​អ្នកស្រុក​អង្គរ​មាន​លក្ខខណ្ឌ​ដូចម្តេចខ្លះ​ដើម្បី​ទទួលបាន​សិទ្ធិ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​?

1250
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​តើ​អ្នកស្រុក​អង្គរ​មាន​លក្ខខណ្ឌ​ដូចម្តេចខ្លះ​ដើម្បី​ទទួលបាន​សិទ្ធិ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​? នេះ​គឺជា​ការបញ្ជាក់​របស់​អា​ជ្ញា​ធរ​អប្សរា​នា​ថ្ងៃទី​៥ ខែកញ្ញា​ឆ្នាំ​២០១៩​។​

​យោងតាម​ប្រការ​១ និង​ប្រការ​២​នៃ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ ៧០ សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០០៤​ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១​និង​តំបន់​២​ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​-​អង្គរ​បាន​ចែងថា​ប្រជាពលរដ្ឋ​ដែលមាន​លំនៅស្ថាន​និង​រស់នៅ​យូរលង់​មកហើយ។​អាច​ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម​ឬ​សាង​សង់ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​។​ដោយមាន​ការសុំ​អនុញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប៉ុន្តែ​រាល់​ការសាងសង់​ផ្ទះ​ថ្មី​បន្ថែម ត្រូវ​ហាមឃាត់​ជាដាច់ខាត​។​

​ប្រជាពលរដ្ឋ​អ្នកស្នើសុំ​សាងសង់​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា​៖​លិខិត​ទាក់ទង​នឹង​ការកាន់កាប់​និង​ប្រើប្រាស់​ដីធ្លី​លិខិត​ស្នាក់នៅ​(​សៀវភៅ​ស្នាក់នៅ​ឬ​សៀវភៅ​គ្រួសារ​)​អត្តសញ្ញាណ​បណ្ណ​និង​សំបុត្រកំណើត​ជាដើម​។​លើសពីនេះទៅទៀត​ក្រោយពី​បានទទួល​ពាក្យស្នើសុំ​សាងសង់​ពី​ប្រជាពលរដ្ឋ​អ្នកជំនាញ​ពី​នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅស្ថាន​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការវិនិច្ឆ័យ​។​

​ដោយ​ពិនិត្យ​លក្ខខណ្ឌ​មួយចំនួន​មុននឹង​អនុញ្ញាតឱ្យ​សាងសង់​តាមរយៈ​ការចុះទៅ​ពិនិត្យ​ដល់ទី​តាំង​ស្នើសុំ​ជាក់ស្តែង​ផ្ទាល់​សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការកាន់កាប់​និង​ប្រើប្រាស់​ដីធ្លី​ប្រវត្តិ​នៃ​ការតាំង​ទីលំនៅ​ព្រមទាំង​ផ្ទៀងផ្ទាត់​ខ្នង​ផ្ទះ​ចាស់​ដែល​មាននៅ​ទីតាំង​ស្នើសុំ​នោះ​។​ជាមួយនឹង​ទិន្នន័យ JICA​ធ្វើឡើង​នៅ​ឆ្នាំ​១៩៩៨​រូបភាព​ពីលើ​អាកាស​GoogleEarth​ឆ្នាំ​២០០៤​និង​ឈ្មោះ​របស់​ម្ចាស់​សំណើ​នៅក្នុង​បញ្ជី​ជំរឿន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ឆ្នាំ​២០០៤-២០០៥​។

​នៅពេល​ពិនិត្យឃើញថា​ម្ចាស់​សំណើ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចេញ​លិខិតអនុញ្ញាត​សាងសង់​ដោយមាន​ភ្ជាប់​ជាមួយនឹង​លិខិត​ប្រកាស​សាងសង់​(​ក្រដាស​ពណ៌​លឿង​)​និង​កិ​ច្ចស​ន្យ​សាងសង់​ដែល​សា​ម៉ី​ជន​យល់ព្រម​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ប្លង់​ស្ថាបត្យកម្ម​ជា​សំណង់​ស្រាល​គ្មាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី​ដែលមាន​រចនាបថ​ជា​សំណង់​លំនៅដ្ឋាន​ខ្មែរ​។

គួរបញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ​អាចដាក់​ពាក្យស្នើសុំ​សាងសង់​បាន​នៅ​៣​ទីតាំង ៖ ទីតាំង​ទី​១ នៅ​ច្រកចេញចូល​តែមួយ​ប្រចាំ​ស្រុក​ពួក​។ ទីតាំង​ទី​២ នៅ​ចេញចូល​ចូល​តែមួយ​ប្រចាំ​ក្រុង​សៀមរាប និង​ទី​តាំងទី​៣ នៅ​មជ្ឈមណ្ឌល​សេវាកម្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថិតនៅ​ភូមិ​បង្កោង ឃុំ​បាគង ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។​

ការឆ្លើយតប​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​ទៅកាន់​ម្ចាស់​សំណើ​វិញ​គឺមាន​រយៈពេល​៣០​ថ្ងៃ​(​ថ្ងៃ​ធ្វើការ​)​ហើយ​រាល់​ការស្នើសុំ​សាងសង់​ពុំមាន​ការបង់ថ្លៃ​សេវាកម្ម​ផ្នែក​រដ្ឋបាល​ឡើយ​៕S/

​រូបភាព​:​អ្នកស្រុក​អង្គរ​មាន​លក្ខខណ្ឌ​ដូចម្តេចខ្លះ​ដើម្បី​ទទួលបាន​សិទ្ធិ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម