ស្នើសុំ​ថវិកា​ជាង​៥៦​ម៉ឺន​ដុល្លារ​ផ្តល់ជូន​មន្ត្រី​មាន​ស្នាដៃ​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

1947
ចែករម្លែក

(​ភ្នំពេញ​)៖​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្នើសុំ​គោលការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្តល់​ថវិកា​ជាង​៥៦​ម៉ឺន​ដុល្លារ​ដើម្បី​ផ្តល់រ​ង្វាន់​លើក​​ទឹកចិត្ត​ដល់​អង្គភាព​និង មន្ត្រី​អនុវត្ត​ច្បាប់​ដែលមាន​ស្នាដៃ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​​លើក​ទី​១ ។ ជាមួយនេះ​ក៏មាន​ការស្នើ​ផ្តល់​ឥស្សរិយយស​និង​ប័ណ្ណសរសើរ​ដល់​អង្គភាព គ្រឹះស្ថាន​ឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស ផងដែរ​។

​កិច្ចប្រជុំ​ស្នើ​គោលការណ៍​ផ្តល់​ថវិកា​នេះ នឹង​ធ្វើឡើង​នៅក្នុង​សប្តាហ៍​នេះ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​១​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​​ខុសច្បាប់​លើក​ទី​១ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ បានស្នើ​គោលការណ៍​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​១​ផ្តល់​រង្វាន់​ស្ថាប័ន​អង្គភាព​ដែលមាន​ស្នាដៃ​អនុវត្ត​ផែនការ​​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ ។

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង ថា ក្នុង​រយៈពេល​៦​ខែ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​​លើក​ទី​១ (​ពីថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) កន្លងទៅ គ្រប់​ស្ថាប័ន​អង្គភាព​និង​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​​អស់ បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​វិធានការ​នានា ដែល​បានកំណត់​នៅក្នុង​ផែនការ​យុទ្ធនាការ ទៅតាម​ភារកិច្ច​ទទួលខុសត្រូវ​រៀងៗ​ខ្លួន ។ សកម្មភាព​ដែល​កត់សម្គាល់​នោះ គឺ​ការអនុវត្ត​វិធានការ​អនុវត្ត​ច្បាប់​ដែល​ក្នុង​រយៈពេល​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​សរុប​ចំនួន ៤១៥៥ ករណី ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ១២០.៦៣១.២១​ក្រាម ចាប់ខ្លួន​ចំនួន​៩២៩៨​នាក់ (​ជួញដូរ ៤៧២៨​នាក់ និង​ប្រើប្រាស់ ៤៥៦៥​នាក់​)​។​​ក្នុងចំណោម​សកម្មភាព​បង្ក្រាប​ខាងលើ ពិនិត្យឃើញ​មាន​អង្គភាព និង​មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន មាន​សកម្មភាព​លេចធ្លោ ដោយ​បង្ក្រាបបាន​ករណី​ធំៗ សរុប​ចំនួន​១៣​ករណី (​សារធាតុ​ញៀន​ចាប់ពី ១​គីឡូក្រាម រហូតដល់ ៥០​គីឡូក្រាម​) ដែលមាន​បរិមាណ​សារធាតុ​ញៀន​ចាប់យក​សរុប ៩៨.៤៤៧.៦៣​ក្រាម (​មាន​ធាតុសុទ្ធ​ស្មើ ៤៨.២៣១.២១​ក្រាម​)​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បន្តថា​អនុវត្តតាម​អនុសាសន៍​សម្តេច​ក្រឡា ហោម ស ខេង ថវិការ​ង្វ​ន់​លើកទឹកចិត្ត​ត្រូវបាន​ផ្តល់ជូន​៤០​លាន​រៀល ចំពោះ​ប្រតិបត្តិ​ការបង្ក្រាប​ចាប់យក​សារធាតុ​ញៀន​មាន​ភាព​សុទ្ធ​ចាប់ពី ១ គីឡូក្រាម ឡើងទៅ​ក្នុង​មួយ​ករណី​។​ប៉ុន្តែ​ដោយ​យល់ឃើញថា ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដែលមាន​សារធាតុ​ញៀន​សុទ្ធ​ចាប់ពី​១០០​ក្រាម​ឡើងទៅ​ក៏​ជា​លទ្ធផល​ធំ​បង្គួរ ដែល​គួរ​ពិនិត្យ​ពិចារណា​។ ដូចនេះ ដើម្បី​លើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គភាព និង​មន្ត្រី​អនុវត្ត​ច្បាប់ លេខាធិការដ្ឋាន​ស្នើសុំ​ការសម្រេច​ផ្តល់​ថវិកា​រង្វាន់ ៤​លាន​រៀល ជូន​ចំពោះ​អង្គភាព ឬ បុគ្គល​ដែល​បើក​ប្រតិបត្តិ​ការចាប់​យកសារ​ធាតុ​ញៀន​មាន​ភាព​សុទ្ធ ក្នុង​កម្រិត​ទម្ងន់ ១០០​ក្រាម រហូតដល់​៩៩៩​ក្រាម ក្នុង​មួយ​ករណី​ផងដែរ​។

​ថវិកា​រង្វាន់​លើកទឹកចិត្ត​ដែល​ទទួលបាន ត្រូវ​បែងចែក​តាម​អត្រា​កំណត់​ជា​ភាគរយ និង​ផ្តល់ជូន​ដល់​សមាសភាព​សា​ម៉ី​អង្គភាព​ប្រតិបត្តិការ​២០% ម្ចាស់​ករណី​៣០% បញ្ជាការ​ករណី ១០% អង្គភាព​សហការ ៣០% ភ្នាក់ងារ​ផ្តល់​ព័​ត៍​មាន ១០%​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ថា សារធាតុ​ញៀន​សរុប​ដែល​បាន​ចាប់យក​ពី ១​គីឡូក្រាម​ឡើងទៅ​ចំនួន​១៣​ករណី មាន​ទម្ងន់ ៩៨.៤៤៧,៦៣​ក្រាម (​មាន​ភាព​សុទ្ធ​ស្មើ ៤៨.២៣១,២១​ក្រាម​) ដោយ​ត្រូវ​ផ្តល់​ថវិកា​លើកទឹកចិត្ត​សរុប ៤៨២.៣១២​ដុល្លារ​។ ​សារធាតុ​ញៀន​ដែល​បាន​ចាប់យក​ពី ១០០​ក្រាម​ឡើងទៅ ចំនួន​៣១​ករណី មាន​ទម្ងន់ ១១.២៧០,២៥​ក្រាម មាន​ភាព​សុទ្ធ​ស្មើនឹង ៨.០៣៨​ក្រាម ដោយ​ត្រូវ​ផ្តល់​ថវិកា​លើកទឹកចិត្ត ៨០.៣៨០​ដុល្លារ​។ ដូច្នេះ​ថវិកា​ដែល​នឹង​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​អង្គភាព និង​បុគ្គល​ដែលមាន​ស្នាដៃ ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​មាន​ចំនួន​សរុប ៥៦២.៦៩២​ដុល្លារ​។​
​    ​
​សូមជម្រាបថា យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ខុសច្បាប់​លើក​ទី​១ បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០០១៧​។

​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​លើក​ទី​១ សមត្ថកិច្ច​បង្ក្រាបបាន​៤.១៥៥​ករណី ឃាត់ខ្លួន​៩.២៩៨​នាក់ ស្រី​៩២៧​នាក់ ចាប់យក​សារធាតុ​ញៀន ១២០,៦៣១​ក្រាម ក​ញ្ជា​ក្រៀម ១៣,៥៧៨​គីឡូក្រាម និង ១៤០.៤៤៣​ដើម រថយន្ត​៥៣​គ្រឿង ម៉ូតូ​៩២០​គ្រឿង អាវុធ​៩​ដើម (​វែង​៤​ដើម​) ទូរស័ព្ទដៃ ២៨១២​គ្រឿង​…៕ ដោយ ៖មុនី​រ័ត្

ទីតាំងផ្សាយពាណិជ្ជកម្ម