ប្រធានាធិបតី​ហ្វីលីពីនមិន​ទាមទារ​ចម្លើយ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ពី​លោក ស៊ី ជីន​ពីង​

485
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​លោក ស៊ី​ជីន​ពីង​និង​ពិភាក្សា​អំពី​ការអភិវឌ្ឍ​​រួម​គ្នា​នៃ​ធនធាន​ប្រេង​និង​ឧស្ម័ន​នៅ​សមុទ្រ​។ ទោះបីជា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​បាន​កើតឡើង ដោយ​រួមទាំង​សេចក្តីសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​ឆ្នាំ ២០១៦​ដែល​បាន​សម្រេច​ថា​មិន​មាន​មូលដ្ឋាន​ច្បាប់​សម្រាប់​ការទាមទារ​កាន់កាប់​ជា​ប្រវត្តិសាស្ត្រ​របស់​ចិន​លើ​តំបន់​មួយចំនួន​នៃ​សមុទ្រ​នេះ​ក៏ដោយ ។​

​លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​នៃ​កិច្ចពិភាក្សា របស់​លោក​ជា​មួយ សម​ភាគី​ចិន លោក ស៊ី ជីន​ពីង​អំពី​ការទាមទារ​កាន់កាប់​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​​នេះ នៅក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ចិន​កាលពី​ពេល​ថ្មីៗ​នេះ​។ យោង​តាម​លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត ដែល​ត្រូវបាន ដកស្រង់​សម្តី​ដោយ​កាសែត​ចិន South China Morning Post នោះ ​ប្រធានាធិបតី​ចិន​បានបញ្ជាក់​ថា​” អ្នក​ដឹង​ទេ សេចក្តីថ្លែងការណ៍​របស់​យើង​គឺថា យើង​នឹង​មិន​ផ្លាស់ប្តូរ​ជំហរ​ទេ​។​យើង​មិន​ចង់​ពិភាក្សា​រឿង​នោះ​ទេ ពីព្រោះ​វា​ជា​របស់​យើង​។ យើង​​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​វា​។ ហេតុ​អ្វី​យើង​និយាយ​អំពី​វា​ជា​មួយ​លោក​? “​។​

​ដោយ​លើកឡើង​អំពី​អារម្មណ៍​តានតឹង​របស់​សម​ភាគី​ចិន​អំពី​ការតវ៉ា​នៅ​ក្រុង​ហុងកុង​នោះ មេដឹកនាំ​ហ្វីលីពីន​នេះ​បាន​លើកឡើង​ថា ខណៈពេលដែល​លោក​នៅតែ​ប្រកាន់​​ជំហរ​រឹងមាំ​នោះ លោក​(​ឌុយ​ទែត​)​មិន​បាន​ដាក់​សម្ពាធ​ទៅ​លើ​សម​ភាគី​របស់​លោក​ទេ​។​

​ដោយ​រំលឹក​ដល់​ការឆ្លើយតប​របស់​លោក​នោះ លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត បាន​និយាយថា ” ដើម្បី​ភាព​គួរសម​នោះ ខ្ញុំ​បាន​និយាយថា ខ្ញុំ​មិន​ចង់​ទទូច​ចង់បាន​ចម្លើយ​របស់​លោក​នៅ​​ឥឡូវនេះ​។ ខ្ញុំ​មិន​ពេញចិត្ត​នឹង​ចម្លើយ​របស់​លោក​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ស្នើ​មាន​ចម្លើយ​ផ្សេងៗ​ទៀត​ដែរ​។ ខ្ញុំ​នឹង​នៅ​តែ​រក្សា​ជំហរ​ដដែល​ដូចដែល​បាន​ប្រកាន់​ពីមុន​មក​ដោយ​ចាប់​​ផ្តើម​ពិចារណា​ថា​លោក​កំពុង​ស្ថិត​ក្នុង​អារម្មណ៍​តានតឹង​ជាមួយនឹង​បញ្ហា​ហុងកុង​”​។​

​ទោះ​យ៉ាង​ក្តី លោក​បាន​បដិសេធ​មិន​បញ្ជាក់​ច្បាស់​ពី​ជំហរ​ឬ​ការគិត​ផ្សេងៗ​របស់​លោក​លើ​បញ្ហា​នេះ​ទេ នៅពេល​ដែល​អ្នកកាសែត​ម្នាក់​បាន​សួរ​លោក​អំពី​បញ្ហា​នេះ​។ លោក​គ្រាន់​​តែ​បាន​ឆ្លើយ​ដោយ​ចោទ​ជា​សួរថា ” ប្រសិនបើ​អ្នក​អាច​ជួយ​បាន​តាមរយៈ​ការផ្តល់​យោបល់ ។ តើ​មាន​យោបល់​ផ្សេងទៀត​ទេ​? ឬ តើ​អ្នក​បាន​ដឹង​អំពី​ដំណោះស្រាយ​ណាមួយ​​ដែល​មិន​បង្ក​ជា​សង្គ្រាម​ជាមួយ​ប្រទេស​ចិន​ទេ ។ យើង​នឹង​មិន​ផ្លាស់ប្តូរ​គំនិត​ទេ “៕​ដោយ​៖​សុខា​/sn

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត

ទីតាំងផ្សាយពាណិជ្ជកម្ម