អ្នករាយការណ៍​ពិសេស អ​.​ស​.​ប ជួប​ជាមួយ​គ​.​ជ​.​ប ផ្តោតលើ​ការរៀបចំ​ការបោះឆ្នោត​តំណាងរាស្ត្រ​

1405
ចែករម្លែក

(​ភ្នំពេញ​)៖ លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីកា​រគ​.​ជ​.​ប​ទាក់ទង​ការរៀប​ចំការ​​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នាពេល​ខាងមុខនេះ​ដើម្បី​ឲ្យ​ប្រព្រឹត្តទៅ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​មាន​ភាពស្មើគ្នា និង​បញ្ហាសំខាន់ៗ មួយចំនួនទៀត​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា​នៅក្នុង​​ជំនួប​ពិភាក្សា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​គ​.​ជ​.​ប ដែល​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់​កន្លងមកនេះ បានបង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​មួយ ក្នុងការ​ប្ដេជ្ញាចិត្ត​គោរព​សិទ្ឋិ​មនុស្ស ពីព្រោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​​ស្រី​មក​កម្ពុជា គឺ​ដើម្បី​ពិនិត្យមើល​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​។

​លោក​បន្តថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លះ​ដែរ ទាក់ទង​នឹង​បញ្ហា ដែល​លោកស្រី​ថា ព្រឹទ្ធសភា​មាន​បក្ស​តែមួយ ហើយ​បញ្ហា​នេះ លោក ហង្ស ពុទ្ធា អះអាងថា គ្មាន​នរណា​អាច​ទៅ​កែ​លទ្ធផល​បានទេ​។ ពីព្រោះ គ​.​ជ​.​ប មាន​តួនាទី​រៀបចំ​ការបោះឆ្នោត ដូច្នេះ​ប្រសិនបើ​មាន​សម្លេង​តែមួយ​នៅក្នុង​ព្រឹទ្ធសភា​នោះ​គឺជា​ផល​ដែល​ទទួលបាន​ជាក់ស្ដែង​ពី​ការរៀប​​ចំការ​បោះឆ្នោត ហើយ​សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ​នាពេលខាងមុខ​នេះ គ​.​ជ​.​ប ក៏បាន​ប្ដេជ្ញាចិត្ត រៀបចំ​ការបោះឆ្នោត​នេះ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ខាង​អង្គការសិទ្ធិមនុស្ស គឺ​លោកស្រី រ៉ូ​ណា ស្មី​ត នេះ​ក៏បាន​សម្ដែង​នូវ​ការជឿជាក់​ផងដែរ ដែល គ​.​ជ​.​ប​បាន​គោរព​​បាន​នូវ​សិទ្ធិ​នយោបាយ របស់​ប្រជាពលរដ្ឋ​គ្រប់រូប​។​

​លោក​ហង្ស ពុទ្ធា បាន​បន្តទៀតថា នៅក្នុង​ជំនួប លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​លើក​ជា​សំនួរ​ផងដែរ អំពី​ការ​អ្នកចូលរួម​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ប៉ុន្តែ គ​.​ជ​.​ប បានបញ្ជាក់​ប្រាប់​វិញ​ថា នៅក្នុង​ដំណាក់កាល​នេះ គ​.​ជ​.​ប មិនទាន់​រៀបចំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​នៅឡើយ​ទេ​។

​សូមជម្រាបថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បានមក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​​កម្ពុជា ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។ អ្នករាយការណ៍​ពិសេស​មក​បំពេញ​បេស​ក​​កម្ម​ផ្លូវការ​ជាប្រចាំ​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះ​បានតែងតាំង​អ្នកស្រី នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​។ អ្នកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទា​ប់​របស់​អ្នកស្រី ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨៕ ​ដោយៈ មុនី​រ័ត្ន​/sn

​ជំនួប​ពិភាក្សា​រវាង​លោកស្រី រ៉ូ​ណា ស្មី​ត ជាមួយ​ប្រធាន គ​.​ជ​.​ប

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ