នាយករដ្ឋមន្ត្រី​អង់គ្លេស​នឹង​កោះ​ធ្វើការ​បោះឆ្នោត​សកល បន្ទាប់ពី​បរាជ័យ​នៅក្នុង​សភា

459
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បានប្រកាស​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​៣​កញ្ញា​ថា លោក​នឹង​កោះ​ធ្វើការ​បោះឆ្នោត​សកល ប្រសិនបើ​សមាជិកសភា​បោះឆ្នោត​គាំទ្រ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) ដោយ​គ្មាន​កិច្ចព្រមព្រៀង នៅ​ថ្ងៃ​ពុធ​នេះ​។​

​សេចក្តីថ្លែងការណ៍​ដ៏​គួរឱ្យកត់សម្គាល់​របស់​លោក​បាន​ធ្វើឡើង បន្ទាប់ពី​សមាជិកសភា​បាន​បោះឆ្នោត​ដោយ​សំឡេង ៣២៨ ទល់នឹង ៣២១ ដើម្បី​ដាក់​សេចក្តីព្រាងច្បាប់​បន្ទាន់​មួយ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​រារាំង​លោ​កច​ន​សុន​កុំឱ្យ​យក​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី ៣១ ខែតុលា​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។​

​លោក​ច​ន​សុន​បាន​និយាយថា ប្រសិនបើ​សមាជិកសភា​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​សម្រាប់ Brexit ដែល​គ្មាន​កិច្ចព្រមព្រៀង នោះ​វិធី​តែមួយគត់​ឆ្ពោះទៅមុខ​គឺ​ឱ្យ​ប្រជាជន​ជា​អ្នកសម្រេចចិត្ត​។​

​លោក​បាន​និយាយថា “​តោះ​កុំ​ឱ្យគេ​សង្ស័យថា​សភា​កំពុង​ជិត​ធ្វើ​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​ព្រុ​ច​សែ​ល​មើល៎​”​។​

​ការបោះឆ្នោត​អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៤ ខែតុលា ប៉ុន្តែ​មិនទាន់មាន​កាលបរិច្ឆេទ​ណាមួយ​ត្រូវបាន​យល់ព្រម​នៅឡើយ​ទេ​។​

​ថ្លែង​ទៅកាន់​សភា លោក​ច​ន​សុន​បាន​និយាយថា លោក​មិន​ចង់បាន​ការបោះឆ្នោត​ទេ ប៉ុន្តែ​ប្រសិនបើ​សមាជិកសភា​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​សម្រាប់ Brexit ដែល​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​ពុធ នោះ​សាធារណជន​នឹងត្រូវ​ជ្រើសរើស​អ្នកណា​ដែល​ត្រូវ​ទៅ​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​ថ្ងៃទី ១៧ ខែតុលា​។​

​លោក​បាន​និយាយថា “​ប្រសិនបើ​លោក​ជេ​រ៉េមី ខ័​រ​ប៊ី​ន (​មេដឹកនាំ​បក្ស​ពលករ​) ទៅ​ទីក្រុង​ព្រុ​ច​សែ​ល គាត់​នឹងធ្វើ​អ្វីដែល​សហភាព​អឺរ៉ុប​ចង់បាន​” ដោយ​បន្ថែមថា ប្រសិនបើ​គាត់​ទៅ គាត់​នឹង​ទទួលបាន​កិច្ចព្រមព្រៀង​ពី​សហភាព​អឺរ៉ុប​។​

​សមាជិកសភា​មកពី​បក្ស​អភិរក្ស​ដែល​ប្រឆាំង​ជំទាស់ ត្រូវបាន​ព្រមាន​មុន​ការបោះឆ្នោត​ថា ពួកគេ​នឹងត្រូវ​បណ្តេញ​ចេញពី​គណបក្ស​អភិរក្ស ប្រសិនបើ​ពួកគេ​បោះឆ្នោត​ប្រឆាំងនឹង​រដ្ឋាភិបាល​។ ប៉ុន្តែ​វា​ត្រូវបាន​បញ្ជាក់​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក អង់​ដ្រេ លី​ដ​សុន ថា ក្រុម​សមាជិកសភា​ដែល​ជំទាស់​ទាំងនោះ​នឹងត្រូវ​បានផ្តល់​ឱកាស​ជា​លើក​ទី ២ ដើម្បី​បោះឆ្នោត​ជាមួយ​រដ្ឋាភិបាល​ក្នុងពេល​ជជែក​ដេញដោល​នៅ​ថ្ងៃ​ពុធ​ទី​៤​កញ្ញា​។​

​ប្រសិនបើ​ពួកគេ​ត្រូវបាន​ផ្អាក​ពី​គណបក្ស នោះ​វា​នឹង​រារាំង​ពួកគេ​មិនឱ្យ​ឈរឈ្មោះ​ក្នុងនាម​ជា​សមាជិក​បក្ស​អភិរក្ស​នៅក្នុង​ការបោះឆ្នោត​ទូទៅ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ច​ន​សុន​នឹង​កោះ​ធ្វើការ​បោះឆ្នោត​សកល​ប្រសិនបើ​សមាជិកសភា​បោះឆ្នោត​គាំទ្រ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) ដោយ​គ្មាន​កិច្ចព្រមព្រៀង នៅ​ថ្ងៃ​ពុធ​នេះ