ចិន​ចាក់​បញ្ចូល​លុយ​១២៦​ពាន់​លាន​ដុល្លារ​ទៅក្នុង​សេដ្ឋកិច្ច​យឺតយ៉ាវ​របស់ខ្លួន​

660
ចែករម្លែក

ធនាគារកណ្តាល​ចិន​កាលពី​ថ្ងៃ​សុក្រ ទី​៦ កញ្ញា បានធ្វើ​ចំណាត់​ការផ្តល់​ល្បឿន​ដល់​សេដ្ឋកិច្ច​យឺតយ៉ាវ​របស់ខ្លួន ដោយ​និយាយថា​ខ្លួន​នឹង​ចាក់​បញ្ចូល​លុយ​ចំនួន ១២៦ ពាន់​លាន​ដុល្លារ​អាម៉េរិក​ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ប្រយុទ្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង​ជាមួយ​សហរដ្ឋ​អាម៉េរិក និង កំពុង​ដោះស្រាយ​ការកើនឡើង​បំណុល​ដ៏​គ្រោះថ្នាក់​នៅក្នុង​ស្រុក​។​

​វិធានការ​នេះ​បានបង្ហាញ​ពី​ឆន្ទៈ​របស់​ចិន​ក្នុងការ​បន្ធូរបន្ថយ​យុទ្ធនាការ​ទប់ស្កាត់​ប្រាក់កម្ចី ដែល​បានដាក់​ទម្ងន់​លើ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ២ លើ​ពិភពលោក​នេះ និង ទំនង​អាច​នឹង​បើកទូលាយ​នូវ​ម៉ាស៊ីន​ផ្តល់​ប្រាក់កម្ចី​របស់ខ្លួន​បន្ថែមទៀត ប្រសិនបើ​ជម្លោះ​ពាណិជ្ជកម្ម​ចាប់ផ្តើម​កើនឡើង​កាន់តែ​ខ្លាំងក្លា​នោះ​។​

​ធនាគារ​ប្រជាជន​ចិន​បាន​និយាយថា​ខ្លួន​នឹង​កាត់បន្ថយ​អនុ​បាត​ប្រាក់​បម្រុង​កាតព្វកិច្ច​របស់ខ្លួន ពោលគឺ​ចំនួន​សាច់ប្រាក់​ពី​ប្រាក់​បញ្ញើ​ដែល​អ្នក​ឱ្យ​ខ្ចី​ត្រូវ​រក្សាទុក​ក្នុង​កញ្ចប់​ថវិកា​របស់​ខ្លួន មក​នៅត្រឹម ០,៥ ភាគរយ​នៅ​ថ្ងៃទី ១៦ កញ្ញា ដែល​នឹង​បន្ថែម​ប្រាក់​ប្រមាណ ៩០០ ពាន់​លាន​យ័ន​ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។​

​ធនាគារ​ខ្លះ​នឹង​ឃើញ​អត្រា​អនុ​បាត​ប្រាក់​បម្រុង​កាតព្វកិច្ច​របស់​ពួកគេ​ត្រូវបាន​កាត់បន្ថយ​ដល់ ១ ភាគរយ​ដើម្បី​លើកកម្ពស់​ការផ្តល់ប្រាក់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច​និង​សហគ្រាស​ឯកជន​។ ក្រុមមន្ត្រី​ជាន់ខ្ពស់​ក៏បាន​ចង្អុលបង្ហាញ​នៅ​សប្តាហ៍​នេះ​ផងដែរ​ថា​ពួកគេ​មាន​ផែនការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​នឹង​ការ​រៃអង្គាសប្រាក់​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​អាជីវកម្ម​ជាច្រើន​កំពុងមាន​ការលំបាក​ក្នុងការ​បើកទ្វារ​រកស៊ី​បន្តទៀត ភាព​អត់​ការងារ​ធ្វើ​កំពុង​កើនឡើង និង ក្រុមគ្រួសារ​ជាច្រើន​កំពុង​រែកពន់​នូវ​ការចំណាយ​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​។ តាមរយៈ​ការអំពាវនាវ​ឱ្យ​ធនាគារ​នានា​ផ្តល់​ប្រាក់កម្ចី​កាន់តែច្រើន​ដល់​ក្រុមហ៊ុន​និង​ការលើកទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​បន្ទុក​បំណុល ខ្ចីប្រាក់​កាន់តែច្រើន​នោះ ធនាគារកណ្តាល​សង្ឃឹម​ថា​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​ទោះយ៉ាងណា ជំហាន​នេះ​គឺមាន​ទំហំ​តិចតួច​បំផុត ដោយសារតែ​ទំហំ​សេដ្ឋកិច្ច​ចិន គ្រោះថ្នាក់​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​មួយឆ្នាំ​ជាមួយ​សហរដ្ឋ​អាម៉េរិក និង​ការថយចុះ​នូវ​ការរំពឹងទុក​ក្នុងចំណោម​សេដ្ឋកិច្ចវិទូ​កាន់តែ​ច្រើនឡើង​ថា​តើ​សេដ្ឋកិច្ច​ចិន​នឹង​កើនឡើង​ប៉ុន្មាន​នៅ​ឆ្នាំក្រោយ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​បន្ត​អូសបន្លាយ​ពេល​។​

​លោក ឡា​រី ហ៊ូ ប្រធាន​សេដ្ឋវិទូ​ចិន​ប្រចាំ​ក្រុមហ៊ុន Macquarie Group បាន​និយាយថា “​ការធ្វើ​គោលនយោបាយ​ក្នុងករណី​របស់​ចិន​គឺមាន​និន្នាការ​ស្ថិតនៅ​ពីក្រោយ​ខ្សែ​បន្ទាត់កោង ដែល​មានន័យថា ក្នុង​ពិភពលោក​ដ៏​ប្រសើរ​មួយ រដ្ឋាភិបាល​គួរតែ​ធ្វើ​ថែមទៀត​ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​។ វិធានការ​គោលនយោបាយ​ទាំងនេះ​គឺ​ស្រាល​ពេក​និង​តិចតួច​ពេក​មិនអាច​ទប់​ជាប់​ភាពយឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​ទេ​”៕ ដោយ៖ កញ្ញាដាលីស

ធនាគារកណ្តាល​ចិន​ចាក់​បញ្ចូល​លុយ ៩០០ ពាន់​លាន​យ័ន​ចូល​ប្រព័ន្ធ​ហិរញ្ញវត្ថុ