សមាជិកសភា​អង់គ្លេស​ច្រានចោល​សំណើ​របស់​នាយករដ្ឋមន្ត្រី​បូរី​ស ច​ន​សុន​ដើម្បី​រៀបចំ​បោះឆ្នោត​មុន​កាលកំណត់ បន្ទាប់ពី​បោះឆ្នោត​រារាំង Brexit ដែល​គ្មាន​កិច្ចព្រមព្រៀង​

372
ចែករម្លែក

សភា​អង់គ្លេស​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ពុធ ទី​៤ កញ្ញា​ដើម្បី​រារាំង​លោកនាយក​រដ្ឋមន្ត្រី​បូរី​ស ច​ន​សុន ពី​ការយក​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី ៣១ តុលា ប៉ុន្តែ​បាន​ច្រាន​ចោលការ​កោះ​ធ្វើការ​បោះឆ្នោត​មុន​កាលកំណត់​របស់លោក​ច​ន​សុន គឺ​ពីរ​សប្តាហ៍​មុនពេល​អង់គ្លេស​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

​បន្ទាប់ពី​ដណ្តើម​ការត្រួតត្រា​លើ​របៀបវារៈ​សភា​ពេញ​មួយថ្ងៃ​ពី​លោក​ច​ន​សុន សភា​បាន​គាំទ្រ​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ស្នើសុំ​ពន្យារពេល​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) រយៈពេល​បី​ខែ​ជាជាង​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​សោះ​។​

​លោក​ជេ​រ៉េមី ខូ​ប៊ី​ន មេដឹកនាំ​គណបក្ស​ការងារ ដែលជា​បក្សប្រឆាំង បាន​និយាយថា លោក​នឹង​យល់ព្រម​ធ្វើការ​បោះឆ្នោត​មុន​កាលកំណត់ ល្គឹកណា​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បានអនុម័ត​ពី​ព្រឹទ្ធសភា និង ក្លាយជា​ច្បាប់​ជាមុនសិន ដែល​រឿងនេះ​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។​

​ទោះយ៉ាងណា លោក​មិនបាន​និយាយថា​តើ​លោក​យល់ព្រម​ជាមួយ​ជម្រើស​កាលបរិច្ឆេទ​បោះឆ្នោត​របស់លោក​ច​ន​សុន​ឬ​យ៉ាងណា​នោះទេ​។​

​ការប្រឹងប្រែង​របស់​ស​ភា​នាពេល​បច្ចុប្បន្ន​ដើម្បី​ចងដៃ​របស់លោក​ច​ន​សុន នឹងធ្វើ​ឱ្យ Brexit កាន់តែ​មិន​ប្រាកដប្រជា ជាមួយ​លទ្ធផល​ជាច្រើន​អាច​នឹង​កើតឡើង ចាប់ពី​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពី​សហភាព​អឺរ៉ុប​រហូតដល់​ការបោះបង់ចោល​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងមូល ដែល​លទ្ធផល​ទាំងពីរ​នេះ មិនអាច​ទទួលយកបាន​ទេ​ចំពោះ​អ្នកបោះឆ្នោត​ភាគច្រើន​នៅ​ចក្រភព​អង់គ្លេស​។​

​សម្ព័ន្ធមិត្ត​នៃ​សមាជិកសភា​បក្សប្រឆាំង​និង​ក្រុម​ជំទាស់​មកពី​គណបក្ស​អភិរក្ស​របស់លោក​ច​ន​សុន​បាន​បោះឆ្នោត​ក្នុង​សំឡេង ៣២៩​ទល់នឹង​៣០០ ហើយ​បន្ទាប់មក​បោះ ៣២៧​ទល់នឹង​២៩៩ គាំទ្រ​សេចក្តីព្រាងច្បាប់​ខាងលើ នៅក្នុង​ការអាន​សេចក្តីព្រាងច្បាប់​លើក​ទី ២ និង​ទី ៣​។​

​លោក​ច​ន​សុន​បាន​និយាយថា សេចក្តីព្រាងច្បាប់​នេះ​បាន​ពន្លិច​ចោលការ​ចរចា​អំពី Brexit របស់គាត់​ជាមួយ​សហភាព​អឺរ៉ុប និង​ត្រូវបាន​រៀបចំឡើង​ដើម្បី​លុបចោល​ប្រជាមតិ​ឆ្នាំ ២០១៦ ស្តីពី​ការចាកចេញ​ពី​ប្លុក​អឺរ៉ុប​។​

​លោក​ច​ន​សុន​បាន​ប្រាប់​សភា​ថា “​ដូច្នេះ​វា​ជា​សេចក្តីព្រាងច្បាប់​ដែល​គ្មាន​ទម្លាប់​ដូច​កាលពីមុន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​សភា​នេះ​ទេ ដែល​ឥឡូវ​បង្ខំ​នាយករដ្ឋមន្ត្រី​ជាមួយ​លិខិត​ព្រាង​ទុកជាមុន​ដើម្បីឱ្យ​ចុះចាញ់​នៅក្នុង​ការចរចា​ជា​អន្តរជាតិ​។ ខ្ញុំ​បដិសេធ​មិន​ធ្វើបែបនេះ​ទេ​។ សភា​នេះ​មិនបាន​ទុក​ជម្រើស​អ្វី​ក្រៅពី​ឱ្យ​សាធារណជន​សម្រេច​ថា​តើន​រណា​គេច​ង់​ធ្វើជា​នាយករដ្ឋមន្ត្រី​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

សភា​អង់គ្លេស​បោះឆ្នោត​កាលពី​ថ្ងៃ​ពុធ ទី​៤ កញ្ញា​ដើម្បី​រារាំង​លោកនាយក​រដ្ឋមន្ត្រី​បូរី​ស ច​ន​សុន ពី​ការយក​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី ៣១ តុលា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ