នាយករដ្ឋមន្ត្រី​ចិន​៖ ក្រុង​ប៉េកាំង​គាំទ្រ​រដ្ឋាភិបាល​ហុងកុង​ក្នុងការ​បញ្ចប់​អំពើ​ហិង្សា​និង​ភាពវឹកវរ​

585
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង កាលពី​ថ្ងៃ​សុក្រ​ទី​៦​កញ្ញា បានបញ្ជាក់​ច្បាស់​ថា រដ្ឋាភិបាល​ចិន​ការពារ​គោលនយោបាយ​«​ប្រទេស​១ ប្រព័ន្ធ​២» និង​គំនិត​ដែលថា «​ប្រជាជន​​ហុងកុង​គ្រប់គ្រង​ប្រជាជន​ហុងកុង​»​។​

​លោក​បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង គាំទ្រ​រដ្ឋាភិបាល​ហុងកុង​ក្នុងការ​«​បញ្ចប់​អំពើ​ហិង្សា​ស្របតាម​ច្បាប់ ដើម្បី​នាំ​មក​វិញ​សណ្តាប់ធ្នាប់​ក្នុង​បំណង​ការពារ​វិបុលភាព​និង​​ស្ថិរភាព​យូរអង្វែង​របស់​ហុងកុង​»​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​នៅ​សន្និសីទកាសែត​រួមជាមួយ​អធិកា​ប​តី​អាល្លឺម៉ង់ លោកស្រី អង់​ហ្គេ​ឡា មឺ​កែល ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្រុង​ប៉េកាំង​និង​ក៏​បាន​ចាប់អារម្មណ៍​​នឹង​ដំណើរការ​វិវត្តន៍​សភា​ព​ការណ៍​នៅ​ហុងកុង​ផងដែរ​។​

នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង បាន​និយាយថា រដ្ឋាភិបាល​ចិន​ការពារ​«​គោលនយោបាយ​«​ប្រទេស​១ ប្រព័ន្ធ​២» និង​គំនិត​ដែលថា «​ប្រជាជន​ហុងកុង​គ្រប់គ្រង​ប្រជាជន​​ហុងកុង​»

​ហុងកុង​កំពុង​ប្រឈម​បាតុកម្ម​ថែម​ទៀត​នៅ​ចុង​សប្តាហ៍​នេះ ដោយ​ពួក​អ្នក​អ្នក​តវ៉ា​ប្រឆាំង​គំរាម​ធ្វើ​អោយ​ជាប់​គាំង​បណ្តាញ​គមនាគមន៍​ទៅកាន់​អាកាសយានដ្ឋាន ទោះជា​​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡា​ម បាន​ដកចេញ​ច្បាប់​បត្យាប័ន​ដែល​ជា​ដើម​ហេតុ​នៃ​ការប្រឆាំង​តវ៉ា​អស់​ជាង​៣​ខែ​មកនេះ​ក្តី​។​

​អង់​ហ្គេ​ឡា មឺ​កែល បាន​លើក​បញ្ហា​ហុងកុង​មក​និយាយ​ជាមួយ​លោក​លី ឃឹ​ឈាំ​ង​កាលពី​ថ្ងៃ​សុក្រ ដោយ​បញ្ជាក់​ថា ត្រូវ​មាន​ដំណោះស្រាយ​ដោយ​អហិង្សា​មួយ និង​«​ត្រូវ​ផ្តល់​សិទ្ធិ​និង​​សេរីភាព​ដល់​ពលរដ្ឋ​ហុងកុង​។​ក្នុង​សភាពការណ៍​បច្ចុប្បន្ន អំពើហិង្សា​ត្រូវតែ​រារាំង​។​មានតែ​ការចរចា​ទើប​អាច​ជួយ​បាន​។​មាន​សញ្ញា​ដែលថា មេដឹកនាំ​ហុងកុង​នឹង​អញ្ជើញ​ធ្វើ​​ការចរចា​គ្នា​មួយ​។​ខ្ញុំ​សង្ឃឹមថា​វា​នឹង​កើតមាន​ហើយ​បាតុករ​មាន​ឱកាស​ចូល​រួម​ក្នុង​ក្របខណ្ឌ​សិទ្ធិ​ពលរដ្ឋ​»៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម