ក្រុម​កម្ពុជា លេង​ស្មើ​ហុងកុង ១​ទល់​១ ក្នុង​ទឹកដី​

399
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ការប្រកួត​បាល់ទាត់ ជម្រុះ​ជើងឯក​ពិភពលោក ជុំ​ទី​២ ដែល​លេង​នៅលើ​ទឹកដី​កម្ពុជា​នោះ ក្រុម​កម្ពុជា លេង​ស្មើ​ជាមួយ​ក្រុម​ហុងកុង ១​ទល់​១ ។ ហុងកុង បាន​ទាត់​ចូល​ក្រុម​កម្ពុជា មួយ​គ្រាប់​មុន ដែល​ធ្វើបាន​សម្រេច ដោយ​កីឡា​ករលេខ ១៦ Tan Chun Lok ។ មកដល់​នាទី ៣៤ ក្រុម​កម្ពុជា យក​ស្មើ​បាន​វិញ ដោយ​កីឡា​ករលេខ ១៤ កែវ សុខ​ផេង ។ លទ្ធផល​នេះ បាន​រក្សាទុក រហូតដល់​ចប់​ការប្រកួត ដោយ​ហុងកុង បាន​១​ពិន្ទុ ក្នុង​ដៃ ឯ​កម្ពុជា ក៏បាន​១​ពិន្ទុ ក្នុង​ដៃ​ដែរ ។​

​លោក Filex G. Dalmas គ្រូបង្វឹក នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បញ្ជាក់ថា លោក​មិន​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​ទេ តែ​លោក​ក៏​មិន​ខកចិត្ត​ដែរ ក្រោយ​ស្មើ ជាមួយ​ហុងកុង​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ចប់​ការប្រកួត លោក Filex G.Dalmas បាន​លើកឡើងថា «​សម្រាប់​មតិ​របស់ខ្ញុំ ពួកយើង​មិន​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​ទេ តែ​ក៏​មិន​ខកចិត្ត​ដែរ​។ ពួកយើង​បានធ្វើ​ការងារ ជាមួយ​កីឡាករ រយៈពេល ១ ឆ្នាំ​មកហើយ​។ ប៉ុន្ដែ​នេះ​ត្រឹម​ជា​មូលដ្ឋានគ្រឹះ​ប៉ុណ្ណោះ​។ ខ្ញុំ​គិតថា ប្រជាជន​កម្ពុជា គួរតែ​សប្បាយចិត្ត សម្រាប់​អ្វីដែល​កីឡាករ របស់​យើង បានធ្វើ​នៅលើ​ទីលាន​ថ្ងៃនេះ​។ យើង​មិន​ចង់​ធ្វើជា​ក្រុម​មួយ ដែល​តូច ឬ​ខ្សោយ ទៅលេង​ជាមួយ ក្រុម​មួយ​ខ្លាំង​នោះទេ​។ អ្វីដែល​ខ្ញុំ​និយាយ​… ព្រោះ​កីឡាករ​យើង មាន​ភាពក្លាហាន និង​ហ៊ាន​លេង​គ្រប់​កាលៈទេសៈ ទាំងនេះ គឺជា​អ្វីដែល​អ្នកគាំទ្រ​។​»

​គ្រូបង្វឹក​សញ្ជាតិ អា​ហ្ស​ង់​ទីន ដដែល​រូបនេះ បាន​បន្តទៀតថា​៖ «​នេះ​គឺជា​មូលដ្ឋានគ្រឹះ របស់​កីឡាករ​កម្ពុជា របស់​យើង ទោះ​ប៉ះ​ក្រុម​ណាក៏ដោយ ហើយ​នៅតែ​រក្សា ទម្រង់​លេង​បែបនេះ​ដដែល​។ ទោះបីជា​យើង ត្រូវគេ​នាំមុខ ១​ទល់​០ ក៏ដោយ តែ​យើង​ព្យាយាម​លេង និង​រក្សា​បាល់ រហូត​យើង​ធ្វើបាន​សម្រេច​មកវិញ ទោះបី​វា​ជួប​ការលំបាក ក្នុង​បាល់ទាត់​ក្ដី​។​»

ទិដ្ឋភាព​ប្រកួត​

​លោក​បាន​បន្ថែម​ចុងក្រោយ​ថា​៖ «​ការលេង​ថ្ងៃនេះ មិនមែនជា​គុណសម្បត្តិ តែ​កីឡាករ លេង​លើ​ទីលាន​នោះទេ គឺ​ផ្ដើមចេញពី​កីឡាករ ៣៥ នាក់ ដែល​បានចាប់ផ្ដើម ការហ្វឹកហាត់​ពីថ្ងៃ​ដំបូង​។ និយាយ​រួម គឺ​បាល់ទាត់ គឺ​ត្រូវការ​បែបនេះ ដោយ​កីឡាករ​ត្រូវធ្វើ​ការ​ជា​ក្រុម និង​សហការគ្នា​ជានិច្ច​។​»

​ដោយឡែក លោក Mika MattiPaate lainen គ្រូបង្វឹក​ក្រុម​ជម្រើស​កោះ​ហុងកុង បានលើកឡើង ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​មើលឃើញ ពី​ការអភិវឌ្ឍ​របស់ ក្រុម​ជម្រើសជាតិ​កម្ពុជា ពោល​គឺមាន​ភាពប្រសើរ​ឡើង គួរឱ្យកត់សម្គាល់ បើ​ធៀប​នឹង​ការប្រកួត កន្លងមក​។​

​លោក​បាន​លើកឡើងថា​៖ «​កម្ពុជា គឺជា​ក្រុម​ដែលមាន​កីឡាករ មាន​ល្បឿន​លឿន ដែល​បង្កបញ្ហា​ដល់​ក្រុម​ខ្ញុំ តែ​យ៉ាងណា ខ្ញុំ​ក៏​សប្បាយ​ចិត្តនឹង​ការ​ខំប្រឹង របស់​កីឡាករ​យើង ដែល​បាន​ព្យាយាម​ប្រយុទ្ធ រហូត​ចប់​ការប្រកួត ៩០ នាទី ហើយ​យ៉ាងហោចណាស់ ក៏​យើង​រកបាន​គ្រាប់​បាល់ និង​ទទួលបាន ១ ពិន្ទុ ក្នុង​ដៃ​ដែរ ប៉ុន្តែ​លទ្ធផល​នេះ ខ្ញុំ​មិន​ពេញចិត្ត​នោះទេ ព្រោះ​ខ្ញុំ​មក​ទីនេះ ដើម្បី​ទទួលបាន ៣ ពិន្ទុ តែ​យើង​ដឹងថា វា​មិន​ងាយស្រួល​នោះទេ សម្រាប់​ការប្រកួត​ក្រៅ​ដី​។​»

​គ្រូបង្វឹក​ជនជាតិ​ហ្វាំ​ង​ឡង់​រូបនេះ បាន​បន្ថែមថាៈ «​កម្ពុជា​គឺជា​ក្រុម​មួយ ដែលមាន​ការអភិវឌ្ឍ និង​រីកចម្រើន​លឿន ខ្លាំង​មែនទែន ដែល​ធ្វើ​ឲ្យ​ការប្រកួត​នេះ មាន​ភាព​ទាក់ទាញ កាន់តែខ្លាំង ហើយ​ក្រុម​កម្ពុជា មាន​ផែនការ​ច្បាស់លាស់ មាន​ទស្សនៈ និង​ចក្ខុវិស័យ​ច្បាស់លាស់ វា​ពិតជា​ការប្រកួត ក្នុង​ដី​ដ៏​អស្ចារ្យ​មួយ សម្រាប់​កម្ពុជា ព្រោះ​ជាការ​ប្រកួត មុខ​អ្នកគាំទ្រ​របស់ខ្លួន ហើយ​វា​ពិតជា​មិន​ងាយស្រួល​នោះទេ សម្រាប់​ក្រុម​យើង​ហើយ យើង​នឹង​ព្យាយាម​កែប្រែ ឲ្យ​បានល្អ​ប្រសើរ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​»

​សូមបញ្ជាក់ថា កម្ពុជា នឹងមាន​ការប្រកួត​មួយ ប្រកួត​ទៀត នៅក្នុង​ពូ​ល C នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ជាមួយ​ជម្រើសជាតិ​បា​រ៉ែ​ន ដែលជា​ការប្រកួត​ទី​២ ប្រចាំ​ពូ​ល​នេះ ខណៈ​ពេលនេះ​ផងដែរ កម្ពុជា កាន់ ១ ពិន្ទុ​ក្នុង​ដៃ​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម