មេដឹកនាំ​ហុងកុង​បំពេញ​ការទាមទារ​ធំៗ​របស់​បាតុករ​និង​លុប​ចោល​សេចក្តីព្រាង​ច្បាប់​បត្យាប័ន​

1088
ចែករម្លែក

​ទូរទស្សន៍​ខ្សែ​កាបនិង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​ផ្សេងៗ​បាន​និយាយថា​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡាំ នៅ​ថ្ងៃ​ពុធ​ទី​០៤​កញ្ញា​ត្រូវ​ប្រកាស​ជា​ផ្លូវការ​អំពី​ការដកចេញ​ច្បាប់​​បត្យាប័ន​ដ៏៏ចម្រូងចម្រាស​ដែល​បង្ក​ភាពវឹកវរ​រាប់​ខែ​និង​រុញ​ទីក្រុង​ហិរញ្ញវត្ថុ​នេះ​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​អាក្រក់​បំផុត​របស់​ខ្លួន​។​

​ប្រភពព័ត៌មាន​មួយ​របស់​រដ្ឋាភិបាល​បានបញ្ជាក់​អះអាង​អំពី​ការដកចេញ​ច្បាប់​នេះ ដែល​វា​បាន​កើតឡើង​តែ​២​ថ្ងៃក្រោយ​ព័ត៌មាន​លេខ​ធ្លាយ​មួយ​បង្ហាញ​ថា លោកស្រី​ឡា​ម​បាន​​ប្រាប់​ក្រុម​មេដឹកនាំ​ធុរកិច្ច​ហុងកុង​កាលពី​សប្តាហ៍​មុន​ថា លោកស្រី​បង្កឲ្យមាន​ភាពវឹកវ​រ​មិន​អាច​អត់ឱន​ឲ្យបាន ដោយសារ​តែ​ដាក់​ចេញ​ច្បាប់​នេះ និង​ថា​បើ​លោកស្រី​​មាន​ជំរើស លោក​ស្រី​នឹង​សុំទោស​ហើយ​លាឈប់​។​

​ក្នុងជំនួប​បិទទ្វារ​នោះ ឡា​ម បាន​ប្រាប់​ក្រុម​អ្នកជំនួញ​នោះ​ថា លោកស្រី​ឥឡូវ​មានលទ្ធភាព​កំហិត​ណាស់​ដើម្បី​ដោះស្រាយ​វិបត្តិ ពីព្រោះ​ចលាចល​បាន​ក្លាយ​ជា​សន្តិសុខ​ជាតិ​មួយ​​និង​បញ្ហា​អធិបតេយ្យភាព​សម្រាប់​ចិន ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​អាម៉េរិក​។​

​និស្សិត​សកល​វិទ្យាល័យ ជេស​ស៊ីកា អាយុ​២៣​ឆ្នាំ បាន​និយាយ​អំពី​ការដកចេញ​ច្បាប់​នេះ​ថា «​រាល់​កិច្ចខិតខំ​របស់​យើង មាន​តម្លៃ​។​តែ​លទ្ធផល​នេះ​មិន​ត្រូវ​តាមចិត្ត​យើង​រំពឹង​ទេ​​ដោយសារតែ​ការទាមទារ​របស់​អ្នក​តវ៉ា​ប្រឆាំង​មិន​ត្រូវ​បាន​បំពេញ​ទាំងអស់​។​ខ្ញុំ​ជឿថា បញ្ហា​នេះ​ធ្វើឲ្យ​ហុងកុង​កាន់តែ​មាន​ឯកភាព​ឡើង​»​។​

​សូមបញ្ជាក់​ថា ការប្រឆាំង​តវ៉ា​នឹង​សេចក្តី​ច្បាប់​បត្យាប័ន​នៅក្នុង​អតីត​ទឹកដី​អាណានិគម​ហុងកុង​នេះ បាន​ចាប់ផ្តើម​ពី​ខែ​មីនា តែ​បាន​ផ្ទុះ​ខ្លាំង​នៅ​ខែ​មិថុនា ហើយ​វា​បានវិវត្ត​​ទៅ​ជា​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ធំ​ឡើង​។​

​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​តុលាការ​ចិនដីគោក​ក្រោម​ការគ្រប់គ្រង​របស់​បក្ស​កុម្មុយនីស្ត តែ​ការដកចេញ​ច្បាប់​នេះ​​ដែល​គ្រោង​ធ្វើ​នៅ​យប់​ថ្ងៃ​ពុធ មិនដឹង​ថា​អាច​សម្រន់​កំហឹង​អ្នក​ហុងកុង​និង​បញ្ចប់​ភាពវឹកវរ​នៅ​ទីនោះ​បាន​ដែរ​ឬ​អត់​។​

​ការដកចេញ​ច្បាប់​នេះ ជា​ការទាមទារ​មួយ​របស់​អ្នកប្រឆាំង​តវ៉ា ដែល​ក៏​បាន​ទាមទារ​ឲ្យ​លោកស្រី​ឡា​ម​ចុះចេញ​ពី​តំណែង សុំ​បង្កើត​សិទ្ធិ​បោះឆ្នោត​សកល​សម្រាប់​ជ្រើសរើស​ក្រុម​​មេដឹកនាំ​(​បច្ចុប្បន្ន​ជ្រើសតាំងឡើង​ពី​ក្រុង​ប៉េកាំង​)​និង​សភា​ហុងកុង ការ​ស៊ើប​អង្កេតឯក​រាជ្យ​លើ​ការប្រព្រឹត្ត​របស់​ប៉ូលិស​លើ​បាតុករ ដោះលែង​បាតុករ​ដែល​ត្រូវ​ចាប់ខ្លួន និង​ដក​​ចេញ​ពាក្យ​”​កុបកម្ម​” ។​

​ហុងកុង​ត្រូវបាន​ប្រគល់​ឲ្យ​មក​នៅ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ចិន​វិញ ក្រោម​រូបមន្ត​« ប្រទេស​១ ប្រព័ន្ធ​២» ដែល​អនុញ្ញាត​ឲ្យ​រក្សាទុក​សេរីភាព ដែល​មិន​មាន​នៅ​ចិន​​ដី​គោក ដូច​ជា​សេរីភាព​ធ្វើបាតុកម្ម និង​ប្រព័ន្ធ​ច្បាប់​ឯករាជ្យ​មួយ ។ហេតុ​ដូច្នេះ​ហើយ​បានជា​អ្នក​ហុងកុង​រាប់សែន​នាក់​ផ្ទុះ​កំហឹង​នឹង​ច្បាប់​បត្យាប័ន​នេះ និង​ការទទួល​ឥទ្ធិពល​​សន្សឹមៗ​ពី​ចិន​ប៉េកាំង​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​របាយការណ៍​ដកចេញ​ច្បាប់​នេះ ក្រសួងការបរទេស​ចិន​បាន​និយាយថា រដ្ឋាភិបាលកណ្តាល​គាំទ្រ គោរព និង​យល់​ចំពោះ​ការសម្រេចចិត្ត​របស់​មេ​ដឹកនាំ​ហុង​​កុង​លោកស្រី ឡា​ម ។​ទោះជា​យ៉ាងណា​កាសែត​The Global Times​របស់​បក្ស​កុំម្មុយនីស្ត​ចិន បាន​ហៅ​វា​ថា​ជា​«​ព័ត៌មាន​ក្លែងក្លាយ​»៕​ប្រែ​សម្រួល​៖​វាសនា​/សរន

ដោយ​រង​សម្ពាធ​ខ្លាំង មេដឹកនាំ​ហុងកុង​ហាក់​ច្របូកច្របល់ ម្តង​ថា​ចង់​លាឈប់ ម្តងថា​មិន​មាន​បំណង​លាឈប់​។​ឥឡូវ​ឮថា នឹង​ប្រកាស​លុបចោល​ច្បាប់​បត្យាប័ន​ដែលជា​​ប្រភព​វិបត្តិ​នៅ​ហុងកុង​

ទីតាំងផ្សាយពាណិជ្ជកម្ម