ផ្លូវដែក​ល្បឿន​លឿន​ថៃ​-​ចិន​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ២០២៣

374
ចែករម្លែក

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​កញ្ញា​ថា ដំណាក់កាល​ដំបូង​នៃ​ផ្លូវដែក​ល្បឿន​លឿន ៨៧៣ គីឡូម៉ែត្រ​រវាង​ប្រទេស​ថៃ​និង​ចិន ត្រូវបាន​រំពឹងថា​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​រយៈពេល ៤ ឆ្នាំ​ទៀត​។​

​អ្នកនាំពាក្យ​រង​រដ្ឋាភិបាល​លោកត្រៃ​ស៊ូ​រី តៃ​សា​រ៉ា​ណា​គុល បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជើង​ដំបូង​ប្រវែង ២៥២ គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ទីក្រុង​បាងកក និង​ខេត្ត​នគររាជ​សីមា នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ២០២៣ ។​

​វីដេអូ​របស់​រដ្ឋាភិបាល​ដែល​ចេញ​ឱ្យ​អ្នកយកព័ត៌មាន​បានបង្ហាញ​ថា ថៃ​នឹង​ចំណាយ​ថវិកា​សាងសង់​សរុប​ចំនួន ១៧៩ ពាន់​លាន​បាត​សម្រាប់​ដំណាក់កាល​ទីមួយ ដោយ​ប្រទេស​ចិន​ទទួលខុសត្រូវ​លើ​ការដំឡើង​ប្រព័ន្ធ ការ​រចនា និង​ការទិញ​រថភ្លើង​។​

​គម្រោង​ផ្លូវដែក ដែលជា​ផ្នែក​មួយ​នៃ​បណ្តាញ​ផ្លូវដែក​គ្រោងទុក​របស់​ចិន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​ដែល​នឹង​ភ្ជាប់​គុន​មីង​នៅ​ភាគ​និរតី​ប្រទេស​ចិន​និង​សិង្ហ​បុរី ត្រូវបាន​ពន្យារពេល​ក្នុង​ឆ្នាំ ២០១៦ នៅពេល​ថៃ​បដិសេធ​ហិរញ្ញប្បទាន​របស់​ចិន​ដោយសារតែ​អត្រា​ការប្រាក់​ខ្ពស់​។​

​លោកត្រៃ​ស៊ូ​រី​និយាយថា ដំណាក់កាល​បន្ទាប់​នៃ​ខ្សែ​រថភ្លើង​នេះ​នឹង​ត​ភ្ជាប់​ខេត្ត​នគររាជ​សីមា​ទៅ​ខេត្ត​ណុង​ខាយ ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ​ហើយនឹង​ភ្ជាប់​ទៅ​ប្រទេស​ចិន​។​

​លោក​វីរៈ​វុ​ត ម៉ា​ឡា អភិបាល​ស្តីទី​នៃ​ផ្លូវដែក​រដ្ឋ​របស់​ថៃ (SRT) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា កិច្ចសន្យា​សាងសង់​និង​ការដេញថ្លៃ​នឹងត្រូវ​សម្រេច​នៅ​ឆ្នាំនេះ​។​

​ក្រសួង​ដឹកជញ្ជូន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា SRT រំពឹងថា​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ពិគ្រោះ​យោបល់​សម្រាប់​ដំណាក់កាល​ទី ២ នៅ​ចុងខែ​នេះ​។​

​លោកត្រៃ​ស៊ូ​រី​និយាយថា រថភ្លើង​នឹង​រត់​ក្នុង​ល្បឿន​ដល់ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជាមួយ​តម្លៃ​សំបុត្រ​គឺ​ចាប់ពី ១០៧ បាត​ទៅ ៥៣៤ បាត​៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង​ល្បឿន​លឿន​របស់​ថៃ​និង​ចិន គ្រោង​ដំណើរការ​ក្នុង​ឆ្នាំ​២០២៣