ក្រុមមន្ត្រី​អាម៉េរិក​និយាយថា វ៉ាស៊ីនតោន​កំពុង​ចរចា​ជាមួយ​ពួក​ឧទ្ទាម​យេ​ម៉ែន​

456
ចែករម្លែក

មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កញ្ញា​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិភាក្សា​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ដែលមាន​សម្ព័ន្ធ​ភាពជា​មួយ​អ៊ីរ៉ង់​ក្នុង​គោលបំណង​បញ្ចប់សង្គ្រាម​យេ​ម៉ែន​។​

​ឧបការី​កិច្ចការ​តំបន់​មជ្ឈិមបូព៌ា​លោក ដេវីត ស្កេ​ន​កឺ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ថា “​យើង​ផ្តោតចិត្ត​ទុកដាក់​ខ្លាំង​លើ​ការព្យាយាម​បញ្ចប់សង្គ្រាម​នៅ​យេ​ម៉ែន​។ យើង​ក៏​កំពុង​ពិភាក្សាគ្នា​ផងដែរ​នូវ​លទ្ធភាព​ដែល​អាច​ធ្វើបាន​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ដើម្បី​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទាំងសងខាង​សម្រាប់​ជម្លោះ​”​។​

​នេះ​គឺជា​ការកត់សម្គាល់​នៃ​ការទាក់ទង​គ្នា​ជា​លើកដំបូង​រវាង​រដ្ឋបាល​ត្រាំ​និង​ពួក​ហ៊ូ​ធី​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​។​

​ការវាយលុក​ប្រឆាំងនឹង​រដ្ឋាភិបាល​យេ​ម៉ែន​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ក្នុង​ឆ្នាំ ២០១៥ បាន​នាំឱ្យមាន​អន្តរាគមន៍​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​នេះ ប៉ុន្តែ​ជម្លោះ​របស់​យេ​ម៉ែន​ចាប់តាំងពី​ពេលនោះ​មក​គឺ​កាន់តែ​ស្មុគស្មាញ​និង​ប្រទាក់ក្រឡា​ចម្រុះ​។​

​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ក្រុមមន្ត្រី​អាម៉េរិក​បាន​ជួបពិភាក្សា​ខ្លី​ជាមួយ​មេដឹកនាំ​ហ៊ូ​ធី​នៅ​ខែមិថុនា​ឆ្នាំ ២០១៥ ពោលគឺ​ត្រឹមតែ ៣ ខែ​ប៉ុណ្ណោះ បន្ទាប់ពី​អន្តរាគមន៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បានចាប់ផ្តើម​ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យចូល​រួម​ក្នុង​កិច្ចចរចា​សន្តិភាព​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ដើម្បី​ដោះស្រាយ​វិបត្តិ​។​

​សន្និសីទ​ក្រុង​ហ្សឺ​ណែវ​និង​ការចរចា​ជាច្រើន​ជុំ​ទៀត​បាន​បរាជ័យ​ក្នុងការ​បញ្ចប់​ជម្លោះ ដែល​បាន​រុញច្រាន​យេ​ម៉ែន​ខិត​ទៅរក​គ្រោះ​ទុរភិក្ស​។​

​មនុស្ស​រាប់សិប​ពាន់​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​កាន់កាប់​រដ្ឋធានី​សា​ណា​និង​ផ្នែក​ភាគច្រើន​នៃ​ប្រទេស​នេះ​ក្នុង​ឆ្នាំ ២០១៤ ។​

​ជម្លោះ​នេះ​បាន​បង្ក​ឱ្យ​ផ្ទុះឡើង​នូវ​អ្វីដែល​អង្គការសហប្រជាជាតិ​ហៅថា វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

ឧបការី​កិច្ចការ​តំបន់​មជ្ឈិមបូព៌ា​លោក ដេវីត ស្កេ​ន​កឺ (​ទី​២​រាប់​ពីស្តាំ​) ពិនិត្យមើល​អាវុធ​អ៊ីរ៉ង់​រឹបអូស​បាន​ដោយ​កងទ័ព​អា​រ៉ា​ប៊ី​សា​អូឌីត​ពី​ពួក​ឧទ្ទាម​ហ៊ូ​ធី អំឡុង​ទស្សនកិច្ច​នៅ​មូលដ្ឋានទ័ព​អាល់​ខា​ច​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម