តុលាការ​កំពូល​ថៃ​បន្ថែម​ទោស​៦​ឆ្នាំ​ទៀត​លើ​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម សរុប​ត្រូវ​ជាប់គុក​៤៨​ឆ្នាំ​ជុំវិញ​គម្រោង​ទិញស្រូវ​អង្ករ​

616
ចែករម្លែក

កាលពី​ថ្ងៃ​សុក្រ​ទី​៦​កញ្ញា តុលាការ​កំពូល​បាន​បន្ថែម​ទោស ៦ ឆ្នាំ​ទៀត​ចំពោះ​ការជាប់​ពន្ធនាគារ​រប​ស់​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក ប៊ុន​សុង តិ​រី​យ៉ា​ភី​រុម ដែលនាំឱ្យ​ការជាប់​ពន្ធនាគារ​សរុប ៤៨ ឆ្នាំ​ចំពោះ​ការជាប់​ពាក់ព័ន្ធ​របស់គាត់​នៅក្នុង​កិច្ចសន្យា​ទិញដូរ​ស្រូវ​អង្ករ​ពុករលួយ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​។​

​សេចក្តីសម្រេច​របស់​ផ្នែក​ព្រហ្មទណ្ឌ​សម្រាប់​អ្នក​កាន់តំណែង​នយោបាយ​នៃ​តុលាការ​កំពូល​ថៃ​គឺជា​ផ្នែក​មួយ​នៃ​សេចក្តីសម្រេច​លើ​បណ្តឹងឧទ្ធរណ៍​របស់លោក​ប៊ុន​សុង លោកពូ​ម សា​រ៉ា​ពុល​អតីត​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង ជនជាប់ចោទ ២៦ នាក់​ផ្សេងទៀត បន្ទាប់ពី​គាត់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ៤២ ឆ្នាំ​ដោយ​តុលាការ​ដដែល​កាលពី​ថ្ងៃទី ២៥ ខែសីហា​ឆ្នាំ ២០១៧​។​

​ទោស ដែល​ដាក់ចេញ​ដោយ​ផ្នែក​ព្រហ្មទណ្ឌ​នេះ ដែល​កាត់​រឿងក្តី​អំពើពុករលួយ​នយោបាយ អាច​ត្រូវបាន​ប្តឹង​ឧទ្ធរណ៍​នៅក្រោម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៧ ទោះបី​វា​ជា​ផ្នែក​មួយ​នៃ​តុលាការ​កំពូល​របស់​ប្រទេស​ក៏ដោយ​។​

​ចៅក្រម​បាន​ចំណាយពេល ៨ ម៉ោង​ដើម្បី​អាន​សេចក្តីសម្រេច​របស់​ពួកគេ​កាលពី​ថ្ងៃ​សុក្រ​។ ការកាត់ទោស​លោកពូ​ម​ត្រូវបាន​តម្កល់​នៅ​រយៈពេល ៣៦ ឆ្នាំ​ដដែល​។​

​មនុស្ស​សរុប ២៨ នាក់​រួមទាំង​អ្នកនយោបាយ​និង​មន្ត្រី​រដ្ឋាភិបាល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​បទល្មើស​ជាច្រើន ដែល​រំលោភ​លើ​ច្បាប់​ស្តីពី​ការឃុបឃិត​លើ​តម្លៃ ក្រមព្រហ្មទណ្ឌ និង ច្បាប់​ប្រឆាំង​អំពើពុករលួយ​ទាក់ទង​នឹង​គម្រោង​ស្រូវ​អង្ករ​។​

​នៅក្នុង​សេចក្តីសម្រេច​ឆ្នាំ ២០១៧ តុលាការ​បាន​រកឃើញ​ថា កិច្ចសន្យា G2G (​ទិញ​លក់​ស្រូវ​រវាងរ​ដ្ឋា​ភិ​បាល​និង​រដ្ឋាភិបាល​) ក្នុង​ការនាំ​អង្ករ​ដែល​បាន​សន្យា​ទៅ​លក់​នៅ​ប្រទេស​ចិន ត្រូវបាន​ប្រឌិត ហើយ​តាមពិត​ពាក់ព័ន្ធ​នឹង​ការលក់​អង្ករ​ដែល​បាន​សន្យា​នោះ​ទៅ​ក្រុមហ៊ុន​ឯកជន​នៅ​ប្រទេស​ថៃ ដែលជា​លទ្ធផល​បាន​លក់​បន្តទៅ​ភាគី​ទី​បី​។​

​លោក​ប៊ុន​សុង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវបាន​តុលាការ​បន្ថែម​ពេល​ជាប់គុក ខណៈ​អ្នក​ខ្លះទៀត​ដែល​បាន​រួចខ្លួន​បន្ទាប់ពី​សេចក្តីសម្រេច​លើក​ទី ១ ក្នុង​ឆ្នាំ ២០១៧ ត្រូវបាន​ពិន័យ​ជា​ប្រាក់​ឬ​ទទួលទោស​ជាប់ពន្ធនាគារ​តិច​ឆ្នាំ​។​

​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ​នៅ​មួយខែ​ក្រោយមក ពីបទ​ធ្វេសប្រហែស​ចំពោះ​ការខកខាន​បញ្ឈប់​អំពើពុករលួយ​នៅក្នុង​កម្មវិធី​សន្យា​ទិញស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​លោកស្រី​។ លោកស្រី​យី​ង​ឡាក់​បាន​រត់គេចខ្លួន​ពី​ប្រទេស​ថៃ​មុនពេល​តុលា​ការចេញ​សេចក្តីសម្រេច​របស់ខ្លួន​នៅ​ថ្ងៃទី ២៥ សីហា​ឆ្នាំ ២០១៧៕ ដោយ៖ កញ្ញាដាលីស

អតីតរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៊ុន​សុង តិ​រី​យ៉ា​ភី​រុម ត្រូវ​ជាប់គុក​សរុប ៤៨ ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម