អ៊ីរ៉ង់​ច្រានចោល​ការចរចា​ផ្ទាល់​ជាមួយ​អាម៉េរិក​

436
ចែករម្លែក

​ប្រធានាធិបតី​ហាស​សាន់ រូ​ហា​នី​នៅ​ថ្ងៃ​អង្គារ​ទី​៣​កញ្ញា​នេះ​បាន​ច្រានចោល​ការធ្វើ​កិច្ចពិភាក្សា​ទ្វេភាគី​ណាមួយ​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​បាន​គំរាម​កាត់បន្ថយ​ការប្តេជ្ញាចិត្ត​របស់​អ៊ីរ៉ង់​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។​

​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​សភា លោក​រូ​ហា​នី​បាន​និយាយថា រាល់​កិច្ចពិភាក្សា​ណាមួយ​ជាមួយ​សហរដ្ឋ​អាម៉េរិក​គឺ​ត្រូវតែ​ធ្វើឡើង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ក្រុម​មហាអំណាច ដែល​បាន​យល់​ព្រមធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដ៏​សំខាន់​ជាមួយ​ទីក្រុង​តេ​ហេ​រ៉ង់​នៅ​ឆ្នាំ ២០១៥ ។​

​លោក​រូ​ហា​នី​ក៏បាន​និយាយ​ផងដែរ​ថា អ៊ីរ៉ង់​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​កាត់បន្ថយ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​បន្ថែមទៀត​ចំពោះ​កិច្ចព្រមព្រៀង “​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​” ប្រសិនបើ​ការចរចា​បច្ចុប្បន្ន​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​មិន​ផ្តល់​លទ្ធផល​នៅត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទេនោះ​។​

​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​និង​ក្រុង​វ៉ាស៊ីនតោន​បាន​មាន​ជម្លោះ​នឹង​គ្នា​ចាប់តាំងពី​ខែឧសភា​ឆ្នាំមុន នៅពេលដែល​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​បាន​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដោយ​ឯកតោភាគី ហើយ​បានចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ឡើងវិញ​។​

​គូប្រជែង​ជូរចត់​ទាំងពីរ​ប៊ិះ​នឹង​ប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​កាលពី​ខែមិថុនា នៅពេល​អ៊ីរ៉ង់​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អាម៉េរិក ហើយ​លោក​ត្រាំ​បាន​បញ្ជា​ឱ្យ​វាយប្រហារ​សងសឹក មុនពេល​លុបចោល​ផែនការ​វាយប្រហារ​នោះ​វិញ​នៅ​នាទីចុងក្រោយ​។​

​បារាំង​បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ស្ថានការណ៍​មាន​ភាពស្ងប់ស្ងាត់ ដោយ​ប្រធានាធិបតី​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​សម្តែង​ក្តីសង្ឃឹម​ក្នុងអំឡុង​កិច្ចពិភាក្សា G7 នៅ​ចុងខែ​សីហា​អំពី​ការរៀបចំ​ការប្រជុំ​រវាង​រូ​ហា​នី​និង​ត្រាំ​។​

​លោក​រូ​ហា​នី​បាន​និយាយថា “​ប្រហែល​ជាមាន​ការយល់​ច្រឡំ​។ យើង​បាន​និយាយ​វា​ច្រើនដង​ហើយ​ថា​មិនមាន​ការសម្រេចចិត្ត​ធ្វើ​កិច្ចចរចា​ទ្វេភាគី​ជាមួយ​សហរដ្ឋ​អាម៉េរិក​ទេ​”​។​

​វេ​ប​សាយ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ដកស្រង់​សម្តី​លោក​រូ​ហា​នី​និយាយថា “​ជាគោលការណ៍ យើង​មិន​ចង់បាន​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​សហរដ្ឋ​អាម៉េរិក​ទេ​”​។​

​សំដៅ​ទៅលើ​ប្រទេស​មហាអំណាច​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ចព្រមព្រៀង​២០១៥ លោក​រូ​ហា​នី​និយាយថា “​ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​ដក​ទណ្ឌកម្ម​ទាំងអស់នោះ វា​អាចទៅរួច​ក្នុងការ​និយាយ (​ជាមួយ​ពួកគេ​) ក្នុងអំឡុង​កិច្ចប្រជុំ ៥+១ ដូច​កាលពីមុន​។ យើង​បានទទួល​សំណើ​ជាច្រើន (​ដើម្បីឱ្យ​មានការ​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាម៉េរិក​) ហើយ​ចម្លើយ​របស់​យើង​តែងតែ​អវិជ្ជមាន​”៕ ដោយ ៖ កញ្ញាដាលីស

ប្រធានាធិបតី​ហាស​សាន់ រូ​ហា​នី​បដិសេធ​ការចរចា​ផ្ទាល់​ជាមួយ​អាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម