​ស្រុក​ជាំ​ក្សាន្ត​តំបន់​ខ្លះ​ទឹក​បន្ត​លិច​និង​តំបន់​ខ្លះទៀត​ទឹកបាន​ស្រក​

351
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ស្រុក​ជាំ​ក្សាន្ត​ភូមិ​ឃុំ​មួយចំនួន​ជំនន់​ទឹកភ្លៀង​បាន​បន្ត​លិច​ផ្លូវ​និង​ស្រែចម្ការ​ឯ​ភូមិ​ឃុំ​ខ្លះទៀត​ទឹកបាន​ស្រក​តែ​ស្រែ​ស្រូវ​ជាង​១.០០០​ហិកតា​បាន​រង​ការ​លិច​ទឹក​នៅឡើយ​។​

​តាម​ការ​ឱ្យដឹងពី​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា​គិត​ត្រឹម​ម៉ោង​៩​និង​៣៥​នាទី​ថ្ងៃ​ព្រហស្បតិ៍​តទី​៥​កញ្ញា​ឆ្នាំ​២០១៩​នេះ​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​សែន​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​បាន​ហក់​ឡើងដល់​កម្ពស់​១១,៣០​ម៉ែត្រ​ហើយ​។​

​នៅ​ស្រុក​ជាំ​ក្សាន្ត​ទឹកជំនន់​នៅតែ​បន្ត​ហក់​ឡើង​ខ្លាំង​ធ្វើឱ្យ​ផ្លូវលំ​ជនបទ​ក្រួស​ក្រហម​ប្រវែង​២.០០០​ម៉ែត្រ​ចូលទៅ​កាន់​ភូមិ​យាង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​នេះ​បាន​នឹង​កំពុង​រង​នូវ​ការ​ជន់​លិច​ជាខ្លាំង​មិន​អាចឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​បាន​។​

​លោក​ហ៊ឹម​ហឿន​មេឃុំ​យាង​បានឱ្យដឹងថា​ស្ថានភាព​កម្ពស់​ទឹកជំនន់​នៅ​កំពុងតែបន្ត​ហក់​ឡើង​យ៉ាងខ្លាំង​បានធ្វើឱ្យ​ទឹក​ជន់​លិច​ផ្លូវលំ​ក្រួស​ក្រហម​ពី​ភូមិ​កោង​យោង​ចូលមក​កាន់​ឃុំ​យាង​ស្ទើរ​អស់ទាំង​ស្រុង​។​លោក​មេឃុំ​បញ្ជាក់ថា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ត​នេះ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវ​អស់​ចំនួន​២.០០០​ម៉ែត្រ​ហើយ​ទឹក​ក៏​នៅតែ​បន្ត​ហក់​ឡើង​លឿន​ទៀត​។​

​លោក​មេឃុំ​បាន​បន្តថា​ចំពោះ​ផ្លូវលំ​ចេញពី​ឃុំ​យាង​ទៅកាន់​ភូមិ​ជាំ​ស្រែ​ទឹកជំនន់​បាន​ស្រក​វិញ​ខ្លះ​។​ប៉ុន្តែ​រង​ការខូចខាត​ជាច្រើន​កន្លែង​ដោយ​កន្លែង​ខ្លះ​ដាច់​នឹង​ទឹក​ច្រោះ​។​រីឯ​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​ស្រែ​របស់​ប្រជាពលរដ្ឋ​ជាង​១​ពាន់​ហិកតា​កំពុងតែ​ស្ថិតនូវ​ការ​ជន់​លិច​ទឹក​នៅឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម