១​កញ្ញា​។​

​ក្រុមមន្ត្រី​បាន​និយាយថា អ្នកដំណើរ​បាន​ដេក​នៅក្នុង​ជាន់​ក្រោម​នៃ​កប៉ាល់ ខណៈដែល​សមាជិក​នាវិក ៥ នាក់​ស្ថិតនៅលើ បាន​រត់គេចខ្លួន​។​

​ក្រុមមន្ត្រី​បាន​និយាយថា ឆ្មាំ​សមុទ្រ​បាន​ឆែក​មើល​តាម​ឆ្នេរសមុទ្រ​នៃ​កោះ​សាន់​តា​គ្រូ​ស​សម្រាប់​អ្នក​នៅ​រស់រានមានជីវិត​ផ្សេងទៀត ប៉ុន្តែ​មិនបាន​រកឃើញ​នរណាម្នាក់​ទេ​។​

​ប្រធាន​ក្រុម​ឆ្មាំ​សមុទ្រ​លោកស្រី​ម៉ូ​នី​កា រ៉ូ​ឆេ​ស្ទើ​បាន​ប្រាប់​សន្និសីទកាសែត​ថា “​នេះ​មិនមែនជា​ថ្ងៃ​ដែល​យើង​ចង់​ក្រោក​មក​ឃើញ​នៅ​ទិវា​ពលកម្ម​នោះទេ ហើយ​វា​ជា​ព្រឹត្តិការណ៍​សោកនាដកម្ម​”​។​

​លោកស្រី​បាន​និយាយថា “​យើង​នឹង​ស្វែងរក​ពេញ​មួយ​យប់​រហូតដល់​ព្រឹក ប៉ុន្តែ​ខ្ញុំ​គិតថា​យើងទាំងអស់គ្នា​គួរតែ​ត្រៀមលក្ខណៈ​ទទួលយក​ល​ទ្ធ​ផល​អាក្រក់​បំផុត​”៕ ដោយ៖ កញ្ញាដាលីស