ប្រតិភូ​អន្តរក្រសួង​ និង​រដ្ឋបាល ខេត្ត​ស្វាយរៀង​ ពិ​ភ្សា​អំពី​ស្ថាន ភាព​ជាក់ស្តែង​ នៃ​សកម្មភាព​វិនិយោគ និង​ពាណិជ្ជកម្ម​នៅ​ខេត្តស្វាយរៀង

296
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន នៅ​សាលប្រជុំ​សាលា ខេត្ត​ស្វាយរៀង​។​

ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់ អស់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ចំណុះ​រដ្ឋបាលខេត្ត លោក លោកស្រី ដែលជា​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​ផ្នែក​ឯកជន រោងចក្រ សហគ្រាស ជាច្រើនរូប​ទៀត​។​

​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ​គោលបំណង​នៃ​កិច្ចប្រជុំ​ពិ​ភ្សា​នេះ​បាន​ជជែក​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​សកម្មភាព​វិនិយោគ និង​ពាណិជ្ជកម្ម​នៅ​ខេត្តស្វាយរៀង សម្រាប់​ជា​មូលដ្ឋាន ក្នុងការ​រៀបចំ​ដាក់ចេញ​នូវ​យន្តការ ពិសេស​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ឲ្យ​កាន់តែច្រើន តាមរយៈ​ជាអាទិ៍ ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ជាយដែន ដោយ​យោងតាម​ស្មារតី និង​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន ក្រោម​អធិបតី សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ កម្ពុជា​នាពេល​កន្លងទៅ​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា ​កិច្ចប្រជុំ​ពិភាក្សា​នេះ​បាន​ផ្តោតទៅលើ​បញ្ហា​មួយចំនួន​ដូចជា​

  • ការរៀបចំ​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ជាយដែន បន្ថែមទៀត​។​
  • ការតភ្ជាប់​បណ្តាញ និង​ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ ។​
  • ការកំណត់​នូវ​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ទាក់ទាញ និង​ការរៀបចំ​ឡើងវិញ​នូវ​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​។​
  • ការរៀបចំ​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម និង​សម្រួល​ផ្នែក​ឡូ​ជី​ស្ទីក​នៅតាម​ជាយដែន ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រមទាំង​បញ្ហា​ប្រឈម​មួយចំនួន ដែល​កំពុង​កើតមានឡើង​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​។​
  • ការយកចិត្តទុកដាក់​ទៅលើ​បរិស្ថាន ការរៀបចំ​ប្រព័ន្ធ​លូ អាង​ចម្រោះ​ទឹក​កង្វក់ ការកែច្នៃ​កាកសំណល់​រឹង​វាវ ដែល​ចេញពី​រោងចក្រ​អោយមាន​ស្តង់ដា​។​

​ជាមួយគ្នានេះ លោក សុខ ចិន្តា​សោភា ក៏បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បង្កើន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រួល​ប្រតិបត្តិការ​នៃ​គម្រោង​វិនិយោគ​បច្ចុប្បន្ន សំដៅ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​បន្ថែម មក​បណ្តាក់ទុន​នៅតាម​តំបន់​ជាយដែន​របស់​កម្ពុជា​ក៏ដូចជា​នៅ​ខេត្តស្វាយរៀង​។

​ដល់ពេល​រសៀល​ថ្ងៃ​ដដែល គណៈប្រតិភូ​អន្តរក្រសួង​ស្ថាប័ន អមដំណើរ​ដោយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ​ពាក់ព័ន្ធ បាន​ចុះទៅ​ពិនិត្យមើល​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម​នៅ​ក្រុង​បាវិត​ផងដែរ​៕B/​

ទីតាំងផ្សាយពាណិជ្ជកម្ម