ត្រាំ​បង្កើត​កម្មវិធី​យោធា​អាកទិក​ថ្មី​ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី​និង​ចិន​

2172
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជូន​កងទ័ព​ជើង​ទឹក​និង​ម៉ា​រី​ន​ទៅធ្វើ​សមយុទ្ធ​រយៈពេល​មួយ​ខែ​នៅ​រដ្ឋ​អា​ឡា​ស្កា ដើម្បី​ទប់​ការ​គំរាម​ចេះតែ​កើន​ឡើង​របស់​រុស្ស៊ី​​និង​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​អាក​ទិក​។​

​សកម្មភាព​យោធា​នៅ​តំបន់​នេះ​នឹង​ត្រូវ​គិតថា​ជា​ការបង្ហាញ​យ៉ាងច្បាស់​ថា ប្រធានាធិបតី​អាម៉េរិក​កំពុង​សម្លឹង​រក​ការត្រួតត្រា​តំបន់​នេះ នៅពេល​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ​​ពូ​ទីន និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ធ្វើ​ដូច្នេះ​ជាស្រេច​។​

​រុស្ស៊ី​និង​ចិន មើលឃើញ​តំបន់​អាក​ទិ​កថា​មាន​សារសំខាន់​ណាស់​ចំពោះ​ផែនការ​របស់​គេ​ក្នុង​ពង្រីក​ជំនួញ​និង​ឥទ្ធិពល​នៅ​ជុំវិញ​ពិភពលោក​។​

​បណ្តា​នាវា​អាម៉េរិក នឹង​ធ្វើដំណើរ​តាម​ផ្លូវ​ដឹកជញ្ជូន​សំខាន់ៗ ចូលរួម​ក្នុង​ការ​ស៊ើប​ការណ៍ ព្រមទាំង​សមយុទ្ធ​យោធា​។​ទាហានជើងទឹក​និង​ម៉ា​រី​ន​អាម៉េរិក​ជាង​៣.០០០​នាក់​នឹង​​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ជាមួយនឹង​នាវា ឧទ្ធម្ភាគចក្រ យន្តហោះ​និង​យានយន្ត​យោធា​រាប់​សិប​គ្រឿង​។​

​កាលពី​ខែ​មុន ប្រធានាធិបតី ត្រាំ បាន​សម្តែង​ការចាប់អារម្មណ៍​ទិញ​យក​កោះ​ហ្គ្រី​ន​លែ​ន ដែល​ជា​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​របស់​ដា​ណឺ​ម៉ាក នៅ​ចំ​កណ្តាល​តំបន់​អាក​ទិក នៅ​ខាងជើង​អង់គ្លេស គឺ​ចន្លោះ​កាណាដា​និង​រុស្ស៊ី​។​

​ត្រាំ​បាន​និយាយថា «​យើង​ការពារ​ដា​ណឺ​ម៉ាក ក៏ដូចជា​ការពារ​ផ្នែក​ដ៏​ធំ​នៃ​ពិភពលោក​ដែរ​។​គំនិត​នេះ​ដុះ​ចេញមក ហើយ​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​នឹង​វា​។​ខាង​យុទ្ធសាស្ត្រ វា​គួរ​អោយ​ចាប់​អា​​រម្ម​ណ៍ តែ​យើង​នឹង​និយាយ​ទៅកាន់​ពួកគេ​បន្តិច​…»​។​

​តែ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក បាន​ឆ្លើយតប​ដោយ​និយាយថា «​ហ្គ្រី​ន​លែ​ន មិន​សំរាប់​លក់​ទេ ។​ហ្គ្រី​ន​លែ​ន​មិន​ជា​របស់​ដា​ណឺ​ម៉ាក​ទេ​។​ហ្គ្រី​ន​លែ​ន​ជា​របស់​ហ្គ្រី​ន​លែ​ន​»​។​

ត្រាំ និង​ពូ​ទីន ពាក់ព័ន្ធ​នឹង​ជម្លោះ​ការទូត​មួយចំនួន​

​ការ​ប្រជែង​គ្នា​ត្រួតត្រា​អាក​ទិក នាំអោយ​គេ​ឃើញ​រុស្ស៊ី ចិន​និង​ឥឡូវ អាម៉េរិក​បញ្ចេញ​សាច់ដុំ​យោធា​ក្នុង​បំណង​រារាំង​គូប្រជែង​កុំអោយ​ចូល​កាន់កាប់​តំបន់​នេះ​។​

​ឧទាហរណ៍ នាវាមុជទឹក​របស់​រុស្ស៊ី Tula និង Uri Dolgoruky​បាន​បាញ់​កាំជ្រួច​ផ្លោង​នៅក្នុង​មហាសមុទ្រ​អាក​ទិក​និង​សមុទ្រ​បារ៉ែន​។​លោកពូ​ទីន​ក៏​បាន​បញ្ជូន​នាវា​រ៉េ​អា​ក់ទ័រ​​បណ្តែត​ដើរ​ដោយ​ថាមពលនុយគ្លេអ៊ែរ​មួយ​ទៅ​កាន់​តំបន់​នេះ​។​

​កាលពី​ខែ​មុន​រុស្ស៊ី​ក៏​បាន​បញ្ជូន​កង​កាំជ្រួច​ពី​ដី​ទៅ​អាកាស​ទៅ​ឈរជើង​តំបន់​Murmansk​នៃ​ប្រទេស​រុស្ស៊ី​ភាគ​ខាងជើង​ជាប់​តំបន់​អាក​ទិក​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម