សម្តេច​ក្រឡាហោម​បញ្ជា​ឲ្យ​បិទ​ច្រករបៀង​ទាំង​៤៣​នៅ​ក្នង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ទប់ស្កាត់​ពលករ​ចំណាកស្រុក ​

4479
ចែករម្លែក

(​បន្ទាយមានជ័យ​) ៖ សម្តេច​ក្រឡាហោម ស ខេង​បានចេញ​បញ្ជា​ឲ្យ​បិទ​ច្រករបៀង​ខុសច្បាប់​ទាំង​៤៣​កន្លែង​ដើម្បី​ទប់ស្កាត់​ពលករ​ចំណាក​​ស្រុក ដែល​គ្មាន​លិខិតឆ្លងដែន និង​ទំនិញគេចពន្ធ​ខុសច្បាប់​។អភិបាលខេត្តបន្ទាយមានជ័យបាន
លើកឡើងដូចនេះ​​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នា​២០១៧ កន្លងទៅនេះ​។​
​    ​
​បើ​យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​៖ សម្តេច​ក្រឡាហោម ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានដាក់​​វិធានការ​ឲ្យ​បិទ​ច្រករបៀង​ខុសច្បាប់​ទាំង​៤៣​កន្លែង ដើម្បី​ទប់ស្កាត់​ពលករ​ចំណាកស្រុក​និង​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​ចូលមក​កម្ពុជា ដោយ​គ្មាន​ច្បាប់​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​ជាច្រើន​។​
​    ​
​បន្ទាប់ពី​ទទួលបាន​បទបញ្ជា​នេះ លោក​សួន បវរ ក៏បាន​ណែនាំ​ដល់​សមត្ថកិច្ច​ដែល​ឈ​ជើង​នៅតាម​បន្ទាត់​ព្រំដែន​ត្រូវតែ​ចូលរួម​លុប​​បំបាត់​ឲ្យ​អស់​រាល់​ច្រករបៀង​ខុសច្បាប់ តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​មាន​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រ ហើយ​មាន​ច្រករបៀង​ខុសច្បាប់​ជាង​៤០​កន្លែង​។

​លោក​បាន​បញ្ជាក់ទៀតថា “​ដាក់​វិធាន​ការចេញ​ហើយ​បើ​កងកម្លាំង​ណាមួយ​នៅតែ​បន្ត​បើក​ច្រករបៀង​ដោយ​ខុសច្បាប់​គឺ​ទទួលខុសត្រូវ​​មុខ​ច្បាប់​” ។​

​ការដាក់ចេញ​វិធានការ​នេះ​កើតឡើង​ខណៈដែល ពលករ​ខុសច្បាប់​កម្ពុជា​រាប់ម៉ឺន​នាក់​បាននិងកំពុង​សម្រុក​មកកាន់​ប្រទេស​វិញ​ដើម្បី​​គេច​ពី​ការចាប់​ដាក់ពិន័យ​ជា​ប្រាក់​ធ្ងន់ធ្ងរ​តាមច្បាប់​ការងារថ្មី​របស់​ថៃ​៕ ដោយ ៖វិបុល

 

ទីតាំងផ្សាយពាណិជ្ជកម្ម