ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០២០ រំកិល​ឡើង​បន្តិច​! សហជីព​ស្នើសុំ​១៩៩​ដុល្លារ ខណៈ​និ​យោជន​ហ៊ាន​ឱ្យ​១៨៤​ដុល្លារ​

436
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្នុង​កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​របស់​ក្រុម​ប្រឹក្សាជាតិ ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០២០ ដែល​ក្នុងនេះ​មាន​តំណាង​សហជីព និយោជក និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គេ​ឃើញថា​ខាង​តំណាង​សហជីព​បាន​ស្នើសុំ​ប្រាក់​ឈ្នួល​១៩៩​ដុល្លារ ក្នុងខណៈ​ក្រុម​និយោជក​ហ៊ាន​ឱ្យ​ត្រឹម​១៨៤​ដុល្លារ​អាមេរិក​។​

​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​នា​ទីស្តីការក្រសួង​ការងារ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា បន្ទាប់ពី​ភាគី​នីមួយៗ​បាន​បើក​កិច្ចប្រជុំ​ជា​ក្រុម​រៀងៗ​ខ្លួន​ជា​បន្តបន្ទាប់​មកនេះ​ដើម្បី​ធ្វើការ​កំណត់​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​ប្រចាំឆ្នាំ​២០២០​ខាងមុខ ខាង​ភាគី​សហជីព បាន​ស្នើសុំ​ប្រាក់​ឈ្នួល​ក្នុង​តួលេខ ១៩៩​ដុល្លារ ក្នុង​១​ខែ រីឯ​ខាង​ផ្នែក និយោជក វិញ​ជំ​ហ៊ាន​ដំ​បូ​នេះ​បានស្នើ​សុំ​ត្រឹម ១៨៤​ដុល្លារ​ក្នុង​មួយខែ​។​

​លោក ហេង​សួរ​បានឱ្យដឹង​បន្ថែមថា កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​លើក​ទី​៣ នា​ឆ្នាំនេះ​គេ​ឃើញថា តួលេខ​ដាក់ចេញ​ដំបូង​របស់​ភាគី សហជីព​និង​និយោជក នៅមាន​គម្លាត​ពីគ្នា​ចំនួន​១៥​ដុល្លារ​។ ទោះបីយ៉ាងណា​គេ​ឃើញថា ភាពខុសគ្នា​នៃ​ចំនួន​តួលេខ​នេះ​មិនមាន​អ្វី​ប្លែក​នោះឡើយ​ដោយសារ​ថា តាម​ធម្មតា​ភាគី​នីមួយៗ ពោលគឺ​ភាគី​សហជីព​តែង​ផ្តើម​ដោយ​តួលេខ​រាង​ខ្ពស់ ចំណែក​ភាគី​និយោជក​វិញ​តែង​ផ្តើម​ដោយ​តួលេខ​រាង​ទាប​។ ទោះបីយ៉ាងណា​នៅពេលដែល​ភាគី​នីមួយៗ រួមគ្នា​បើក​កិច្ចប្រជុំ​បន្តបន្ទាប់​ទៀត​ចំនួន​តួលេខ​នេះ គេ​រំពឹងថា នឹង​រំកិល​មករក​ជិតគ្នា​វិញ​ពុំខាន​។​

​អ្នកនាំពាក្យ​រូបនេះ​បានឱ្យដឹង​បន្ថែមថា “​បើ​យោងតាម​តួលេខ​ដែល​ភាគី​នីមួយៗ បានដាក់​មកនេះ គឺ​យោងតាម​លក្ខណៈវិនិច្ឆ័យ​ទាំង​៧ ដែល​យើង​បាន​ឯកភាពគ្នា​កន្លងមក​។​អញ្ចឹង​ខ្ញុំ​គិតថា​យើង​អាច​អបអរសាទរ និង​កោតសរសើរ​ទាំង​ភាគី​កម្មករនិយោជិត និង​ភាគី​និយោជក​ដែល​បាន​ប្រកាន់ខ្ជាប់​ភាពចាស់ទុំ ដែល​បាន​ប្រើប្រាស់​តួលេខ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ និង​លក្ខណៈវិនិច្ឆ័យ​ទាំង​៧ ដែល​យើង​ឯកភាពគ្នា​យ៉ាង​ល្អប្រសើរ​”​។​

​គួរ​បញ្ចា​ក់ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត ក្នុង​ឆ្នាំ​២០១៩​នេះ បាន​កើន​ដល់ ១៨២​ដុល្លារ ហើយ​សម្រាប់​ឆ្នាំ​២០២០​ខាងមុខ​គេ​រំពឹងថា ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម