ឧកញ៉ា ម៉ុង ឬ​ទ្ធី រិះគន់​រឿង​នាំ​ជ្រូក​ចូល​ពី​ក្រៅ​ថា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​​ចេះតែ​ដើរ​សន្យា

1354
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្នុង​ដំណើរ​ចុះ​ពិនិត្យមើល កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ក្រុមហ៊ុន ស៊ី ខេ វ៉ា​យ អី របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ម្សិលមិញ​, ឆ្លើយតប​នឹង​សំណូមពរ​ពី​អ្នក​ចិញ្ចឹម​ជ្រូក សុំ​ឲ្យ​បិទ​ការ​នាំចូល​ប្រទេសជិតខាង​នោះ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​សន្យាថា នឹង​រៀបចំ​សេចក្តីជូនដំណឹង ដល់​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​ទាំងអស់ អំពី​ការលុបបំបាត់​ការ​នាំចូល​ខុសច្បាប់ នៅតាម​ច្រករបៀង និង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​។​
​ ​
​ប៉ុន្តែ​ចំពោះ​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ ត្រូវបាន​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ដែល​ត្រូវគេ​ដឹងថា​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ ចាត់ទុកថា​ជាការ​ដើរ​សន្យា​ប៉ុណ្ណោះ​។​
​ ​
​សារព័ត៌មាន​ហ្វ្រេស​ញូ​វ បាន​ដកស្រង់​សម្ដី លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ដែល​បាន​លើកឡើងថា​ការបិទ​ការ​​នាំចូល​ជ្រូក​ខុសច្បាប់ គឺ​មិនអាច​ទៅរួច​ទេ បើ​ក្រសួងកសិកម្ម​ចេញ​ច្បាប់ អនុញ្ញាត​ឲ្យ​នាំ​ជ្រូក​ចូល​នោះ​។​លោក​ថា​“…​ចេះតែ​និយាយថា​​ជ្រូក​នាំចូល​ខុសច្បាប់ ចុះបើ​ក្រសួងកសិកម្ម​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​វា​មានអី​ខុសច្បាប់​ទៀត​…​ហើយ​ចេះតែ​សន្យាថា ចាំ​ពិនិត្យ​សិក្សា​សិន ណ​បើ​ថែម​ពាក្យ​មួយ​ឃ្លា​ទៀតថា រហូតដល់​ដួលរលំ​អស់​សិន​…”។

សូមបញ្ជាក់ថា មួយរយៈ​កាល​ចុង​ក្រោយនេះ អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ខ្នាតតូច​នាំគ្នា​ឈប់​ចិញ្ចឹម​ស្ទើរ​ទាំងស្រុង​ដោយសារតែ​ប្រកួតប្រជែង​ជាមួយ​ជ្រូក​នាំ​ចូលទៅ​មិន​រួច ថ្លៃ​ខុសគ្នា​ឆ្ងាយ រីឯ​កសិដ្ឋាន​មួយចំនួនធំ​ក៏​កំពុង​ស្រែកថ្ងូរ​និង​ប្រឈម​ការបិទ​កសិដ្ឋាន​ផងដែរ​ដោយសារ​ថ្លៃដើម​ខ្ពស់ មិនអាច​ចិញ្ចឹម​យកចំណេញ​បាន​ដោយសារ​ជ្រូក​នាំចូល​ពី​វៀតណាម​ថោក​។​

​ទោះជា​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លើក​ហេតុផល​ថា​មិនអាច​ទប់ស្កាត់​ការហូរចូល​ជ្រូក​តាម​ច្រក​លួចលាក់​ជាច្រើន​នៅតាម​ព្រំដែន​ក្តី​​ក៏​ជាក់ស្តែង​គឺថា​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​នាំគ្នា​ស្រែកថ្ងូរ​និង​ឈប់​ចិញ្ចឹម​បណ្តើរៗ​ចាប់តាំងពី​ក្រសួង​បាន​សិទ្ធិ​ស៊ីញេ​លើ​ការអនុញ្ញាតអោយ​​នាំចូល​ជ្រូកក្នុងចំនួន​កំណត់ប្រចាំថ្ងៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម