​ចាប់​និង​ផាកពិន័យ​ហាង​លក់​អាហារ​បង្កប់​សត្វព្រៃ​ចំនួន​ពីរ​កន្លែង​នៅ​ក្រុង​កំពង់ចាម

505
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ខាង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​បាន​ចុះបង្ក្រាប​ទីតាំង​ជា​ហាង​អាហារ​បង្កប់​លួច​លក់​សត្វព្រៃ​ជា​យូរ​មកហើយ​ចំនួន​ពីរ​កន្លែង​។​គឺជា​លទ្ធផល​បាន​រឹបអូស​វត្ថុតាង​និង​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន​ជាង​បី​លាន​រៀល​កាលពី​រសៀល​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ដែល​បាន​ចូលរួម​សហការ​បង្ក្រាប​ហាង​លក់​អាហារ​លួចលាក់​បង្កប់​សត្វព្រៃ​បាន​និយាយថា​ក្នុងនោះ​ហាង​ដែល​ត្រូវ​ចុះបង្ក្រាប​ដំបូង​គេ​គឺ​«​ហាង​ហាក់​សោម​»​មាន​ម្ចាស់​ឈ្មោះ ហាក់ សោម ភេទ​ប្រុស អាយុ ៦៤​ឆ្នាំមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ទី​២​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម ។​ហាង​បន្ទាប់​គឺ​«​ហាង​ម្លប់​ខ្នុរ​»​មាន​ម្ចាស់​ឈ្មោះ​ឆែ​វាសនា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​ដែរ​។​

​ប្រភព​នោះបាន​ឱ្យដឹងទៀតថា នៅ​ហាង​ហាក់​សោម​រកឃើញ សត្វ​លលក​នៅរស់​ចំនួន ៤២​ក្បាល និង​ងាប់​ក្លាស​សេ​ចំនួន​៤២​ក្បាល​។​សត្វ​ចាប​ងាប់​ក្លាស​សេ​ចំនួន​៣៨,៥០​គីឡូក្រាម​និង​ស្នូកអណ្តើក​ចំនួន​ប្រាំពីរ​។​សមត្ថកិច្ច​បានសម្រេច​ផាកពិន័យ​លើ​ម្ចាស់​ហាង​ឈ្មោះ​ហាក់​សោម​ចំនួន​៣.៥០០.០០០​រៀល និង​អប់រំ​។​

​ប្រភព​ដដែល​បាន​បន្តថា ចំណែក​ហាង​ម្លប់​ខ្នុរ គឺ​សមត្ថកិច្ច​បាន​រកឃើញ​សត្វ​អណ្តើ​ករស់​ចំនួន ១០​ក្បាល​និង​ស្នូកអណ្តើក​ចំនួន​២៦៩​ស្មើនឹង​៥០,៥០​គីឡូក្រាម​។​ដោយបាន​សម្រេច​រឹបអូស​វត្ថុតាង​និង​ឱ្យ​ម្ចាស់​ហាង​ឈ្មោះ ឆែ វាសនា ចូលខ្លួន​ទទួល​ការពិន័យ​ពី​ខាង​ខណ្ឌ​រដ្ឋបាល​ជល​កំ​ពង់​ចាម​។​

សូមបញ្ជាក់ថា​ទីតាំង​ហាង​អាហារ​លួច​លក់​សត្វ​ទាំងពីរ​កន្លែង​ខាងលើ​គឺ​បាន​កើតឡើង​ច្រើន​ឆ្នាំ​ហើយ គឺ​កន្លងមក​សមត្ថកិច្ច និង​អាជ្ញាធរ​តែង​បានធ្វើ​សកម្មភាព​បង្ក្រាប និង​ផាកពិន័យ​ជា​ញឹកញាប់​ដែរ ។​ប៉ុន្តែ​ម្ចាស់​ទាំងនោះ​ពុំ​ព្រម​រាងចាល គឺ​នៅតែ​បន្ត​លួចលាក់​លក់​បន្តទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម