ស្ថាបនិក​នៃ​ក្រុម​ចលនា​អាវ​លឿង​ថៃ​ត្រូវបាន​ដោះលែង​ពី​គុក​មុន​ពេល​កំណត់​

593
ចែករម្លែក

​នាយកដ្ឋាន​កែតម្រូវ​របស់​ប្រទេស​ថៃ បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​៤​កញ្ញា​ថា លោក​សុន​ធី លីម​ថងគុល​( Sondhi Limthongkul )​ស្ថាបនិក​នៃ​ក្រុម​ចលនា​អាវ​លឿង​និង​ជា​​សេដ្ឋី​ពាណិជ្ជករ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ដែល​បាន​ដឹកនាំ​យុទ្ធនាការ​ជោគជ័យ​មួយ​ក្នុង​ការបណ្តេញ​នាយករដ្ឋមន្ត្រី​ថៃ​នៅ​ឆ្នាំ ២០០៦​នោះ ត្រូវបាន​ដោះលែង​ពី​ការ​ជាប់ពន្ធ​នា​​គារ​រយៈពេល​២០ ឆ្នាំ​ពី​បទ​ឆបោក​ហិរញ្ញវត្ថុ​។​

​នាយកដ្ឋាន​នេះ បាន​និយាយថា លោក​សុន​ធី​ត្រូវបាន​ដោះលែង​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​ការលើកលែងទោស ក្នុងពេល​ធ្វើ​ពិធី​ឡើង​សោយរាជ្យ​កាលពី​ខែ​មេសា​របស់​ស្តេច​ថៃ ​មហា វេចា​រ៉ា​ឡុងកន ប៉ុន្ត​ថា ការយល់ច្រឡំ​នៃ​ករណី​របស់​លោក បាន​ពន្យារ​ពេល​នៃ​ការដោះលែង​លោក​។​

​នាយកដ្ឋាន​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការលើកលែងទោស​នេះ​ត្រូវបាន​ផ្តល់ឱ្យ​លោក​សុន​ធី លីម​ថងគុល អាយុ ៧២​ឆ្នាំ​នេះ​ដោយ​ហេតុផល​ត្រឹម ត្រូវ​​តាម​ច្បាប់​បន្ទាប់ពី​ស្ថានភាព​របស់លោក​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ហើយ​មិន​មាន​អ្វី​ទាក់ទង​ជាមួយ​នយោបាយ​។ លោក សុន​ធី លីម​ថងគុល​ជាមួយនឹង​សហការី​អាជីវកម្ម ៣​នាក់​​របស់លោក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ពី​ឆ្នាំ ២០១២ ដល់​២០២០ ឆ្នាំ​ពី​បទ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ក្លែងបន្លំ​ជាមួយ​ការ​ក្លែងបន្លំ​ឯកសារ​ប៉ុន្តែ​ទាល់តែ​ដល់​ឆ្នាំ ២០១៦ ទើប​អាច​​នាំ​លោ​ល​ចូល​គុក​បន្ទាប់​ពី​តុលាការ​កំពូល បាន​បញ្ជាក់​ពី​សេចក្តីសម្រេច​រក្សាទុក​សាលដីកា​តុលាការ​ជាន់​ទាប​។​

​លោក​សុន​ធី លីម​ថងគុល បាន​បង្កើត​ក្រុម​ដែល​ហៅថា សម្ពន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​(​ក្រុម​អាវ​លឿង​ថៃ​) ចោទប្រកាន់​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណា​វ៉ាត ​ពី​បទ​ពុករលួយ​និង​រំលោភ​អំណាច​ហើយ​បាន​អំពាវនាវ​ឱ្យ​លោក​ចាក​ចេញពី​តំណែង​នោះ​។​ក្រុម​នេះ​បាន​ទទួល​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​គាំទ្រ​រាជានិយម​និង​យោធា​ហើយ​បាន​​ដឹកនាំ​ធ្វើបាតុកម្ម​រ៉ាំរ៉ៃ​នាំឱ្យ​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែកញ្ញា​នៅ​ឆ្នាំ​២០០៦​។

​រដ្ឋប្រហារ​នេះ​បាន​ឈាន​ដល់​ជម្លោះ​ហិង្សា​នៅពេល​ខ្លះ​ក្នុង​ការដណ្តើម​អំណាច​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​រវាង​ក្រុមប្រឆាំង​របស់លោក ថាក់ស៊ីន ស៊ីណា​វ៉ាត​និង​អ្នកគាំទ្រ​​របស់លោក ដែល​ត្រូវបាន​គេ​ស្គាល់​ថា​”​ក្រុម​អាវ​ក្រហម​”​។

​ក្រុម​អាវ​លឿង​បាន​ធ្វើ​បាតុកម្ម​ខ្លាំង​ឡើង​កាលពី​ឆ្នាំ​២០០៨ ដើម្បី​ស្វែងរក​ការទម្លាក់​នាយករដ្ឋមន្ត្រី​ដែល​គាំទ្រ​ដោយ​លោក ថាក់ស៊ីន ស៊ីណា​វ៉ាត​ចំនួន​២​នាក់ ដោយ​ពួកនេះ​បាន​ចូល​​ទៅ​កាន់កាប់​ការិយាល័យ​របស់​ពួក​គេ​អស់​រយៈពេល​៣ ខែ​និង​កាក់​កាប់​អាកាសយានដ្ឋាន​សំខាន់​នៅ​ទីក្រុង​បាងកក​អស់​រយៈពេល​មួយ​សប្តាហ៍​។

​មេដឹកនាំ​ទាំង​២​ដែល​គាំទ្រ​ដោយ លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត​ត្រូវបាន​បង្ខំ​ឱ្យ​ចុះចេញ​ពី​មុខតំណែង​ដោយ​ការសំរេច​ដោយ​តុលាការ​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​។​

​ក្រុម​អ្នកដឹកនាំ​បន្ត​នៃ​ក្រុម​អាវ​លឿង​បាន​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​យ៉ាងខ្លាំង​នៅ​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ ២០១៤​ដើម្បី​បណ្តេញ​បង​ប្អូនស្រី​របស់​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាតគឺ​​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ាត ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​។ លោកស្រី​ក៏​ត្រូវ បាន​ដក​ចេញពី​មុខតំណែង​ដោយ​ការសម្រេច​របស់​តុលាការ​ផងដែរ​ហើយ​រដ្ឋាភិបាល​របស់លោក​​ស្រី​ត្រូវបាន​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​មួយ​ទៀត​៕​ដោយ​៖​សុខា​/sn

លោក លោក​សុន​ធី លីម​ថងគុល ស្ថាបនិក​នៃ​ក្រុម​ចលនា​អាវ​លឿង​

ទីតាំងផ្សាយពាណិជ្ជកម្ម