នី​ក​គី មីណា​ច ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ដោយ​ប្រកាសថា​ចូលនិវត្តន៍​ពី​សិល្បៈ​ដើម្បី​មានគ្រួសារ​

397
ចែករម្លែក

​តារាចម្រៀង​រ៉ែ​ប​នី​ក​គី មីណា​ច បានធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៥ កញ្ញា​ជាមួយនឹង​ការប្រកាស​ថា​នាង​បាន​ចូលនិវត្តន៍​ពី​វិស័យ​ចម្រៀង​ដើម្បី “​មានគ្រួសារ​របស់ខ្ញុំ​”​។​

​នាង​មីណា​ច​អាយុ ៣៦ ឆ្នាំ​បាន​ផ្តល់ដំណឹង​នេះ​ដល់​អ្នកគាំទ្រ​លើ Twiiter របស់​នាង​ចំនួន ២០ លាន​នាក់ ទោះបីជា​នាង​មិនបាន​និយាយ​ពីមុន​ថា​នាង​មាន​ផ្ទៃពោះ​ឬ​រៀបការ​រួច​យ៉ាងណាក៏ដោយ​។​

​តារាចម្រៀង​រូបនេះ​បានសរសេរថា “​ខ្ញុំ​បានសម្រេច​ចិត្ត​ចូលនិវត្តន៍​និង​មានគ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​ដឹងថា​អ្នក​ទាំងអស់គ្នា​សប្បាយចិត្ត​ណាស់​។ ចំពោះ​អ្នកគាំទ្រ​របស់ខ្ញុំ សូម​បន្ត​គាំទ្រ​ខ្ញុំ រហូតដល់​ថ្ងៃ​ខ្ញុំ​ស្លាប់​”​។​

​នាង​មីណា​ច​បាន​និយាយ​កាលពី​ខែមិថុនា​ថា​នាង​មាន​គម្រោង​រៀបការ​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ កេ​ន​ណេ​ត ផេ​ត​ធី ហើយ​កាលពី​ខែសីហា​នាង​បាន​ប្តូរ​ឈ្មោះ Twitter របស់​នាង​ទៅជា​លោកស្រី​ផេ​ត​ធី ប៉ុន្តែ​មិនបាន​និយាយថា​តើ​ពិធីមង្គលការ​បានកើត​ឡើង​ឬ​យ៉ាងណាទេ​។​

​តារាចម្រៀង​ម្ចាស់​បទ Starships បាន​លេចមុខ​ក្នុង​ឆាក​តន្ត្រី​កាលពី ១០ ឆ្នាំមុន​ជាមួយនឹង​អាល់​ប៊ុ​ម​ដំបូង​របស់​នាង​គឺ Pink Friday ហើយ​ល្បី​ខាង​សម្តី​មិនចេះ​សំចៃ​របស់​នាង ជម្លោះ​ជាមួយនឹង​តារាចម្រៀង​ផ្សេងទៀត ការពាក់​សក់​ពណ៌​ចម្រុះ និង បុគ្គលិកលក្ខណៈ​គួរឱ្យ​ជឿទុកចិត្ត​របស់​នាង​។​

​ក្នុងនាម​ជា​តារាចម្រៀង​ស្រី​រ៉ែ​ប​មួយចំនួន​តូច នាង​បានឈ្នះ​ពានរង្វាន់​តន្ត្រី​អាម៉េរិក​ចំនួន ៦ ក្លាយជា​ចៅក្រម​ដាក់ពិន្ទុ​ដ៏​ចម្រូងចម្រាស​ក្នុង​កម្មវិធី American Idol និង ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ជន​មាន​ឥទ្ធិពល​បំផុត​ទាំង​១០០​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦​។​

​ពួក​អ្នកគាំទ្រ​របស់​មីណា​ច​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​នេះ​។​

​អ្នកគាំទ្រ​ម្នាក់​ដែលមាន​ឈ្មោះថា MICAH បាន​សួរ​លើ​បណ្តាញ​សង្គម Twitter ថា “​នាង​ម៉េច​ក៏​ឆាប់​ចូលនិវត្តន៍​ម្ល៉េះ​?”៕ ដោយ៖ កញ្ញាដាលីស

នាង​នី​ក​គី មីណា​ច ប្រកាស​ចូលនិវត្តន៍​ពី​វិស័យ​ចម្រៀង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ