ពលរដ្ឋ​មិនចេះ​អក្សរ​ងាយ​ប្រឈម​នូវ​អំពើ​ឆបោក​ពី​ជនខិលខូច​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​

385
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​អភិបាលខេត្ត​កោះកុង​យល់ឃើញថា​ប្រជាពលរដ្ឋ​ពុំ​ចេះអក្សរ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ពី​ក្រុម​ជនខិលខូច​នាពេល​បច្ចុប្បន្ន​។​ខណៈ​អន​ក្ខ​រ​ជន​គឺ​ងាយ​រងគ្រោះថ្នាក់​ជាងគេ​ក្រោមរូបភាព​ផ្តល់​កម្ចី​ជា​អត្រា​ការប្រាក់​។​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​បានដាក់​បញ្ជា​ដល់​អាជ្ញាធរ​សមត្ថកិច្ច​តាមដាន​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​អនុវត្ត​តាមច្បាប់​ជា​ធរមាន​។​

​លោកស្រី​មិថុនា​ភូ​ថង​បានលើកឡើង​ក្នុង​ទិវា​អក្ខរកម្ម​ជាតិ​៨​កញ្ញា​ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ​៖«​អក្ខរកម្ម​ផ្សារភ្ជាប់​នឹង​ជំនាញ​មុខរបរ​»​នៅ​ឃុំ​ត្រពាំងរូង​ស្រុក​កោះកុង​ថា​ជន​មិនចេះ​អក្សរ​បើ​ធៀប​នឹង​អ្នកចេះ​គឺ​ងាយ​ប្រឈម​នឹង​ការ​ឆបោក​ពី​ក្រុម​ជនខិលខូច​ខ្លាំងជាងគេ​។​ក្រោមរូបភាព​ជាម​ន្ត្រី​ឥណទាន​ផ្តល់​ការ​កម្ចី​ការប្រាក់​តិចតួច​ដោយ​ពួកគេ​កេងប្រវ័ញ្ច​យកប្រាក់​ដើម​រត់គេចខ្លួន​បាត់​ជា​ហូរហែរ​ទុកឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រង​ការខាតបង់​ថវិកា សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។

​អភិបាលខេត្ត​កោះកុង​ក៏បាន​សង្កត់ធ្ងន់​ទៀតថា​អំពើ​ឆបោក​របស់​ក្រុម​ជន​ខិល​ខូ​ត​ភាគច្រើន​ធ្វើឡើង​ផ្សព្វផ្សាយ​ទាក់ទាញ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​Online​ជាដើម​។​ដូច្នេះ​ស្នើ​ដល់​ក្រុម​អាជ្ញាធរ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ផ្តោត​ការយកចិត្តទុកដាក់​ប​ង្កើ​ន​ការតាមដាន​និង​បង្ក្រាប​កំណត់​មុខសញ្ញា​អោយ​ខាន​តែ​បាន​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការអភិវឌ្ឍន៍​នៅក្នុង​សហគមន៍​មូលដ្ឋាន​មិនត្រូវ​ឱ្យ​ពលរដ្ឋ​រងគ្រោះថ្នាក់​ព្រោះតែ​អំពើ​ឆបោក​ណាមួយ​ឡើយ​។​

​លោកស្រី​មិថុនា​ភូ​ថង​ជំ​រុញឱ្យ​អង្គភាព​និង​មន្ទីរជំនាញ​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​ធនធានមនុស្ស​ពី​អ្នកចេះ​មក​បង្រៀន​អ្នក​មិនចេះ​គ្រប់​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​រដ្ឋាភិបាល​ដែល​ដាក់ចេញ​ឱ្យ​អនុវត្ត​សម្រាប់​កិច្ច​រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​ឆ្ពោះទៅ​ភាព​រីកចម្រើន​។​ខណៈ​កន្លងទៅ បញ្ហា​ទឹក ផ្លូវថ្នល់ និង​ភ្លើងអគ្គិសនី​ជា​ចំណុច​អាទិភាព​បំផុត​។

​ប៉ុន្តែ​សព្វថ្ងៃនេះ​បញ្ហា​ពង្រឹងគុណភាព​អប់រំ​ធនធានមនុស្ស​ជា​ចំណុច​ចម្បង​ដែល​កំពុង​យកចិត្តទុកដាក់​ជា​យុទ្ធសាស្ត្រ​ដំបូង​ជាងគេ​។​ជាក់ស្តែង​ចំណេះដឹង​ជា​មូលដ្ឋាន​ក៏​ផ្តើមចេញពី​អាណាព្យាបាល​ម្តាយ​ឪពុក​របស់​កុមារ​ផ្ទាល់​តែម្តង​ក្នុងការ​អប់រំ​ណែនាំ​ដល់​កូនចៅ​ឱ្យដឹង​ច្បាស់​ពី​គុណភាព​នៃ​ចំណេះវិជ្ជា​និង​ការគោរព​ប្រពៃណី​សាសនា​។​

​ទាក់ទិន​នឹង​ការអប់រំ​អំពី​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះដែរ​លោក​ង៉ែ​តឡឹង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកោះកុង​ថ្លែងថា​មន្ទីរ​របស់លោក​នៅ​មិនទាន់​អាចអនុវត្ត​បានទេ​។​ទោះយ៉ាងណា​លោក​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​អប់រំ​នៅពេល​ក្រោយ​។​ប្រធាន​មន្ទីរអប់រំ​ខេត្ត​បង្ហាញថា​បច្ចុប្បន្ន​ខេត្តកោះកុង​មាន​អន​ក្ខ​រ​ជន​សរុប​៥.៦០០​នាក់​ស្រី​២.៧០០​នាក់​។​

​ក្រុម​អន​ក្ខ​រ​ជន​ទាំងនេះ​បានទទួល​សិក្សា​សមមូល​បឋមសិក្សា​បំពេញវិជ្ជា​អាន​សរសេរ​គិត​លេខ​និង​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ផ្ទាល់​ដោយ​ពលរដ្ឋ​៣៧០​នាក់​កំពុងដំណើរការ​រៀនសូត្រ​។​ក្រៅពី​សិក្សា​ក្រៅ​ប្រព័ន្ធ​គ្រូ​បង្គោល​ក៏​បង្រៀន​ជំនាញ​មុខរបរ​វិជ្ជាជីវៈ​កែ​សម្ផស្ស​ភ្លេង​ពិ​ណា​ពាទ្យ​ផលិត​លប​ក្តាម​ជួសជុល​ម៉ាស៊ីន​បោកគក់ ទូរ​ទឹកកក និង​ចិញ្ចឹម​ខ្យង​ចំពុះទា​។

​ដោយឡែក​អ្នកស្រី​ហេង​សុខលី​និង​លោកពូ​ណា​ង​តេង​ជា​ពលរដ្ឋ​ដែល​បានទទួល​ការបណ្តុះបណ្តាល​ខាង​ផ្នែក​អក្ខរកម្ម​កម្រិត​បឋម​សិក្សា រស់នៅ​ភូមិ​កោះ​កាពិ ឃុំ​កោះ​កាពិ ស្រុក​កោះកុង បាន​អះអាងថា ពួកគាត់​បាន​យល់ដឹង​ខ្លះ​ពី​ការសរសេរ​អាន​អក្សរ​និង​ចេះ​គិត​លេខ​បើ​ធៀប​មិនទាន់​ចូលរៀន​ងងឹត​សូន្យឈឹង​តែម្តង​។​ក្រៅពី​រៀនអក្សរ​ចំនួន​ពួកគាត់​ក៏​ចេះ​ដេរ​លប​មូង​ត្រី​ក្តាម​លក់​ទៅ​ពលរដ្ឋ​ឬ​ក្រុម​ឈ្នួ​ញ​នេសាទ ដើម្បី​រក​កម្រៃ​ចិញ្ចឹម​ជីវភាព​បាន​ច្រើន​គួរសម​។​

​ក្រុម​ពលរដ្ឋ​យល់ថា​គុណបំណាច់​នៃ​ការបង្ហាត់បង្រៀន​ផ្តល់​ចំណេះដឹង​របស់​គ្រូ​បង្គោល​ធ្វើឱ្យ​ជីវិត​ពួកគាត់​កាន់តែ​រុងរឿង និង​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​អក្ខរកម្ម​និង​ការសិក្សា​ពេញ​មួយជីវិត​។​ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ជាតិ ដោយ​រដ្ឋាភិបាល មាន​ជំនឿ​ដ៏​មុតមាំ​ថា ប្រជាពលរដ្ឋ​ដែល​ចេះអក្សរ​អាច​ប្រើប្រាស់​នូវ​ជំនាញ​របស់គេ​ដើម្បី​ទទួលបាន​នូវ​ការងារ​ធ្វើ​។​

​ជាមួយ​ការងារ​ដ៏​សមរម្យ​ពួកគេ​ទទួលបាន​នូវ​ប្រាក់ចំណូល​និង​ឱកាស​កែលម្អ​គុណភាព​នៃ​ជីវិត​រស់នៅ​។​អក្ខរកម្ម​បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុងសង្គម​ប្រកបដោយ​ប្រសិទ្ធភាព​និង​យល់ដឹង​ពី​សារៈសំខាន់​ផ្សេងៗ​នៅក្នុង​សង្គម​និង​ពី​ជីវិត​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម