វេទិកា​ស្តីពី​ការចាប់ផ្តើម​អាជីវកម្ម​ទេសចរណ៍​ឆ្លាត​វៃ នៅ​ក្រុង​ហូជីមិញ​-​វៀតណាម​

534
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ ប្រតិភូ​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​កម្ពុជា បាន​ចូលរួម​ជា​អធិបតី និង​ជា​វាគ្មិន​ក្នុង​វេទិកា​ស្តីពី ការចាប់ផ្តើម​អាជីវកម្ម​ទេសចរណ៍​ឆ្លាត​វៃ (Startup Tourism Forum) ក្នុង​ចក្ខុវិស័យ​ពិភពលោក នាឱកាស​តាំងពិព័រណ៍​អន្តរជាតិ International Expo (ITE-CHCM) ចាប់ពី​ថ្ងៃទី​០៤-០៦ ខែកញ្ញា ឆ្នាំ​២០១៩ នាទី​ក្រុង​ហូជីមិញ សាធារណ​សង្គមនិយម​វៀតណាម​។​

​លោក សូ វិ​សុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​ចំណាប់អារម្មណ៍​អំពី​វេទិកា ស្តីពី​ការចាប់ផ្តើម​អាជីវកម្ម​ទេសចរណ៍​ឆ្លាត​វៃ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា (Smart Tourism Startup) គឺជា​ឱកាស​ដ៏​ប្រសើរ​បំផុត​មួយ ដែល​ថ្នាក់ដឹកនាំ និង​ប្រតិភូ​មកពី​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម (CLMTV) ជួបគ្នា​ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ព័ត៌មាន​ជាមួយនឹង​អ្នកជំនាញ ធុរជន និង​វិនិយោគិន អំពី​កា​វិវត្តន៍​ថ្មី​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ដែល​ពិភពលោក​កំពុង​ប្រឈម នាពេល​បច្ចុប្បន្ន ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា “​ប្រទេស​ប្រាំ គោលដៅ​ទេសចរណ៍​តែមួយ​” សំដៅ​ប្រើប្រាស់​អត្ថប្រយោជន៍ និង​នវានុវត្តន៍​ថ្មី​នៃ​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​រលូន ប្រកបដោយ​ភាព​ឆ្នា​ត​វៃ និង​ចីរភាព​ដល់​វិស័យ​ទេសចរណ៍ និង​ឧត្តមភាព​ប្រកួតប្រជែង​ក្នុង​យុគសម័យ​នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤​។​

​តាមរយៈ​ការរីកចម្រើន​សេវាកម្ម​បច្ចេកវិទ្យា វិស័យ​ទេសចរណ៍​កម្ពុជា​ក៏បាន​បោះជំហាន​រីកចម្រើន​ទៅ​មុខជា​លំដាប់ ដោយ​រក្សាបាន​កំណើន​វិជ្ជមាន​ជា​រៀងរាល់ឆ្នាំ និង​បានរួម​ចំណែក​ប្រមាណ ១២.៧% នៃ​ផលទុន​សរុប​ក្នុងស្រុក​។​

​ឆ្នាំ​២០១៨​កន្លងទៅ កម្ពុជា​សម្រេចបាន​កំណើន​ក្នុង​អត្រា​ប្រមាណ ១០.៧% ជាមួយនឹង​ការមកដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង ៦.២​លាន​នាក់ និង​នាំ​ប្រាក់ចំណូល​ប្រមាណ ៤.៣៥៦​លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។​

​កម្ពុជា​រំពឹងថា នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ជាង ៧​លាន​នាក់ និង​នាំមក​នូវ​ចំណូល​ប្រមាណ ៥​ប៊ី​លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ជិត ១​លាន​នាក់​។​

​បច្ចុប្បន្ន​សេវាកម្ម​បច្ចេកវិទ្យា​កំពុង​ពេញនិយម និង​ចាប់​ផ្តេ​ី​ម​ដើរតួនាទី​សំខាន់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​កម្ពុជា​ដូចជា​៖ PassApp, BookMeBus, Camboticket, Khmer24, MealTemple កម្មវិធី​ធនាគា​ចល័ត​របស់​ធនា​គារ ABA និង Pipay សេវាកម្ម​ទូទាត់​តាម​អ៊ី​ន​ធឺ​ណែ​ត ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (​អាហារ ភេសជ្ជៈ សំលៀកបំពាក់ និង​គ្រឿង​បម្លាស់​ផ្សេងៗ​) តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​លើកទឹកចិត្ត​ផ្នែក​ពាក់ព័ន្ធ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន​ឲ្យ​យកចិត្តទុកដាក់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ឲ្យ​បាន​ច្រើន ដែល​អាច​រក្សា​កំណើន​ទេសចរ និង​បង្កើន​បទពិសោធន៍​ថ្មីៗ​ដល់​ទេសចរ អំពី​តំបន់​គោលដៅ​ទេសចរណ៍​នានា​។​

​ក្រសួង ក៏បាន​ដាក់អោយ​ដំណេី​រការ កម្មវិធី​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត Mobile App និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា​ផ្សព្វផ្សាយ​ផ្សេងៗ​អំពី Digital មានដូចជា​៖

១៖ ការអភិវឌ្ឍន៍​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ សម្រាប់​កម្ពុជា​ឆ្ពោះទៅ​ឧស្សាហកម្ម ៤.០ ចាប់ពី​ថ្ងៃទី​១២-២៣ ខែសីហា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

២៖ ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ ឬ​ហៅថា Mobile Application (App) ថ្មី​លើកដំបូង​ដែលមាន​ឈ្មោះថា “Kingdom of Wonder”​។​

៣៖ វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​ស្តីពី ប្រព័ន្ធ​បច្ចេកវិទ្យា E-Certificate សម្រាប់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ព្រមទាំង​កា​ផ្តល់នូវ​សេវាកម្ម​ចុះឈ្មោះ​ក្រុមហ៊ុន តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម